Monday, November 11, 2013

អ្នក​ទោស​៦​នាក់​ហែក​គុក​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​រតនគិរី


មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី ចំនួន ៦​នាក់ បាន​រត់​ចេញ​ពី​ពន្ធនាគារ​ចំនួន​ពីរ​លើក ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

១០-វិច្ឆិកា-២០១៣៖ រូប​ថត​អ្នក​ទោស​ទាំង ៥​នាក់ ដែល​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​រតនគិរី។ Adhoc Photo

ដោយ រដ្ឋា វិសាល RFA 2013-11-10

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី ចំនួន ៥​នាក់ បាន​រត់​ចេញ​ពី​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឆាយ ទី មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​វេលា​ទៀប​ភ្លឺ​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា អ្នក​ទោស​ចំនួន ៥​នាក់ បាន​អារ​ចម្រឹង​បង្អួច ហើយ​រត់​ចេញ​ពី​ពន្ធនាគារ ក៏ប៉ុន្តែ​អ្នក​ទោស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​មក​វិញ ខណៈ​កំពុង​រត់​គេច​ខ្លួន​នេះ។ ហើយ​កាល​ពី​សប្ដាហ៍​មុន ក៏​មាន​អ្នក​ទោស​ក្នុង​បទ​គ្រឿង​ញៀន​ម្នាក់ បាន​រត់​គេច​ខ្លួន​បាន​ដូច​គ្នា។ លោក​កត់​សម្គាល់​ថា នេះ​ជា​រឿង​មិន​ប្រក្រតី​ផ្ទួន​គ្នា ដែល​ក្រសួង​មហាផ្ទៃ គួរ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។

លោក ឆាយ ទី៖ «ប្រធាន​ពន្ធនាគារ​គាត់​បាន​បញ្ជាក់ គាត់​ថា​រណា​ចាស់ ហើយ​អារ​ទៅ​លើ​ចម្រឹង​ដែក​ចំនួន​ពីរ​ដើម ហើយ​បាន​លោត​ចេញ​ម៉ោង​ប្រហែល​បី​ជាង​ទៀប​ភ្លឺ។ ស្ថាប័ន​ពន្ធនាគារ គឺ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​រឹត​បន្តឹង​អំពី​ការ​ឃុំឃាំង​អ្នក​ទោស​ហ្នឹង ព្រោះ​ការ​ស៊ើប​អង្កេត​បឋម យើង​ឃើញ​វា​មាន​បញ្ហា​មិន​ប្រក្រតី។ អ្នក​ទោស​បាន​រត់​រួច​ជា​បន្តបន្ទាប់ ហើយ​យើង​អត់​មាន​វិធាន​ការ​ទប់ស្កាត់»។

១០-វិច្ឆិកា-២០១៣៖ ចម្រឹង​បង្អួច​ដែល​អ្នក​ទោស​អារ។ Adhoc Photo

គិត​សរុប ក្នុង​ខែ​វិច្ឆិកា នេះ មាន​អ្នក​ទោស ៦​នាក់ ដែល​បាន​រត់​ចេញ​ពី​ពន្ធនាគារ រួម​មាន​ឈ្មោះ នៅ សុខណា ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស ឈ្មោះ ក្វើង ទន់ ជាប់​ចោទ​ក្នុង​អំពើ​ចោរ​កម្ម ឈ្មោះ ភុំ ខូ ជាប់​ចោទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ឈ្មោះ វន់ វិចិត្រ រួម​ភេទ​លើ​អនីតិជន ឈ្មោះ ផៃ វិត បៀតបៀន​ផ្លូវ​ភេទ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​វិញ និង​ឈ្មោះ គឺម បូរ៉ាន់ ជាប់​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន រត់​គេច​ខ្លួន​កាល​ពី​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ណាប់ ប៊ុនហេង មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ស្ដីពី​ករណី​នេះ​ទេ ដោយសារ​តែ​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទោស​ទាំង​នោះ៕

2 comments:

Anonymous said...

What are these people does!? I can't read Khmer!!!!!

Anonymous said...

They escape from dictator Hun Sen's prison.