Thursday, November 14, 2013

សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​រិះគន់​ចំពោះ​ការ​បង្កើត​ក្រសួង​៣​បន្ថែម


RFA photo
មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បាន​រិះគន់​ការ​បង្កើត​ឲ្យ​មាន​ក្រសួង​ចំនួន​៣​បន្ថែម​ទៀត នៅ​ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥។ ក្រសួង​ថ្មី​ចំនួន​៣ ដែល​​រដ្ឋសភា​ទើប​អនុម័ត​មាន ក្រសួង​មុខ​ងារ​សាធារណៈ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ឲ្យ​ដឹង​ថា ការ​បង្កើត​ក្រសួង​បន្ថែម​នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​ចាយ​​​​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍។

ដោយ ដែន អយុធ្យា RFA 2013-11-14

រដ្ឋសភា​នីតិកាល​ទី​៥ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​​អនុម័ត​ជា​​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​​​​ច្បាប់​បង្កើត​ក្រសួង​មុខ​ងារ​សាធារណៈ ក្រសួង​​​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល។

ការ​អនុម័ត​នេះ​មាន ៦៦​​សំឡេង សុទ្ធតែ​ជា​​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​​សមាជិក​សភា​​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​​មិន​ចូល​រួម​ប្រជុំ​​ទេ។

ការ​បង្កើត​ក្រសួង​បន្ថែម​ចំនួន​៣ របស់​រដ្ឋាភិបាល ទទួល​រង​ការ​រិះគន់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង និង​​​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា។

​​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​​ចាត់​ទុក​ការ​បង្កើត​ក្រសួង​៣​បន្ថែម​ទៀត នឹង​មិន​ចម្រើន​ដល់​សង្គម​ជាតិ​ទេ។ ផ្ទុយ​ទៅ​វិញ នាំ​ឲ្យ​ខាត​បង់​ដល់​ថវិកា​ជាតិ​កាន់​តែ​ច្រើន​ថែម​ទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ចំអក​ថា ការ​បង្កើត​ក្រសួង​៣​បន្ថែម គ្រាន់​ជា​ការ​​បែង​ចែក​អំណាច​បុណ្យ​សក្តិ​ជូន​មន្ត្រី​​បក្ស​កាន់​អំណាច និង​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ថែម​ទៀត។

​ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ក៏​បាន​រិះគន់​រដ្ឋាភិបាល​ដែល​បង្កើត​ក្រសួង​ថ្មី​ចំនួន​៣​បន្ថែម​ក្នុង​អាណត្តិ​ទី​៥ នេះ​ដែរ។

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ពេបជ្រាយ​ចំពោះ​ការ​បង្កើត​ក្រសួង​ថ្មី​បន្ថែម នាំ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ទៅ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ពោល​ចំអក​ថា មិន​ថា​បង្កើត​ក្រសួង​ថ្មី​ត្រឹម​៣​ទេ សូម្បី​បង្កើត​ឲ្យ​មាន​ក្រសួង ២០​ថែម​ទៀត ក៏​គ្មាន​ប្រយោជន៍​ដែរ ដរាប​ណា​ប្រមុខ​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹក​នាំ​តាម​ក្រសួង​នីមួយៗ​គ្មាន​ឆន្ទៈ​លុប​បំបាត់​ភាព​អសកម្ម​នៅ​ក្នុង​ស្ថាប័ន​ខ្លួន ឬ​នៅ​ក្នុង​សង្គម​នោះ។

ប្រធាន​​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ ក៏​គ្មាន​ជំនឿ​ថា ការ​បង្កើត​ក្រសួង​​បន្ថែម​អាច​ជួយ​ឲ្យ​សង្គម​ជាតិ​រីក​ចម្រើន​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា ការ​បង្កើត​ក្រសួង​ថ្មី​ចំនួន​៣​បន្ថែម នាំ​ឲ្យ​ខាត​​ថវិកា​​ជាតិ​ទៅ​វិញ​ទេ។ លោក​ថា ទោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៃ​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ ឬ​​ព្រមាន​មិន​ឲ្យ​មាន​ក្រសួង​គ្រួសារ​និយម​បែប​ណា​ក្តី ក៏ប៉ុន្តែ​លោក​មិន​មាន​ជំនឿ​ថា​មាន​ប្រសិទ្ធភាព​ទេ។

ទោះ​យ៉ាង​ណា លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព ហាក់​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​រដ្ឋាភិបាល​ចំពោះ​ការ​បង្កើត​ក្រសួង​ថ្មី​ចំនួន​៣​បន្ថែម​ពេល​នេះ។ ប៉ុន្តែ​លោក​ថា នឹង​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​អ្នក​ដឹក​នាំ​តាម​ក្រសួង​ទាំង​នោះ​ជា​មុន​សិន។

ដោយ​ឡែក លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​រារែក​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​បង្កើត​ក្រសួង​ថ្មី​៣​បន្ថែម​ក្នុង​អាណត្តិ​ទី​៥ នាំ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​នេះ​ទេ។ លោក​ថា បើ​ចង់​កែប្រែ​ភាព​មិន​ប្រក្រតី ឬ​ភាព​អសកម្ម​អ្វី​មួយ សំខាន់​ត្រូវ​ផ្អែក​ទៅ​លើ​ឆន្ទៈ​អ្នក​​ដឹក​នាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​នីមួយៗ ទើប​មាន​ការ​ផ្លាស់​ប្ដូរ​ពិត​ប្រាកដ។

យ៉ាង​ណា​ក៏ដោយ រដ្ឋសភា​បាន​អនុម័ត​បង្កើត​ឲ្យ​មាន​ក្រសួង​ថ្មី​ចំនួន​៣​បន្ថែម​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា រួម​មាន ក្រសួង​មុខងារ​សាធារណៈ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល។

​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​​ក្រសួង​ថ្មី​ចំនួន​៣​បន្ថែម គឺ​ស្រប​តាម​គោល​​នយោបាយ​របស់​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ នៃ​រដ្ឋសភា​នីតិកាល​ទី​៥។

​ហើយ​ថា ការ​បង្កើត​ក្រសួង​ថ្មី​នេះ​ដើម្បី​​​គ្រប់គ្រង​​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រព័ន្ធ​​មុខ​ងារ​សាធារណៈ និង​ការ​​ធ្វើ​​អាជីវកម្ម​ធនធាន​រ៉ែ និង​ឧស្ម័ន​ប្រេង​កាត។ ជាង​នេះ ក៏​ដើម្បី​គ្រប់គ្រង​​​វិស័យ​​ឧស្សាហកម្ម និង​ថាមពល​អគ្គិសនី​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ជា​វិស័យ​ទ្រទ្រង់​​កំណើន​សេដ្ឋកិច្ច​ជាតិ​រយៈពេល​វែង ជា​ពិសេស ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០២០ កម្ពុជា មាន​​អគ្គិសនី​ប្រើប្រាស់​តាម​ទី​ជនបទ​នៅ​ទូទាំង​ប្រទេស៕

No comments: