Wednesday, November 27, 2013

នាយក​គ្រប់គ្រង IMF មក​ទស្សនកិច្ច​ប្រទេស​នៅ​អាស៊ី​បី ដែល​សេដ្ចកិច្ច​ផ្សេង​គ្នា



ម៉ៃ គុណមករា ភ្នំពេញប៉ុស្តិ៍ 27 November 2013

លោកស្រី Christine Lagarde នាយក​គ្រប់​គ្រង​នៃ មូល​និធិរូបិយ​វត្ថុ​អន្តរជាតិ (IMF) នឹង​មក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២ និង​ទី៣ ខែធ្នូ, នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​នៅ​ថ្ងៃទី ៤​និង​៥, នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់​ម៉ា នៅ​ថ្ងៃទី ៦និង៧ ខែធ្នូ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​រដ្ឋ មន្ត្រី​ជាន់​ខ្ពស់ សមាជិក​សភា មេដឹកនាំ​ជា​ស្ត្រី សិស្ស​និស្សិត និង​តំណាង​ឲ្យ​ស្ថាន​ប័ន​អ្នក​បង្កើត​គោល​នយោបាយ វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត។

លោកស្រី Lagarde បាន​មាន​ប្រសាសន៍​ថា​«ខ្ញុំ​ទន្ទឹង​រង់​ចាំ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា កូរ៉េ និង​មីយ៉ាន់ម៉ា ក្នុង​នាម​ជា​នាយក​គ្រប់​គ្រង​នៃ IMF ។ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ ៣ ប្រទេស​ដែល​មាន​ការ​វិវត្តន៍​សេដ្ចកិច្ច​ផ្សេង​ៗ​គ្នា, ប្រទេស​កូរ៉េ ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ ទី​១៣, ប្រទេស​កម្ពុជា ប្រទេស​ដែល​មាន​កម្រិត​ព្រំដែន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ទៅ​មុខ និង​ប្រទេស​មីយ៉ានម៉ា ប្រទេស​ដែល​ទើប​ងើប​ចេញ​ពី​ទណ្ឌកម្ម ទៅ​ភាព​រីក​ចម្រើន​មិន​អាច​គណនា​បាន»។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា លោកស្រី Lagarde នឹង​ចូល​ជួប​ព្រះ​បាទ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឧបនាយក​រដ្ឋ​មន្ត្រី គាត ឈន់ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត។ លោកស្រី​ក៏​ថ្លែង​សុន្ទកថា​ជាមួយ​និស្សិត​ភូមិន្ទ​រដ្ឋបាល និង​ផ្លាស់​ប្តូរ​ទស្សនទាន​ជាមួយ​មេដឹក​នាំ​ធុរៈ​កិច្ច​ជា​ស្ត្រី អ្នក​បង្កើត​គោល​នយោបាយ សេដ្ឋកិច្ច​វិទូ និង​វិស័យ​ឯក​ជន​ផង​ដែរ។

No comments: