Sunday, December 01, 2013

ប៉ូលិស​ឃុំ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​ធ្វើ​ទារុណកម្ម​លើ​អ្នក​ភូមិ


៣០-វិច្ឆិកា-២០១៣៖ ជនរងគ្រោះ​ឈ្មោះ
ភឿន ថេន អាយុ ៣៤​ឆ្នាំ រស់​នៅ​ភូមិ​អូរឫស្សី
ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។ 
RFA/Soun Sophalmony
មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ទារុណកម្ម​ វាយ​ដំ​ទៅ​លើ​បុរស​ជា​អ្នក​ភូមិ​ម្នាក់​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់។ បន្ទាប់​ពី​ការ​វាយ​ដំ​ពួកគេ​បាន​​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ថែម​ទៀត។

ដោយ សួន សុផលមុន្នី RFA 2013-11-30

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ករណី​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ហើយ​បាន​ស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​ទៅ​ផ្លូវ​ច្បាប់។

ជន​រង​គ្រោះ​ដោយ​អំពើ​ទារុណកម្ម​ពី​សំណាក់​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង​ ឲ្យ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ពី​ករណី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ បាន​ចាប់​រូប​គាត់​យក​ទៅ​វាយ​ដំ និង​ជំរិត​ទារ​ប្រាក់​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់។ ជន​រង​គ្រោះ​មាន​ឈ្មោះ ភឿន ថេន ​អាយុ ៣៤​ឆ្នាំ​ បញ្ជាក់​កាល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា នគរបាល​ឈ្មោះ គឹម ស៊ីដេត បាន​ចាប់​រូប​គាត់​យក​ទៅ​ទីស្នាក់ការ ទាត់​ធាក់​និង​វាយ​បី​ទៅ​បួន​ដៃ។


បន្ទាប់​មក​មាន​នគរបាល​ឈ្មោះ ​ម៉ូត ចំរើន ម្នាក់​ទៀត​​ស្ទុះ​ទៅ​វាយ​បន្ថែម​ជា​ច្រើន​ដៃ​ទៀត​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ បណ្ដាល​ឲ្យ​មាន​របួស ហើម​មុខ​និង​ហើម​ដៃ​ឆ្វេង៖ «មុន​ដំបូង​ខ្ញុំ​នៅ​អង្គុយ​បង់​ត្រី ស្រាប់​តែ​មាន​ប៉ូលិស​ពីរ​នាក់​បាន​ទៅ​ហៅ​ខ្ញុំ ហើយ​ក៏​ចាប់​ដៃ​ខ្ញុំ​បង្ខំ​ឲ្យ​ឡើង​ម៉ូតូ​ជាមួយ ហើយ​ខ្ញុំ​សួរ​ថា តើ​ខ្ញុំ​ខុស​អី? គេ​ថា មិន​ចាំ​បាច់​មាន​ខុស​ទេ ឡើង​ម៉ូតូ​ទៅ ហើយ​ខ្ញុំ​ក៏​ឡើង​ម៉ូតូ​ទៅ ស្រាប់​តែ​ទៅ​ដល់​ប៉ុស្តិ៍​អង្គុយ​បាន​មួយ​សន្ទុះ​ ស្រាប់​តែ​ប៉ូលិស​ស្ទុះ​មក​ទាត់​ខ្ញុំ វាយ​ខ្ញុំ​យក​តែ​ម្ដង ហើយ​ប្រាប់​ថា នេះ​ជា​ប៉ុស្តិ៍​ប៉ូលិស​ណា។ គេ​អត់​មាន​ប្រាប់​ពី​មូលហេតុ​អី​ផង»។

លោក​បន្ត​ថា ក្រោយ​ពី​ការ​វាយ​ដំ​ប្រពន្ធ​របស់​គាត់​បាន​ទៅ​ដល់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ។ ក្រុម​នគរបាល​នៅ​ទី​នោះ​ បាន​ទារ​ប្រាក់​ពី​គាត់​ចំនួន ១៥​ម៉ឺន​រៀល។ ក្រោយ​មក ចុះ​មក​នៅ​ត្រឹម ៥​ម៉ឺន​រៀល ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​ឆ្លើយ​ថា អត់​មាន​ប្រាក់។ នគរបាល​បាន​បង្ខំ​ឲ្យ​ប្រពន្ធ​គាត់​ទៅ​រក​ខ្ចី​លុយ​គេ​ទៅ​បង់។ ដោយ​មើល​ថា​ ជន​រង​គ្រោះ​ពុំ​អាច​មាន​លទ្ធភាព​ក្នុង​ការ​រក​លុយ​បង់​ឲ្យ​ខ្លួន​បាន ពួកគេ​បែរ​ជា​​និយាយ​ល្អ​វិញ​ថា៖ «បើ​តាម​ទឹក​ចិត្ត​បង​ឯង​អោយ​ប៉ូលិស​ប៉ុន្មាន? ជន​រងគ្រោះ​ឆ្លើយ​ថា មាន​តែ ២​ម៉ឺន​ ហើយ​ប៉ូលិស​ក៏​ព្រម​ទទួល​យក​លុយ​នោះ​ទៅ»។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​លីកាដូ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ជន​រង​គ្រោះ​ឈ្មោះ ភឿត ថេន អាយុ ៣៤​ឆ្នាំ ​រស់​នៅ​ភូមិ​អូរឫស្សី ឃុំ​បឹងប្រាំ ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង សុំ​ប្ដឹង​នគរបាល​ ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ពុំ​មាន​មូលហេតុ។ ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ មាន​នគរបាល​ពីរ​នាក់ ម្នាក់​ឈ្មោះ គឹម ស៊ីដេត និង​នគរបាល​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ទៅ​ចាប់​រូប​គាត់​ដែល​កំពុង​បង់​សំណាញ់​​នៅ​ភូមិ​អូរឫស្សី យក​ទៅ​ទីស្នាក់ការ​របស់​ខ្លួន។

នៅ​ពេល​ទៅ​ដល់​បាន​ប្រហែល ១០​នាទី​ នគរបាល​ឈ្មោះ គឹម ស៊ីដេត ធាក់​និង​វាយ​បី​ទៅ​បួន​ដៃ។ បន្ទាប់​មក​នគរបាល​ឈ្មោះ ​ម៉ូត ចំរើន បាន​ស្ទុះ​ទៅ​វាយ​បន្ថែម​ជា​ច្រើន​ដៃ​ទៀត​ផ្ទប់​ទៅ​នឹង​ជញ្ជាំង។

ទាក់ទិន​បញ្ហា​នេះ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បវេល លោក ឆេង ​ឡាយ ថ្លែង​ថា ជន​រង​គ្រោះ​ឈ្មោះ ​ភឿន ថេន ជា​បណ្ដាញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ភូមិ។ ប៉ូលិស​បាន​វាយ​ដំ​ទៅ​លើ​ជន​រងគ្រោះ​នេះ​ លោក​យល់​ថា ជា​អំពើ​ខុស​ច្បាប់ ​ព្រោះ​ជនរងគ្រោះ​ពុំ​មាន​ទោស​កំហុស​ទេ៖ «វា​អត់​ត្រូវ​ទាល់​តែ​សោះ! បើ​ថា អ្នក​ឯង​លេង​បៀរ ក៏​ត្រូវ​អាជ្ញាធរ​ភូមិ​ឃុំ​ហៅ​ទៅ​ព្រមាន​កុំ​ឲ្យ​លេង​មួយ​ដង ជា​ពីរ​ដង​អី​អ៊ីចឹង​ទៅ បើ​ថា ​គាត់​មិន​រាងចាល ថ្ងៃ​ក្រោយ​ហៅ​មក​ប៉ុស្តិ៍​ប៉ូលិស​ដាក់​ទោសទណ្ឌ​ទៅ មិន​ត្រូវ​វ៉ៃ ព្រោះ​នេះ​ជា​ការ​បំបាក់​ស្មារតី​ក្នុង​នាម​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ»។

វិទ្យុ​អាស៊ីសេរី​ ពុំ​អាច​ទាក់ទង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងប្រាំ ដើម្បី​បញ្ជាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ បាន​ទេ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ​ហេង ​សាយហុង ដែល​ចុះ​ស៊ើប​អង្កេត​ដល់​ផ្ទះ​ជនរងគ្រោះ​បញ្ជាក់​ថា មន្ត្រី​នគរបាល​បាន​វាយដំ​ទៅ​លើ​ជន​រងគ្រោះ​ដោយ​​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់។ រឿង​នេះ​ លោក​ចាត់​ទុក​ថា ជា​អំពើ​ឃោរឃៅ​មួយ​ខុស​ច្បាប់។

លោក ហេង សាយហុង៖ «អត់​មាន​រឿង​អី​កំណត់​ហេតុ​អី​ច្បាស់​លាស់ ចោទ​គេ​ពី​រឿង​អី ហៅ​គេ​ទៅ​វាយ​រហូត​ដល់​ចាប់​គេ​ជំរិត​ទារ​ប្រាក់​វា​ជា​រឿង​ខុស​ច្បាប់​ធ្ងន់ធ្ងរ​ណាស់។ តាម​ផ្លូវ​ច្បាប់ ធ្ងន់ធ្ងរ​ណាស់!បើ​សិន​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ បញ្ហា​ហ្នឹង​វា​នឹង​ធ្ងន់ធ្ងរ គេ​នឹង​លើក​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​ការ​ជំរិត​ទារ​ប្រាក់​ ព្រោះ​យើង​ហៅ​គាត់​ទៅ​វាយ​ដំ​អត់​មាន​រឿង​អី​សោះ»។

អង្គការ​​លីកាដូ យល់​ថា ការ​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស ​ឃុំ​បឹងប្រាំ​ បាន​​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​ទូទៅ​ ដែល​ពួកគេ​ខំប្រឹង​ធ្វើ​ការ​កែ​ទម្រង់​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​​​ប្រើ​អំពើ​ហិង្សា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​លីកាដូ ​អះអាង​ថា នឹង​​អន្តរាគមន៍​ជួយ​​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ព្រោះ​រឿង​នេះ​ជា អំពើ​មួយ​ដែល​​បង្ហាញ​ឲ្យ​​ឃើញ​ថា​ នគរបាល​នៅ​តែ​ប្រើ​អំណាច​វាយ​ដំ​ទៅ​លើ​ជន​ស្លូត​ត្រង់ ហើយ​ទង្វើ​នេះ​ បាន​​​បង្ក​ផល​ប៉ះពាល់​ដល់​មុខ​មាត់​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​ច្រើន​នាក់​ផ្សេង​ទៀត៕

2 comments:

Anonymous said...

Filing the report is not necessary, you guys got to rise up together and then kill ah Policeman who was beating up one of you guy. Make sure you kill that dog and throw his body in the crocodile pond.

Anonymous said...

What's a barbarianism suggestion!...Two wrong won't make it right! For those whose lives by the swords will be killed by swords!...My suggestion is;Sue that thugs whose beaten you up in civil law suit and criminal law suit.
1) civil law suit is for pain and suffering that thugs ( police) caused you in sort sue for compensation for medical bills ,lost time from work etc.
2) Criminal law suit is;wrongful beaten up or using brutaliy by polices and abusing power by law enforcement officer,breaks the law acting as criminal's thugs instead of "defend,protect,serve"Punishable as criminal thugs with uniform.

Kdamjor