Sunday, December 01, 2013

អាដហុក​គ្រោង​ចុះ​អង្កេត​ករណី​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​ត្រូវ​ពស់​ចឹក


សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ​ បាន​ឱ្យ​ដឹង​ថា គេ​មាន​គម្រោង​ចុះ​អង្កេត​ទៅ​លើ​ករណី​​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​ត្រូវ​បាន​ពស់​ចឹក​កាល​ពី​ពេល​ថ្មីៗ។ គម្រោង​ស៊ើប​អង្កេត​នោះ ក្នុង​ពេល​ដែល​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​កំពុង​សង្ស័យ​ថា តើ​អាច​មាន​មនុស្ស​យក​ពស់​ទៅ​បោះ​ក្នុង​ផ្ទះ​សកម្មជន​​ដែល​រង​គ្រោះ ឬ​ក៏​យ៉ាង​ណា...?

ដោយ ហង្ស សាវយុត RFA 2013-11-30

ប្រភព​ពី​​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា សកម្មជន​ របស់​គេ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​​ឯ​មន្ទីរពេទ្យ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយសារ​តែ​ ពស់​ពិស ១​ក្បាល​ចឹក កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​វិច្ឆិកា ថា បុរស​ម្នាក់​ឈ្មោះ ពៅ នៅ​ភូមិ​កំពង់ចម្លង សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​ពស់​ពិស​ចឹក។ លោក សឹង សាន់ដេ បាន​មាន​ប្រសាសន៍​ទៀត​ថា បុរស​ឈ្មោះ ពៅ នោះ គឺ​ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ គាត់​ត្រូវ​ពស់​ពិស​ចឹក នៅ​ជិត​ផ្ទះ​របស់​គាត់​នៅ​ពេល​ដែល​គាត់​ដើរ រក​​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​យប់។


លោក សឹង សាន់ដេ៖ «គាត់​ធ្លាប់​តែ​ហូប​ចុក​ស្រា​នៅ​មុខ​ផ្ទះ​ហ្នឹង ដល់​ពេល​ថ្ងៃ​ហ្នឹង គាត់​ទៅ​ផឹក​ស្រា ស្រាប់តែ​ពស់​ដាក់​ផ្លាប់​តែម្ដង។ ស្មាន​តែ​មិន​ស្អីៗ ដល់​ពេល​ដេក​បាន​តែ​កន្លះ​ម៉ោង ស្រាប់​តែ​វា​ហើម ចុក​ខ្លាំង ហើយ​មន្ទីរពេទ្យ​ខេត្ត​នេះ គេ​អត់​ហ៊ាន​ទទួល​មើល ក៏​ដឹក​ទៅ​សៀមរាប ទាំង​យប់​ប្រហែល ម៉ោង ១២ ម៉ោង​១»។

​លោក សឹង សាន់ដេ កំពុង​មន្ទិល​សង្ស័យ​ខ្លះៗ​ថា សត្វ​ពស់​ដែល​ចឹក​សកម្មជន​នោះ គឺ​អាច​នឹង​​ត្រូវ​​ជន​ណា​ម្នាក់​យក​ទៅ​បោះ​ចោល​នៅ​ក្បែរ​ផ្ទះ​សកម្មជន​ក្នុង​រឿង​សំអប់​នយោបាយ ​ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​នៅ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់លាស់​ទេ គឺ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត។ ចំណែក​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ក៏​មាន​ការ​ចាប់​អារម្មណ៍​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​ក្រុម​សកម្មជន​នោះ​ដែរ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​នឹង​ចុះ​អង្កេត​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​បាន​ច្បាស់​ថា តើ​​សត្វ​ពស់​​នោះ​​​នៅ​ក្នុង​ផ្ទះ ឬ​ក៏​នៅ​តាម​ដង​ផ្លូវ? ប្រសិន​បើ​នៅ​ក្នុង​ផ្ទះ គឺ​វា​អាច​សង្ស័យ​ថា មាន​អ្នក​យក​ទៅ​បោះ​ដូច​អ្វី​ដែល​ក្រុម​សកម្មជន​បាន​និយាយ​នោះ​មែន៖ «យើង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​នឹង​បញ្ហា​ហ្នឹង​ដែរ សំខាន់​គឺ​រង់ចាំ​តាម​ដាន តើ​មនុស្ស​ហ្នឹង​រស់ ឬ​ក៏​ស្លាប់? ហើយ​ឱ្យ​ក្រុម​គ្រួសារ​របស់​គេ​ដាក់​សំណើ​តាម​នីតិវិធី​មក ងាយ​ស្រួល ខ្ញុំ​នឹង​ចុះ​ធ្វើការ​ជូន»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​កក្កដា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ រហូត​មក​ដល់​ពេល​នេះ ​ការ​សំអប់​ខាង​នយោបាយ និង​ការ​បំផ្លាញ​ចោល​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​នៅ​តាម​តំបន់​នៃ​ខេត្ត​នោះ នៅ​តែ​កើត​មាន​ជា​ហូរហែ និង​ច្រើន​កន្លែង​នៅ​ឡើយ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ធ្លាប់​បាន​ទទួល​ស្គាល់​ថា រយៈពេល​ប្រមាណ ៤​ខែ ក្រោយ​ពី​ការ​បោះ​ឆ្នោត​មក​នេះ គឺ​គេ​បាន​ទទួល​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ការ​រើសអើង​នយោបាយ​ ​ព្រម​ទាំង​ការ​ដុត​បំផ្លាញ​ផ្ទះ​សកម្មជន​ចំនួន ៦​ករណី។ បណ្ដឹង​នេះ​គឺ​មាន​​​ការ​កើន​ឡើង ៤​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៤​ខែ​ដូច​គ្នា​កាល​ពី​​មុន​​អំឡុង​ពេល​បោះ​ឆ្នោត​​​បាន​ចាប់​ផ្ដើម៕

No comments: