Wednesday, December 11, 2013

ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី​រង​ការ​ចោទ​ថា​លួច​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់


សកម្មជន​ការពារ​ព្រៃ​ឈើ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ក្រុង​ប៉ុក រតនគិរី (Krong Pok Rattanakiri Rubber) ពាក់ព័ន្ធ​ទៅ​នឹង​ការ​លួច​ដឹក​ជញ្ជូន​ឈើ​ចំនួន ៥​រថយន្ត ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន នៅ​ស្រុក​តាវែង ខណៈ​អាជ្ញាប័ណ្ណ​នាំ​ចេញ​របស់​ក្រុមហ៊ុន​នេះ​អស់​សុពលភាព។

ដោយ រដ្ឋា វិសាល RFA 2013-12-10

សកម្មជន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នេះ​បញ្ជាក់​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​ធ្នូ រថយន្ត​ដឹក​ជញ្ជូន​ធំ​ចំណុះ​មួយ​រថយន្ត​ពី ១៥ ទៅ ២០​ម៉ែត្រ បាន​ដឹក​ជញ្ជូន​ឈើ​អារ​ជ្រុង​ចេញ​ពី​ក្រុមហ៊ុន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ សកម្មជន​ដដែល​ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​ជញ្ជូន​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន​នោះ ជា​ឈើ​ដែល​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ឈ្មួញ​ប្រមូល​ទិញ​ឈើ​លួច​កាប់​ពី​ព្រៃ​អភិរក្ស​ក្រៅ​បរិវេណ​ក្រុមហ៊ុន​សម្បទាន។ ឈើ​មួយ​ផ្នែក​ធំ​ជា​ប្រភេទ​ឈើ​ប្រណីត ធ្នង់ ឬ​នាង​នួន។

ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន ក្រុង​ប៉ុក លោក ង្វៀង វ៉ាន់ហៀន បាន​បដិសេធ​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា ក្រុមហ៊ុន​លោក​មិន​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​ប្រមូល​ឈើ​ក្នុង​ដី​សម្បទាន​នោះ​ទេ។ លោក​បន្ត​ថា កន្លង​ទៅ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ ដួង​ស្រួច គឺ​ជា​អ្នក​ទទួល​ឈូស​ឆាយ​ព្រៃ​ប្រមូល​ឈើ​ក្នុង​ដី​ក្រុមហ៊ុន ប៉ុន្តែ​លោក​មិន​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន ឬ​គ្មាន​អាជ្ញាប័ណ្ណ​នោះ​ឡើយ៖ «ក្រុមហ៊ុន ក្រុង​ប៉ុក ហ្នឹង អត់​មាន​ពាក់ព័ន្ធ​រឿង​ឈើ​រឿង​ព្រៃ​ដែល​កាប់​ហ្នឹង​ទេ។ នៅ​ក្នុង​ក្រុមហ៊ុន ក្រុង​ប៉ុក មាន​ពីរ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈើ​មួយ ក្រុមហ៊ុន ក្រុង​ប៉ុក រតនគិរី នេះ​គឺ​ក្រុមហ៊ុន​ដាំ​កៅស៊ូ។ ឈើ គឺ​ក្រុមហ៊ុន​ផ្សេង ពី​មុន​មក គឺ​ក្រុមហ៊ុន ដួង​ស្រួច។ ដល់​ឥឡូវ​មិន​ដឹង​មាន​អាជ្ញាប័ណ្ណ ឬ​មិន​មាន​ក្រុមហ៊ុន ខ្ញុំ​អត់​ដឹង»។

មន្ត្រី​សង្កាត់​ព្រៃ​ឈើ​តាវែង លោក អិន សាមិន បាន​បិទ​ទូរស័ព្ទ នៅ​ពេល​អ្នក​យក​ព័ត៌មាន​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត លោក វង់ សុខសិរី មិន​លើក​ទូរស័ព្ទ​ហៅ​ចូល​របស់​វិទ្យុ​អាស៊ីសេរី ជាច្រើន​លើក៕

No comments: