Wednesday, December 11, 2013

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ករណី​សម្អាត​ប្រាក់​ជាង​៤០​លាន​ដុល្លារ


RFA/Vann Vichar
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ករណី​សម្អាត​ប្រាក់​ចំនួន​ជាង ៤០​លាន​ដុល្លារ ដែល​បង្ក​ឡើង​ដោយ​បុរស​ជន​បរទេស​ម្នាក់។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣។

ដោយ វណ្ណ វិចារ RFA 2013-12-09

បុរស​ជនជាតិ​អង់គ្លេស ម្នាក់ ឈ្មោះ ហ្វ្រីយ៉េត ហ្គ្រេចថូម៉ាស់ (Freyett Grece Tomas) និង​បក្ខពួក​ពីរ​នាក់​ទៀត ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង មាន​ឈ្មោះ អ៊ុំ សំអាង និង​ឈ្មោះ សឿម ដែននី ត្រូវ​បាន​តុលាការ​កម្ពុជា ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ តាម​បណ្ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ បុរស​ទាំង​បី​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន កាល​ពី​ដើម​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ ក្នុង​សំណុំ​រឿង​លាង​លុយ​កង្វក់ និង​បន្លំ​ឯកសារ​សាធារណៈ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ជា​ករណី​សម្អាត​ប្រាក់​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​ត្រូវ​ចំណាយ​ពេល​ស៊ើប​អង្កេត​ជាង ១​ឆ្នាំ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បន្ត​សាកសួរ​មនុស្ស​ជិត ១០​នាក់​ផ្សេង​ទៀត ដើម្បី​សិក្សា​បន្ត ហើយ​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ។

«សំឡេង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​អាមេរិក ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣។

ទោះ​យ៉ាង​ណា​ក្តី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ថា ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​ដាក់​លិខិត​សួរ​នាំ​ពី​ការ​ចាប់​ខ្លួន​ជនជាតិ​ខ្មែរ​អាមេរិកាំង ទាំង​ពីរ​នាក់ ប៉ុន្តែ​ភាគី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ឆ្លើយ​តប​ទេ ក្រោម​ហេតុផល​ថា បុរស​ទាំង​ពីរ​នាក់​នោះ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ។ ចំណែក​ឯ​ជន​សង្ស័យ​ជា​ជនជាតិ​អង់គ្លេស នោះ បាន​រក​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន​រួច​ហើយ ហើយ​មេធាវី​នោះ​ក៏​បាន​តតាំង​ខ្លាំងក្លា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ។

បុរស​ជនជាតិ​អង់គ្លេស ឈ្មោះ ហ្វ្រីយ៉េត ហ្គ្រេចថូម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ថា រូប​គាត់​បាន​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​សៀមរាប ចំនួន​ជាង ១​ពាន់​ហិកតារ កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ដាំ​ល្ហុងខ្វង ប៉ុន្តែ​ក្រសួង​កសិកម្ម មិន​អនុញ្ញាត​ទេ។ បុរស​រូប​នោះ​បាន​យក​ផែនទី​ដី​ដែល​ខ្លួន​ស្នើសុំ​នោះ ធ្វើ​ក្លែង​បន្លំ​ឯកសារ​ឲ្យ​ក្លាយ​ជា​ដី​ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ទៅ​វិញ។ ហើយ​យក​ប្លង់​ដីធ្លី​នេះ ទៅ​លក់​បន្ត​នៅ​ប្រទេស​អង់គ្លេស ចំនួន ៣​ដង បាន​ប្រាក់​ជាង ៣០​លាន​ផោន ឬ​ជាង ៤០​លាន​ដុល្លារ។ បុរស​រូប​នោះ​ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា បាន​បង្កើត​អង្គការ​ចំនួន​១៣ និង​បង្កើត​ក្រុមហ៊ុន​ចំនួន​១០ ដើម្បី​បោក​ប្រាក់​ពី​ប្រទេស​អង់គ្លេស និង​យក​មក​ចាយ​វាយ ព្រម​ទាំង​ផ្ញើ​ធនាគារ​នៅ​ប្រទេស​កម្ពុជា។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​សម្អាត​ប្រាក់​នេះ នៅ​រយៈពេល ៥​ខែ​ខាង​មុខ។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា បុរស​ជនជាតិ​អង់គ្លេស រូប​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​មែន​នោះ បុរស​រូប​នេះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​គុក​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ។

ក្រៅ​ពី​ការ​ប្រកាស​ពី​ករណី​សម្អាត​ប្រាក់​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន កូកាកូឡា (Coca Cola) ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​អំពើ​ពុក​រលួយ និង​បាន​ប្រកាស​ថា នឹង​ដាក់​បញ្ចូល​ខ្លឹមសារ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​កម្មវិធី​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​នៅ​ឆ្នាំ​២០១៤ ខាង​មុខ៕

1 comment:

Anonymous said...

អង្គភាព​បិទបាំងអំពើ​ពុក​រលួយ!!!!