Thursday, December 12, 2013

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​ផ្ដិត​មេដៃ​ទាមទារ​ឲ្យ​ដក​មេ​ភូមិ


ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ចោទ​មេ​ភូមិ​ស្វាយពងអង្ក្រង ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដក​តួនាទី។ ប៉ុន្តែ​ការ​ចោទ​ត្រូវ​មេ​ភូមិ​ស្វាយពងអង្ក្រង បដិសេធ​ជា​រឿង​មិន​ពិត។

ដោយ ដែន អយុធ្យា RFA 2013-12-11

ក្រុម​ប្រជាពលរដ្ឋ​ភូមិ​ស្វាយពងអង្ក្រង បាន​អះអាង​ថា ពួក​គាត់​មាន​ផល​វិបាក​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ ដោយសារ​តែ​មេ​ភូមិ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​យក​លុយ​ពី​ការ​ធ្វើ​លិខិត​ស្នាម ឬ​បញ្ជាក់​ឯកសារ​ទិញ​ដូរ​ដីធ្លី​ជា​ដើម​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់ និង​បក្ខពួក​និយម។

ផ្ដើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​ជិត ២០០​នាក់ បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ជួយ​មាន​វិធាន​ការ និង​ស៊ើប​អង្កេត​ពី​សកម្មភាព​របស់ លោក ផេង គីម មេ​ភូមិ​ស្វាយពងអង្ក្រង ដែល​បង្ក​បញ្ហា​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

មេ​ឃុំ​កោះអន្លង់ចិន លោក ជា គឹមហួន មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ដោយ​បង្វែរ​សំណួរ​សួរ​ទៅ លោក យ៉េត យឿន ស្មៀន​ឃុំ​កោះអន្លង់ចិន ឆ្លើយ​ជំនួស​វិញ។ លោក យ៉េង យឿន ឲ្យ​ដឹង​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ស្វាយពងអង្ក្រង បាន​ផ្ដិត​ស្នាម​មេដៃ​រាប់​រយ​នាក់ និង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ដក លោក ផេង គីម ចេញ​ពី​តួនាទី​មេ​ភូមិ​ពិត​មែន។ លោក​បន្ត​ថា ពលរដ្ឋ​បាន​ប្ដឹង​ចោទ លោក ផេង គីម ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មាន​បក្ខពួក​និយម។

យ៉ាង​នេះ​ក្តី ស្មៀន​ឃុំ​កោះអន្លង់ចិន បញ្ជាក់​ថា មេ​ភូមិ​ស្វាយពងអង្ក្រង កន្លង​មក មាន​សមត្ថភាព​បំពេញ​ការងារ​បាន​ល្អ ប៉ុន្តែ​លោក​មិន​ដឹង​ថា លោក​មេ​ភូមិ​បាន​ប្រព្រឹត្ត​ដូច​ពលរដ្ឋ​ចោទ ឬ​ក៏​បែប​ណា​នោះ​ទេ។

លោក ផេង គីម មេ​ភូមិ​ស្វាយពងអង្ក្រង ដែល​ត្រូវ​ពលរដ្ឋ​មូលដ្ឋាន​ចោទ​ប្រកាន់ បាន​ឆ្លើយ​ថា ដើម​ហេតុ​នាំ​ឲ្យ​មាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ដិត​មេដៃ​អាច​កើត​មាន​ពី​បញ្ហា​ទំនាស់​បុគ្គល។ លោក​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង ឬ​ក៏​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ពលរដ្ឋ​មួយ​ចំនួន​ចោទ​ទេ។

ទោះ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា កន្លង​មក​ធ្លាប់​បាន​ទទួល​ថវិកា​បន្តិចបន្តួច​ពី​ការ​បម្រើ​សេវា​ផ្សេងៗ​មួយ​ចំនួន​ពិត​មែន។

យ៉ាង​ណា​ក៏ដោយ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​រើស​មេ​ភូមិ គឺ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ។ ដូច្នេះ បើ​ចង់​ទម្លាក់​មេ​ភូមិ​ណា​មួយ ទាល់​តែ​មាន​ការ​បោះ​ឆ្នោត​ទម្លាក់​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដូច​គ្នា​ដែរ។

ទោះ​ជា​បែប​ណា ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០០​នាក់ រស់​នៅ​ភូមិ​ស្វាយពងអង្ក្រង ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​តែ​ទទូច​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ដោះ​ដូរ​តួនាទី​មេ​ភូមិ​ស្វាយពងអង្ក្រង ជា​បន្ទាន់ ហើយ​ដាក់​មេ​ភូមិ​ថ្មី​ជំនួស​វិញ៕

2 comments:

Anonymous said...

ល្អណាស់ ល្អណាស់!!! ខំធ្វើការឡើង

កាលណាបានដឹងថា​ មានជនពុករលួយ ហើយមានភត្តាំងត្រឹមត្រូវ ត្រូវប្តឹងដកជននោះ​ចេញ បើពុំនោះទេ ជននេះនឹងនាំអោយកើត​មានគ្នាជាអ្នកតទៅថ្ងៃមុខ ហើយប្រទេសយើងនឹង
ក្លាយទៅជា ពុករំលុំជាមិនខាន ។
ពុករលួយ នឹងក្លាយទៅជា ពុករំលុំ

Anonymous said...

If you know who did it used people power natural law,if they hit you you hurt you should fight back or go more men and women hit them force them out! KRANHUN EASAN