Monday, December 16, 2013

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ


លោក សឺន ជុំជួន ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល​
និង​ហិរញ្ញវត្ថុ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​
នៅ​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ក្នុង​ឱកាស​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣
នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ។
RFA/Yang Socheametta
លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣ របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ដោយ យាង សុជាមេត្តា RFA 2013-12-14

សន្និបាត​ប្រចាំ​ឆ្នាំ​នេះ​បាន​ផ្ដោត​លើ​ការ​កែទម្រង់​គោលនយោបាយ​មួយ​ចំនួន និង​លើក​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ខាង​មុខ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​រៀបចំ​អោយ​មាន​សន្និបាត​ឡើង បន្ទាប់​ពី​លេខាធិការដ្ឋាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១១។ សម្រាប់​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣​នេះ ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១៥០​អង្គ​និង​នាក់ ដែល​ជា​សមាជិក​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ១២ និង​សាខា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ចូល​រួម។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន បាន​អោយ​ដឹង​ថា គោលបំណង​នៃ​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​លើក​យក​បញ្ហា​ដែល​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម និង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ និង​ដើម្បី​បង្ហាញ​សមិទ្ធផល​ទាំង​ឡាយ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​មក។ សន្និបាត​ក៏​មាន​បំណង​បង្កើត​ផែនការ​រួម​សម្រាប់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់ ដើម្បី​អនុវត្ត​ក្នុង​ឆ្នាំ​ខាង​មុខ។ ក្រៅ​ពី​នេះ សន្និបាត​ក៏​បាន​លើក​ឡើង​ពី​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ដើម្បី​ស្វែង​រក​មូលនិធិ​ទ្រទ្រង់​ទាំង​នោះ។

លោក សឺន ជុំជួន៖ «សម្រាប់​ឆ្នាំ​ចាស់​កន្លង​មក គឺ​យើង​បាន​ទទួល​សប្បុរសជន​ក្រៅ​ប្រទេស នៅ​ក្នុង​ប្រទេស តាម​រយៈ​បុគ្គល ដូចជា​នៅ​អាមេរិក នៅ​កាណាដា នៅ​បារាំង នៅ​អូស្ត្រាលី នៅ​អ៊ីតាលី ជាដើម។ នៅ​ក្នុង​ឆ្នាំ​២០១៤ ខាង​មុខ​នេះ អ្វី​ដែល​យើង​បម្រុង​នឹង​ធ្វើ​គោលនយោបាយ​ហិរញ្ញវត្ថុ​នោះ គឺ​យើង​នឹង​បង្កើត​ដោយ​ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង យើង​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​យើង​ស្វែង​រក​ពី​ប្រភព​អន្តរជាតិ ចំណុច​ពិសេស​មួយ​ទៀត យើង​នឹង​មាន​បង្កើត​បណ្ដាញ​មួយ​ទៀត គឺ​បណ្ដាញ​មូលនិធិ​តាម​បណ្ដា​ខេត្ត​នានា​ដែល​យើង​មាន​សកម្មជន យើង​មាន​សាខា​នៅ​ទី​នោះ»។

លើស​ពី​នេះ សន្និបាត​ក៏​បាន​ពិភាក្សា​អំពី​ការ​កែទម្រង់​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​ធ្វើ​អោយ​ការ​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ​ខាង​មុខ​ប្រកប​ដោយ​ប្រសិទ្ធភាព មាន​ដូចជា ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ការងារ ការ​ពង្រឹង​សមត្ថភាព​សមាជិក​សកម្ម​ដែល​មាន​ស្រាប់ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ព្រះសង្ឃ និង​និស្សិត​ខ្មែរ​ក្រោម​ដែល​មាន​សមត្ថភាព​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​សកម្មភាព​ការងារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។

សម្រាប់​ឆ្នាំ​២០១៤ ខាង​មុខ ផែនការ​សកម្មភាព​ចម្បង​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​បន្ត​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ខ្មែរ​ក្រោម​កំពុង​ប្រឈម។ ចំណែក​នៅ​កម្ពុជា​វិញ លេខាធិការដ្ឋាន​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​ដោះស្រាយ​បញ្ហា​លំបាក​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ និង​បន្ត​ធ្វើ​ការ​ឲ្យ​ជិតស្និទ្ធ ព្រម​ទាំង​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

2 comments:

Anonymous said...

Sam Rainsy use gender comparison to attacked political opponent is wrong, it show how narrow mind Sam Rainsy is and he need to check his own moral compass

Anonymous said...

History shown that Khmer only kill Khmer for power, I didn't see Khmer really fight a full scale war with other nation. If Khmer are so dump to be use by other nation, who fault is that? Some of those paranoia people scar about "Youn" take over Khmer it will be come true one day, because these people are the real "Youn" that keep making trouble and degrade Khmer unity that play into the enemy hand.