Wednesday, December 18, 2013

ក្រុម​​ពល​​រដ្ឋ​និង​​ព្រះ​​សង្ឃ​ប្រារព្ធ​​ពិធី​​ក្រុង​​ពាលី​​អន្ទង​​ព្រលឹង​​បុព្វ​​បុរស​​ស្នេហា​​ជាតិ​និង​​ហែ​​ក្បួន​


@RFI/Menghour
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 17 ធ្នូ 2013
ដោយ លី ម៉េងហួរ rfi

ប្រជា​ពល​រដ្ឋ មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី ក្រុម​សកម្ម​ជន​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន បាន​ជួប​ជុំ ប្រារព្ធ​ពិធី​ក្រុង​ពាលី​អន្ទង​ព្រលឹង​បុព្វ​បុរស​ស្នេហា​ជាតិ តាម​ទំនៀម​ទម្លាប់​ប្រពៃណី នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ ដែល​ជា​កន្លែង​គណបក្ស​សង្គ្រោះ​ជាតិ បោះ​តង់​ធ្វើ​បាតុ​កម្ម។

បន្ទាប់​ពី​ពិធី​ជួប​ជុំ​សូត្រ​ធម៌ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​ពល​រដ្ឋ និង​ព្រះ​សង្ឃ បាន​ដើរ​ហែ​ក្បួន ចេញ​ពី​ទីលាន​ប្រជា​ធិប​តេយ្យ ឆ្ពោះ​ទៅ​កាន់​សាល​សន្និសីទ​ចតុមុខ ដែល​ថ្នាក់​ដឹក​នាំ​ព្រះ​សង្ឃ កំពុង​ជួប​ប្រជុំ​នៅ​ទី​នោះ។ ក្រៅ​ពី​បែរ​បន់​សុំ​សេចក្តី​សុខ ក្រុម​អ្នក​រៀប​ចំ​ពិធី ក៏​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល និង​ថ្នាក់​នាំ​ព្រះ​សង្ឃ ស្វែង​រក​ព្រះ​បរម​សារី​រិក​ធាតុ ដែល​ចោរ​លួច ពី​ភ្នំ​ឧដុង្គ​ ។

ក្រៅ​ពី​ជួប​ជុំ បែរ​បន់ និង​សូត្រ​ធម៌ តាម​ប្រពៃណី​ហើយ ប្រជា​ពល​រដ្ឋ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស ក៏​បាន​រៀប​ចំ​រូប​ទីង​មោង​មួយ ស្លៀក​ពាក់​ខោ​អាវ​ធំ ចង​ក្រវ៉ាត់​ក។ នៅ​មុខ​រូប​ទីង​មោង ដែល​គេ​ចង​ភ្ជាប់​នឹង​​សសរ​​រោង​ប្រារព្ធ​ពិធី នៅ​ទីលាន​ប្រជា​ធិប​តេយ្យ មាន​ចាន​ដែក​ពីរ ដែល​គេ​ដុត​ធ្យូង និង​បាច​អំបិល​ផង​ដែរ។

ព្រះ​សង្ឃ និង​តំណាង​អ្នក​រៀប​ចំ​ពិធី​ជួប​ជុំ បាន​ឲ្យ​ដឹង​ថា ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដែល​ជា​ជំរុំ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​មិញ ក្រៅ​ពី​បួង​សួង​សុំ​សុខ​សន្តិភាព ក្រុម​ពលរដ្ឋ និង​ព្រះសង្ឃ ក៏​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ព្រះ​សង្ឃ ស្វែង​រក​សារីរិក​ធាតុ ដែល​ត្រូវ​ចោរ​លួច ពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ភ្នំ​ឧដុង្គ កាល​ពី​យប់​ថ្ងៃ​ទី៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣ មកវិញ​។

ក្រោយ​ពី​ជួប​ជុំ ក្រុម​ពល​រដ្ឋ និង​ព្រះសង្ឃ បាន​ដើរ​ហែ​ក្បួន ដោយ​មាន​កាន់​ទង់​ជាតិ និង​ទង់​សាសនា ដើរ​ចេញ​ពី​ទីលាន​ប្រជា​ធិប​តេយ្យ តាម​ផ្លូវ​មាត់​ទន្លេ ទាំង​មេឃ​ភ្លៀង​រលឹម​សស្រិច សំដៅ​ទៅ​កាន់​សាល​សន្និ​សីទ​ចតុមុខ មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​តវ៉ា​នៅ​ទីនោះ។ នៅ​សាល​សន្និសីទ​ចតុមុខ មាន​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​ព្រះ​សង្ឃ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ក្រុម​ពល​រដ្ឋ និង​ព្រះ​សង្ឃ បាន​លើក​បដា​តវ៉ា ទាំង​ភ្លៀង​ផង នៅ​មុខ​សាល​សន្និ​សីទ​ចតុមុខ រហូត​ដល់​លោក មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាស​នា ចេញ​មក​បំភ្លឺ ដោយ​ថា ករណី​បាត់​ព្រះ​បរម​សារីរិក​ធាតុ នៅ​ភ្នំ​ឧដុង្គ គឺ​អាជ្ញាធរ​សមត្ថកិច្ច​កំពុង​តែ​ចាត់​ការ ក្នុង​នោះ មាន​ជន​ជាប់​ចោទ ៥ នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន។ ប៉ុន្តែ​អ្នក​តវ៉ា មិន​ទាន់​ស្ងប់​ចិត្ត នៅ​ឡើយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។​

ជា​ការ​កត់​សម្គាល់ ទាំង​តំណាង​ព្រះសង្ឃ និង​ទាំង​តំណាង​ប្រជា​ពល​រដ្ឋ បាន​អះ​អាង​ថា ពិធី​ជួប​ជុំ​តាម​ប្រពៃណី និង​ទាំង​ការ​ដើរ​ហែ​ក្បួន​បាតុកម្ម នៅ​ព្រឹក​នេះ មិន​ទាក់​ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ធ្វើ​បាតុ​កម្ម​រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​អាទិត្យ​នោះ​ទេ​៕

1 comment:

Anonymous said...

Please, please I'm begging you, please sacrifice your self right now, so that khmer can move on and make a living.