Saturday, December 07, 2013

ពលរដ្ឋ​ខ្មែរ​៥​នាក់​ត្រូវ​ក្រុម​អាវ​លឿង​ថៃ​ចាប់​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ថៃ


ព័ត៌មាន​ដែល​ថា​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ក្រុម​អាវ​ក្រហម​ថៃ ជួល​អោយ​ទៅ​បង្ក​ចលាចល​ក្នុង​ក្បួន​បាតុកម្ម​របស់​ក្រុម​អាវ​លឿង​ថៃ នោះ មិន​ទាន់​ដឹង​ថា ជា​រឿង​ពិត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ តែ​ប្រជាពលរដ្ឋ​ខ្មែរ ៥​រូប ពិត​ជា​ត្រូវ​បាន​ក្រុម​សន្តិសុខ​ថែ​រក្សា​សណ្ដាប់​ធ្នាប់​បាតុកម្ម​របស់​ពួក​អាវ​លឿង ចាប់​បញ្ជូន​អោយ​សមត្ថកិច្ច​ថៃ ប្រាកដ​មែន។

ដោយ យាង សុជាមេត្តា RFA 2013-12-06   

មេ​ដឹក​នាំ​បាតុករ​អាវ​លឿង​ថៃ ដែល​មើល​ការ​ខុស​ត្រូវ​ការ​ប្រមូល​ផ្តុំ​នៅ​វិមាន​ប្រជាធិបតេយ្យ លោក សាធីត វង់ណុងទើយ (Sathit Wongnongtoey) បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា ពិត​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​អាវ​ក្រហម​ថៃ បាន​ជួល​ពលរដ្ឋ​ខ្មែរ​អោយ​ទៅ​បង្ក​ចលាចល​នៅ​ទី​កន្លែង​បាតុកម្ម​ពិត​មែន តែ​លោក​មិន​ដឹង​ថា វា​ជា​ការ​ពិត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ព្រោះ​ក្រុម​ការងារ​របស់​លោក​មិន​បាន​តាម​ដាន ឬ​ពិនិត្យ​មើល​បញ្ហា​នេះ​អោយ​ល្អិតល្អន់​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក វង់ណុងទើយ អះអាង​ថា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ក្រុម​ថែ​រក្សា​សណ្ដាប់​ធ្នាប់​បាតុកម្ម​របស់​លោក បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ចេះ​និយាយ​ភាសា​ថៃ បាន​តិចតួច​នោះ បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច។ លោក​បន្ត​ថា នៅ​ពេល​ឃាត់​ខ្លួន ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​សារភាព​ថា ពួក​គេ​ត្រូវ​បាន​មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​ប៉ាថុមថានី (Pathumthani) ជួល​អោយ​ចូល​រួម​ក្នុង​បាតុកម្ម​នោះ។
មេ​ដឹក​នាំ​ក្រុម​បាតុករ​អាវ​លឿង​ថៃ លោក ស៊ូថេប ថងស៊ូបាន (Suthep Thaugsuban) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្រុម​បាតុករ​របស់​លោក​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ដែល​ត្រូវ​បាន​គេ​ជួល​អោយ​ទៅ​បង្ក​ភាព​ច្របូកច្របល់ នៅ​ពេល​ដែល​ក្រុម​អាវ​លឿង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពិធី​ចម្រើន​ព្រះជន្ម ៨៦​ឆ្នាំ របស់​ស្ដេច ភូមិបុល អាដុលយ៉ាដេ (Bhumibol Adulyadej)។ យ៉ាង​ណា លោក សាធីត វង់ណុងទើយ បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ភាព​ចលាចល ឬ​ស្ថានភាព​មិន​ប្រក្រតី​អ្វី​កើត​ឡើង​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម អំពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង ៥​នាក់​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ធ្នូ។

ចំណែក​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​អំពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ។ លោក​ថា បើ​មាន​ការ​ចាប់​ខ្លួន​ពិត​មែន គេ​គួរ​ពិនិត្យ​មើល ថា​តើ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ចូល​ប្រទេស​ថៃ ក្នុង​គោល​បំណង​អ្វី ហើយ​ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​ពិត​ប្រាកដ ឬ​យ៉ាង​ណា ឬ​ក៏​ពួក​គេ​គ្រាន់​តែ​ត្រូវ​បាន​ចោទ​ប្រកាន់ ដោយសារ​តែ​មាន​វត្តមាន​ក្នុង​ហ្វូង​បាតុកម្ម​នោះ​ដែរ។

លោក ផៃ ស៊ីផាន៖ «ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គេ​ចាប់​ហ្នឹង យើង​ចាំ​មើល តើ​គេ​ត្រូវ​ដំណើរ​ការងារ​នីតិវិធី​គេ​របៀប​ម៉េច? ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ដើម្បី​សម្រប​សម្រួល ការពារ​នូវ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យើង​ដែល​នៅ​ឯ​ក្រៅ ហើយ​ខ្ញុំ​ជឿ​ថា ក្រសួង​ការ​បរទេស នឹង​រិះ​រក​មធ្យោបាយ​ការពារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទទួល​ការ​ចោទ​ប្រកាន់​នេះ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន កត់​សម្គាល់​ថា បញ្ហា​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក។ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ភាគី​កម្ពុជា និង​ថៃ ក្នុង​ការងារ​ប្រាសាទ​ព្រះវិហារ នោះ​ឡើយ៕

1 comment:

Anonymous said...

The cpp govmt doesn't care about poor Khmer. No education no principle because they are so so poor only money can lead them to do everything without thinking. A yourn hun sen so proud to execute a yourn's plan. Peaceful talk with those leading animal will not happen at all.