Saturday, December 07, 2013
ពលរដ្ឋខ្មែរ៥នាក់ត្រូវក្រុមអាវលឿងថៃចាប់បញ្ជូនឲ្យសមត្ថកិច្ចថៃ
ព័ត៌មានដែលថាពលរដ្ឋខ្មែរត្រូវបានក្រុមអាវក្រហមថៃ ជួលអោយទៅបង្កចលាចលក្នុងក្បួនបាតុកម្មរបស់ក្រុមអាវលឿងថៃ នោះ មិនទាន់ដឹងថា ជារឿងពិត ឬក៏យ៉ាងណានោះទេ។ តែប្រជាពលរដ្ឋខ្មែរ ៥រូប ពិតជាត្រូវបានក្រុមសន្តិសុខថែរក្សាសណ្ដាប់ធ្នាប់បាតុកម្មរបស់ពួកអាវលឿង ចាប់បញ្ជូនអោយសមត្ថកិច្ចថៃ ប្រាកដមែន។
ដោយ យាង សុជាមេត្តា RFA 2013-12-06
មេដឹកនាំបាតុករអាវលឿងថៃ ដែលមើលការខុសត្រូវការប្រមូលផ្តុំនៅវិមានប្រជាធិបតេយ្យ លោក សាធីត វង់ណុងទើយ (Sathit Wongnongtoey) បានអោយដឹងនៅថ្ងៃទី៦ ខែធ្នូ ថា ពិតជាមានពាក្យចចាមអារ៉ាមថា ពួកអាវក្រហមថៃ បានជួលពលរដ្ឋខ្មែរអោយទៅបង្កចលាចលនៅទីកន្លែងបាតុកម្មពិតមែន តែលោកមិនដឹងថា វាជាការពិត ឬក៏យ៉ាងណានោះទេ ព្រោះក្រុមការងាររបស់លោកមិនបានតាមដាន ឬពិនិត្យមើលបញ្ហានេះអោយល្អិតល្អន់ឡើយ។
យ៉ាងណាក៏ដោយ លោក វង់ណុងទើយ អះអាងថា រហូតដល់ថ្ងៃទី៥ ខែធ្នូ ក្រុមថែរក្សាសណ្ដាប់ធ្នាប់បាតុកម្មរបស់លោក បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៥នាក់ ដែលចេះនិយាយភាសាថៃ បានតិចតួចនោះ បញ្ជូនទៅអោយសមត្ថកិច្ច។ លោកបន្តថា នៅពេលឃាត់ខ្លួន ពលរដ្ឋខ្មែរទាំងនោះបានសារភាពថា ពួកគេត្រូវបានមេភូមិម្នាក់នៅខេត្តប៉ាថុមថានី (Pathumthani) ជួលអោយចូលរួមក្នុងបាតុកម្មនោះ។
មេដឹកនាំក្រុមបាតុករអាវលឿងថៃ លោក ស៊ូថេប ថងស៊ូបាន (Suthep Thaugsuban) បានសរសេរលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ក្រុមបាតុកររបស់លោកបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៥នាក់ ដែលត្រូវបានគេជួលអោយទៅបង្កភាពច្របូកច្របល់ នៅពេលដែលក្រុមអាវលឿងប្រមូលផ្តុំគ្នាធ្វើពិធីចម្រើនព្រះជន្ម ៨៦ឆ្នាំ របស់ស្ដេច ភូមិបុល អាដុលយ៉ាដេ (Bhumibol Adulyadej)។ យ៉ាងណា លោក សាធីត វង់ណុងទើយ បានបញ្ជាក់ថា មកទល់ពេលនេះ ពុំទាន់មានភាពចលាចល ឬស្ថានភាពមិនប្រក្រតីអ្វីកើតឡើងឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីសុំការបំភ្លឺបន្ថែម អំពីការចាប់ខ្លួនពលរដ្ឋខ្មែរទាំង ៥នាក់នោះបានទេ នៅថ្ងៃទី៦ ធ្នូ។
ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់អំពីការចាប់ខ្លួនពលរដ្ឋខ្មែរនៅឡើយ។ លោកថា បើមានការចាប់ខ្លួនពិតមែន គេគួរពិនិត្យមើល ថាតើពលរដ្ឋខ្មែរទាំងនោះបានចូលប្រទេសថៃ ក្នុងគោលបំណងអ្វី ហើយពួកគេពិតជាបានប្រព្រឹត្តកំហុសពិតប្រាកដ ឬយ៉ាងណា ឬក៏ពួកគេគ្រាន់តែត្រូវបានចោទប្រកាន់ ដោយសារតែមានវត្តមានក្នុងហ្វូងបាតុកម្មនោះដែរ។
លោក ផៃ ស៊ីផាន៖ «ប្រជាពលរដ្ឋខ្មែរដែលគេចាប់ហ្នឹង យើងចាំមើល តើគេត្រូវដំណើរការងារនីតិវិធីគេរបៀបម៉េច? ទោះជាយ៉ាងណា រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចដើម្បីសម្របសម្រួល ការពារនូវផលប្រយោជន៍ប្រជាពលរដ្ឋយើងដែលនៅឯក្រៅ ហើយខ្ញុំជឿថា ក្រសួងការបរទេស នឹងរិះរកមធ្យោបាយការពារដល់ប្រជាពលរដ្ឋខ្មែរ ដែលទទួលការចោទប្រកាន់នេះ»។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន កត់សម្គាល់ថា បញ្ហាចាប់ខ្លួនពលរដ្ឋខ្មែរនេះ គឺជារឿងមួយដាច់ដោយឡែក។ វានឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងភាគីកម្ពុជា និងថៃ ក្នុងការងារប្រាសាទព្រះវិហារ នោះឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
The cpp govmt doesn't care about poor Khmer. No education no principle because they are so so poor only money can lead them to do everything without thinking. A yourn hun sen so proud to execute a yourn's plan. Peaceful talk with those leading animal will not happen at all.
Post a Comment