សិក្ខាសាលាជាតិអំពីសិទ្ធិទទួលព័ត៌មាន នាសណ្ឋាគារអ៊ីនធើ ខនធីណិនថល (InterContinental Hotel) រាជធានីភ្នំពេញ កាលពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។ RFA/Keo Nimol |
ដោយ កែវ និមល 2013-12-06
តើមានការលំបាកអ្វីខ្លះ បានជាច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននោះ មិនអាចចេញរូបរាងបានមកទល់បច្ចុប្បន្ននេះ?
មន្ត្រី និងអ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានឲ្យដឹងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមិនអាចកើតចេញរូបរាងជាសេចក្តីព្រាង ដើម្បីរដ្ឋសភាអនុម័តបានមកទល់បច្ចុប្បន្ន ដោយសារមានការលំបាកច្រើន ដូចជា មន្ត្រីគ្មានការយល់ដឹងច្បាស់លាស់អំពីសារសំខាន់នៃច្បាប់នោះ ទំនៀមទម្លាប់លាក់រឿងសម្ងាត់បានស្ថិតនៅក្នុងការអនុវត្តរបស់មន្ត្រី និងប្រជាពលរដ្ឋទូទៅ និងតើព័ត៌មានកម្រិតណាដែលអាចផ្តល់ទៅជូនសាធារណជនតាមការសុំបាន?
លោក សេក បរិសុទ្ធ ជាទីប្រឹក្សារបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) មានប្រសាសន៍នៅថ្ងៃទី៥ ធ្នូ ថា ការមិនយល់ដឹងរបស់មន្ត្រីអំពីសារសំខាន់នៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន និងការយល់មិនច្បាស់អំពីប្រភេទព័ត៌មាន ដែលអាចបញ្ចេញជាសាធារណៈបាន គឺជាកត្តាកំណត់មួយក្នុងចំណោមឧបសគ្គរារាំងមិនឲ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន អាចចេញរូបរាងបាន។
លោក សេក បរិសុទ្ធ៖ «យើងចាប់ផ្ដើមធ្វើតាំងពីយើងមិនទាន់ស្គាល់អាហ្នឹងបានច្បាស់ផងហ្នឹង។ នេះវាជាការលំបាកជាឧបសគ្គមួយហើយ។ ដោយសារមិនទាន់យល់ ជាក់ស្ដែងពេលយើងជួបមន្ត្រីណាមួយ ពេលយើងជជែកជាមួយគាត់រឿងច្បាប់ទទួលព័ត៌មាន គាត់និយាយរឿងច្បាប់សារព័ត៌មានឯណាទៅវិញ។ អានេះបង្ហាញថា យើងមិនយល់។ កាលណាយើងមិនយល់ យើងមិនស្គាល់ បានន័យថា យើងមិនស្គាល់វាផងហ្នឹង អ៊ីចឹងយើងក៏មិនដឹងអំពីសារសំខាន់របស់វាដែរ»។
ចំណែក លោក ណែប ស៊ីនថៃ ប្រធានវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ មានយោបល់ថា កន្លងមក ដោយសាររដ្ឋាភិបាលមិនបានចាត់ទុកថាវាជាការងារអាទិភាព បានជាច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះមិនទាន់ចេញរូបរាងឡើង។ លោកមានជំនឿថា នៅក្នុងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអាណត្តិថ្មីទី៥ នេះ ឲ្យក្រសួងព័ត៌មាន ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំតាក់តែងឲ្យបានសម្រេចនូវសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ គឺជាកម្លាំងជំរុញថ្មីមួយ ដែលធ្វើឲ្យច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះអាចចេញរួច៖ «ជួនកាលនិយាយអំពីច្បាប់សិទ្ធិទទួលព័ត៌មាន គាត់និយាយអំពីច្បាប់សារព័ត៌មាន។ ដូច្នេះ កាលណាយើងនិយាយអំពីសិទ្ធិទទួលព័ត៌មាន គឺយើងចង់និយាយសំដៅទៅសិទ្ធិបុគ្គលម្នាក់ៗត្រូវដឹង»។
Photo: RFA |
លោក យង់ គីមអេង៖ «អ៊ីចឹង ដោយសារមន្ត្រីរដ្ឋាភិបាលមិនដឹងថា តើលាក់ការនោះវាប៉ុណ្ណា? ប៉ុណ្ណា ជាការសម្ងាត់រដ្ឋបាលនោះ? អានេះជាឧបសគ្គមួយធំ។ ដែលធ្វើឲ្យមន្ត្រីមួយចំនួនយល់ថា ការចេញច្បាប់នេះទៅវាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ ដល់កិត្តិយសរបស់ខ្លួន។ ហើយកន្លងមក ការចាត់ចែងឲ្យអ្នកទទួលខុសត្រូវនោះ វាមិនច្បាស់លាស់»។
ក្រោយពេលរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃទី៨ វិច្ឆិកា ឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំការប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះមក វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានរៀបចំសិក្ខាសាលាជាតិមួយនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៤ និងទី៥ ធ្នូ ដោយមានមនុស្សមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល សង្គមស៊ីវិល ប្រព័ន្ធឃោសនា អង្គការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ប្រមាណ ១៥០នាក់ ចូលរួមដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ទាក់ទងខ្លឹមសារនៃពាក្យថា សិទ្ធិទទួលបានព័ត៌មាន។
ក្រោយពេលដំណើរការពិភាក្សាវែកញែកអស់រយៈពេលជិត ២ថ្ងៃ អង្គសិក្ខាសាលាបានចេញសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារជាអាទិ៍ ជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះឲ្យបានឆាប់រហ័ស។ អ្នកចូលរួមសិក្ខាសាលា បានអំពាវនាវឲ្យស្ថាប័នទទួលខុសត្រូវតាក់តែងខ្លឹមសារច្បាប់ រៀបចំការពិភាក្សាសេចក្តីព្រាងច្បាប់នេះឲ្យបានទូលំទូលាយ មុនពេលបញ្ជូនទៅឲ្យសភាអនុម័ត។ ការបង្កើតគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីព្រាងច្បាប់ គឺជាការចាំបាច់។ សេចក្តីព្រាងច្បាប់នោះ គួរដាក់បញ្ចូលអំពីការបើកចំហព័ត៌មានមានស្រាប់ ការផ្តល់ព័ត៌មានតាមការស្នើសុំមិនត្រូវបង់ប្រាក់ ត្រូវមានការផ្ដន្ទាទោសចំពោះអ្នកផ្តល់ព័ត៌មានមិនពិត និងត្រូវមានចែងអំពីការការពារដល់អ្នកស្នើសុំព័ត៌មាន និងចែងឲ្យបានច្បាស់អំពីប្រភេទព័ត៌មានសម្ងាត់ និងព័ត៌មានសាធារណៈ។
លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឲ្យដឹងថា គោលការណ៍រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន កើតមានតាំងពីឆ្នាំ២០០២ មក រហូតដល់ឆ្នាំ២០០៤ កិច្ចប្រជុំប្រទេសផ្តល់ជំនួយឲ្យកម្ពុជា បានកំណត់ឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតច្បាប់នោះឲ្យបាននៅចុងឆ្នាំ២០០៦។ ប៉ុន្តែ ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននោះ មិនបានកើតចេញរូបរាងទេ។ មកដល់ឆ្នាំ២០០៧ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអ្នករៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយទាក់ទងសិទ្ធិទទួលព័ត៌មាននោះ។
ក្រៅពីមានស្ថាប័នរដ្ឋទទួលខុសត្រូវក្នុងការរៀបចំតាក់តែងខ្លឹមសារច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាននោះ ក៏មានក្រុមអ្នកតំណាងរាស្ត្រ និងបុគ្គលតំណាងរាស្ត្រ បានខិតខំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននោះដែរ។ ប៉ុន្តែ គណៈកម្មការជំនាញរបស់រដ្ឋសភា បានពិនិត្យ និងរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននោះ ឲ្យម្ចាស់ដើមធ្វើការពិនិត្យ កែសម្រួលឡើងវិញ ពីព្រោះមានចំណុចមួយចំនួនមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជា។
បុគ្គលអ្នកតំណាងរាស្ត្រដែលបានប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាននោះ គឺមាន លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។ លោកបានដាក់សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននោះទៅរដ្ឋសភាចំនួន ២លើក គឺនៅឆ្នាំ២០១០ ម្តង និង ២០១២ ម្តងទៀត។ ប៉ុន្តែ គណៈកម្មការជំនាញរបស់រដ្ឋសភា មិនបានទទួលយកសេចក្តីព្រាងច្បាប់របស់ លោក សុន ឆ័យ តាក់តែងនោះទៅដាក់ជូនរដ្ឋសភាពេញអង្គពិនិត្យ និងអនុម័តទេ។
លោក ឈាង វុន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យអង្គសិក្ខាសាលាដឹងថា គណៈកម្មការជំនាញរបស់រដ្ឋសភា បានបដិសេធមិនដាក់សេចក្តីព្រាងច្បាប់តាក់តែងដោយ លោក សុន ឆ័យ ទៅឲ្យអង្គសភាពិនិត្យ និងអនុម័តនោះ ដោយសារមានចំណុចមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នោះ មិនច្បាស់លាស់ ដូចជា តួនាទីរបស់ស្នងការព័ត៌មានឯករាជ្យជាដើម។
ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន មានវិសាលភាពទូលំទូលាយ និងទាក់ទងជាមួយវិស័យជាច្រើន។ ព័ត៌មានរបស់រដ្ឋាភិបាល ស្ថាប័នជាតិ ក្រុមហ៊ុនជំនួញ សុទ្ធតែមានការកំណត់ជាក់លាក់ និងអាចបង្កឲ្យមានភយន្តរាយ បើសិនជាការផ្តល់ព័ត៌មាន និងការប្រើប្រាស់ព័ត៌មាននោះមិនត្រឹមត្រូវ។
លោក ឈាង វុន សមាជិកសភាថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ មានទាក់ទងក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់ប្រឆាំងអំពើពុករលួយ។ ប៉ុន្តែ លោកទទួលស្គាល់ថា ច្បាប់នេះមានសារសំខាន់ និងជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកមានជំនឿថា ច្បាប់នេះអាចកើតចេញជារូបរាង និងសភាអនុម័តបាននៅក្នុងអាណត្តិទី៥នេះ។ នៅក្នុងកិច្ចប្រជុំចំនួន ១ថ្ងៃកន្លះនេះ ពិភាក្សាលើកិច្ចប្រឹងប្រែងជំរុញឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ពុំមានការចូលរួមថ្លែងការណ៍ពីសំណាក់មន្ត្រី ឬអ្នកតំណាងក្រសួងព័ត៌មាន ឡើយ៕
1 comment:
Why every bodies waiting for Thieves government do some thing for wrong full law of constitution Khmer?why don't you guys denies all they plants?or you guys accepted this government to be laws.Would you please answer my question? KRANHUN EASAN
Post a Comment