RFA/Soun Sophalmony |
ដោយ សួន សុផលមុន្នី RFA 2013-12-06
កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ក្រុមអ្នកភូមិ គ្រូបង្រៀន និងសិស្សសាលាជាច្រើនរយនាក់ បាននាំគ្នាលើកបដាតវ៉ាប្រឆាំងជំទាស់ទៅនឹងម្ចាស់រថយន្តដឹកដីធុនធំ ដែលធ្វើដំណើរឆ្លងកាត់មុខសាលារៀនរបស់ខ្លួន។ ក្រុមអ្នកតវ៉ាទាំងនោះបានស្នើសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ឈប់ការធ្វើចរាចរណ៍របស់រថយន្តធុនធំ ដែលដឹកជញ្ជូនដីឆ្លងកាត់ខាងមុខវិទ្យាល័យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អូរអំបិល។
ការលើកគ្នាតវ៉ានេះ កើតមានឡើងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី៥ ខែធ្នូ។ គ្រោះថ្នាក់បណ្ដាលមកពីរថយន្តដឹកដីមួយគ្រឿង ដែលឆ្លងកាត់ទីនោះដាច់ហ្វ្រាំង ទៅបុករោងម៉ាស៊ីនកិនស្រូវអ្នកស្រុកនៅទីនោះ បណ្ដាលឲ្យម្ចាស់រោងម៉ាស៊ីនរបួសធ្ងន់ និងខូចខាតរោងម៉ាស៊ីន និងម៉ូតូ ១គ្រឿង។
គ្រូបង្រៀននៅវិទ្យាល័យអូរអំបិល លោក ស ប៊ុនថេង ថ្លែងថា ការដឹកជញ្ជូនដីរបស់រថយន្តធំៗនោះ បង្កសំឡេង និងមានដីហុយរំខានដល់ការសិក្សាសិស្ស ជាពិសេសអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសិស្សសាលា និងគ្រូបង្រៀននៅថ្ងៃមុខ។ លោកថា ផ្លូវនោះ គឺជាផ្លូវបេតុងតូចល្មមកាត់មុខវិទ្យាល័យ ទៅប្រសព្វមុខគ្នានឹងផ្លូវជាតិលេខ៥៖ «ខាងគ្រូ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនៅតាមបណ្តោយផ្លូវ សំណូមពរឲ្យបញ្ឈប់ឡានដឹកដីបើកកាត់ផ្លូវហ្នឹងតែម្ដង។ ទី១ យើងមើលស្ថានភាពឡានដឹកដី គាត់បើកបន្តកន្ទុយគ្នា ដូចហែកឋិន ហើយប៉ះពាល់ដីក៏ហុយ ផ្លូវតូចចង្អៀត ហើយស៊ីផ្លេពេលរៀន ប៉ះពាល់សិស្សរៀន ជាក់ស្ដែងពីម្សិលមិញ គាត់ដាច់ហ្វ្រាំងពីលើមក ដោយសារពីលើមកវាមានចំណោទ»។
ក្រុមគ្រូបង្រៀន ឲ្យដឹងទៀតថា ផ្លូវចាក់បេតុងមួយខ្សែនោះត្រូវបានកសាងឡើងដោយអង្គការមួយ ដែលមានឈ្មោះថា អង្គការមេគង្គ។ អង្គការនេះកន្លងទៅ ធ្លាប់បានសំណូមពរឲ្យអាជ្ញាធរទប់ស្កាត់កុំឲ្យរថយន្តធុនធ្ងន់ធ្វើចរាចរណ៍លើផ្លូវនោះ ព្រោះផ្លូវមិនអាចធន់នឹងការដឹកជញ្ជូនធ្ងន់ៗបានឡើយ។ បច្ចុប្បន្ន ផ្លូវចាក់បេតុងនោះ កំពុងរងការខូចទៅវិញជាបណ្ដើរៗ ដោយពុំមានអ្នកទទួលខុសត្រូវនោះឡើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសិស្សសាលាជាច្រើនរយនាក់ ដែលកំពុងសិក្សានៅវិទ្យាល័យ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អូរអំបិល។ គ្រោះថ្នាក់ដោយសាររថយន្តដឹកដីធំៗនេះ លោកថាបានកើតមានច្រើនលើកមកហើយ។ បញ្ហានេះ លោកសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់៖ «យើងគិតថា អាជ្ញាធរកុំព្រងើយកន្តើយ គួរតែមានបម្រាមហ្នឹងតាំងព្រឹកតាំងព្រលឹម រហូតដល់ថ្ងៃរសៀលយប់អាធ្រាត្រអី ក៏នៅតែឡានហ្នឹងដឹកខ្សាច់ ដឹកគ្រួស ដឹកថ្មហ្នឹងកាត់ ហ្នឹងហើយបើកលឿនទៀត ធ្វើប៉ះពាល់យ៉ាងខ្លាំង បើមិនប៉ះពាល់ចរាចរណ៍ ក៏ទាក់ទងទៅលើការរាយខ្សាច់ថ្មនៅតាមផ្លូវដែរ»។
ឆ្លើយតបចំពោះការស្នើសុំនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា អាជ្ញាធរខេត្តបានចាត់វិធានការទប់ស្កាត់បញ្ហានេះហើយ។ លោកថា ទី១ អាជ្ញាធរបានកំណត់ផ្លូវឲ្យរថយន្តធុនធំទាំងនោះបើកបរផ្លូវវៀង មិនអនុញ្ញាតឲ្យបើកលើផ្លូវនៅជិតសាលារៀននោះទេ៖ «ទី២ យើងឲ្យមន្ទីរជំនាញចុះត្រួតពិនិត្យឡាន ពីព្រោះឡានគាត់ហ្នឹងសុទ្ធតែចាស់ៗអ៊ីចឹងទៅ ត្រួតពិនិត្យបច្ចេកទេសកុំឲ្យដាច់ហ្វ្រាំង អ៊ីចឹងអាហ្នឹងចេះទៅចូលរោងម៉ាស៊ីន បើសិនជាចូលសាលារៀន គ្រោះថ្នាក់ដល់អាយុជីវិតក្មេងៗទៀត ហើយយើងបានប្រាប់ទៅប៉ូលិសចរាចរណ៍ជំនាញឲ្យពិនិត្យមើលរឿង»។
លោកអភិបាលខេត្តបន្តថា វិធានការទប់ស្កាត់ គឺចាប់ផ្ដើមពីថ្ងៃទី៦ ខែធ្នូ នេះតទៅ គឺហាមដាច់ខាតមិនឲ្យមានរថយន្តធំដែលដឹកជញ្ជូនដីថ្ម គ្រួសខ្សាច់ នៅលើផ្លូវនោះទៀតឡើយ។ ក្នុងករណីម្ចាស់រថយន្តណាម្នាក់មិនគោរពតាមសេចក្ដីណែនាំនេះ អាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជននោះ៕
No comments:
Post a Comment