RFA/Vohar Cheath |
ដោយ សេក បណ្ឌិត RFA 2013-12-06
បច្ចុប្បន្ន គុណភាពនៃការសិក្សាជំនាញបច្ចេកទេសកសិកម្ម ឬកសិឧស្សាហកម្ម នៅមិនទាន់មានគុណភាព ដែលអាចទទួលយកបានសម្រាប់បម្រើឲ្យវិស័យនេះដើរលឿនទៅមុខ ស្របតាមសម័យបច្ចេកវិទ្យាទំនើប ឬសក្ដិសមនឹងប្រទេសដែលយកវិស័យកសិកម្មជាធំនោះទេ។
ចំណែកចំនួននិស្សិត និងគ្រឹះស្ថានសម្រាប់បណ្ដុះបណ្ដាលលើវិស័យនេះ ក៏នៅមានតិច បើប្រៀបធៀបទៅនឹងជំនាញនៃវិស័យផ្សេងៗ។
បណ្ឌិត យ៉ង សាំងកុមារ ជាប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឫហៅកាត់ថា សេដាក (CDAC)។ លោកសង្កេតឃើញថា ការសិក្សាក្នុងស្រុកលើវិស័យកសិកម្មនេះជាច្រើនឆ្នាំមក ហាក់ដូចជានៅទ្រឹងមួយកន្លែង នៅពេលដែលប្រទេសជិតខាងកំពុងមានភាពជឿនលឿនទៅមុខឥតឈប់ឈរនោះ។
បញ្ហាអសមត្ថភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ឬការចុះខ្សោយនៃសមត្ថភាពសិស្សនិស្សិត កំពុងតែរីកធំទៅៗគួរឲ្យបារម្ភ៖ «ទីមួយ យើងសង្កេតឃើញគុណភាពនិស្សិតដែលរៀនចប់ ដូចមកចូលធ្វើការនៅខាងខ្ញុំខាងអីហ្នឹង នៅពេលគេរៀនចប់ខាងកសិកម្ម ហាក់ដូចជាគាត់មិនអាចធ្វើការអីបានច្បាស់លាស់ គាត់ចេះតែទ្រឹស្ដីតិចៗសើៗ អ៊ីចឹងជំនាញស្អីមួយជាក់លាក់ដូចជាពិបាកទាមទារឲ្យយើងយកទៅហ្វឹកហាត់ យកទៅបណ្ដុះបន្ថែម»។
លោកពន្យល់ថា ការជួបបញ្ហាខ្វះធនធានមនុស្សក្នុងវិស័យកសិកម្មនេះ មានបញ្ហាពាក់ព័ន្ធគុណភាពសិក្សាតាំងពីថ្នាក់ក្រោមរហូតឧត្ដមសិក្សា។ លោកសង្កត់ទៅលើវិបត្តិគុណភាពសិក្សាជំនាញកសិកម្ម គឺសិស្សនិស្សិតភាគច្រើនជាកូនកសិករនៅតាមជនបទ។ លោកសង្កេតឃើញទៀតថា អ្នកមកពីជនបទភាគច្រើនជួបបញ្ហាគុណភាពអប់រំចុះខ្សោយរួចស្រាប់មកហើយ ដោយសារមធ្យោបាយអប់រំរបស់សាលា ភាពខ្វះខាតរបស់គ្រូ និងកត្តាជីវភាពដែលចេះតែដេញតៗគ្នារហូតមក។
លោកបន្តថា បញ្ហានៅថ្នាក់ឧត្តមសិក្សាផ្នែកកសិកម្ម មិនសូវជាចោទលើបញ្ហាគ្រូប៉ុន្មានទេ ប៉ុន្តែការខ្វះខាតកន្លែងពិសោធន៍ ការសិក្សាស្រាវជ្រាវ ការចុះកម្មសិក្សាដោយផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្តផ្ទាល់មុននឹងបញ្ចប់ការសិក្សា គឺជាបញ្ហាចោទជាចម្បង ហើយបញ្ហានេះកំពុងខ្វះការគាំទ្រ ឬយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ «យើងមិនអាចបន្ទោសថាសាលាយើងមិនកើត គ្រូយើងមិនកើត សិស្សមិនកើតទេ បញ្ហាវាទាក់ទងនឹងប្រព័ន្ធទាំងមូលតែម្តង ហើយប្រទេសកម្ពុជា យើង នៅតាមសាកលវិទ្យាល័យ នៅតាមវិទ្យាស្ថានអប់រំជាន់ខ្ពស់នីមួយៗ យើងហាក់អត់មានថវិកាជាតិសម្រាប់ធ្វើការស្រាវជ្រាវ ធ្វើការពិសោធ សូម្បីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម ក៏ជួបបញ្ហាថវិកាចុះទៅពិសោធ ស្រាវជ្រាវ។ ទី២ យើងអត់ថវិកាឲ្យនិស្សិតចុះកម្មសិក្សា។ ឧទាហរណ៍ សាកលវិទ្យាល័យកសិកម្មចម្ការដូង សាលាកសិកម្មជាតិព្រែកលៀប គាត់មានដែរតែមានតិចតួចបំផុត»។
លោកបន្តថា កន្លងមកមានការចុះសិក្សាស្រាវជ្រាវខ្លះៗ ដោយពឹងផ្អែកលើជំនួយពីអង្គការអន្តរជាតិ ពីបណ្ដាប្រទេសផ្សេងៗ។
ចំណែកនិស្សិតដែលកំពុងសិក្សាលើជំនាញកសិកម្មសព្វថ្ងៃនេះ ក៏បានត្អូញត្អែរពីបញ្ហានេះដែរ និងមានកង្វល់ចំពោះសមត្ថភាពរបស់ពួកគេនៅពេលរៀនចប់ មិនអាចរកការងារធ្វើបានល្អ ដោយគុណភាពសិក្សារបស់ពួកគេ។
និស្សិតនៃសាលាជាតិកសិកម្មព្រែកលៀប ជំនាញកសិឧស្សាហកម្ម ឆ្នាំទី៤ ឈ្មោះ ញ៉ែម ចាន់ហេង។ និស្សិតរូបនេះបានបង្ហាញពីការលំបាកក្នុងការសិក្សា ដោយខ្វះទីកន្លែងពិសោធន៍ ឧបករណ៍វិភាគរកទិន្នន័យលើផលិតផលផ្សេងៗ និងលទ្ធភាពនៃការចុះសិក្សាស្រាវជ្រាវ៖ «នៅសាលាជាតិកសិកម្មព្រែកលៀប នៅខ្វះមន្ទីរពិសោធន៍ វិភាគមើលនៅក្នុងផលិតផលសាច់សត្វជ្រូកសត្វអីអ៊ីចឹង ក្នុងបន្លែ គឺមានការលំបាក ព្រោះយើងខ្វះឧបករណ៍»។
ចំណែក កញ្ញា ឯម ស្រីមុំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជានិស្សិតនៃសាលាជាតិកសិកម្មព្រែកលៀប ដែរនោះ ក៏បានបង្ហាញពីភាពស្មុគស្មាញក្នុងការសិក្សាប្រហាក់ប្រហែលគ្នានេះដែរ៖ «ក្នុងការសិក្សាសព្វថ្ងៃនេះ មានការខ្វះខាតក្នុងការពិសោធ ដូចជាប្រដាប់ប្រដាក្នុងការកែច្នៃផលិតផល ដូចជាឧបករណ៍សម្រាប់ពិសោធនូវពួកសំណើម ឬក៏បាក់តេរីទៅលើផលិតផលដែលបានកែច្នៃរួច នៅខ្វះអាហ្នឹងច្រើន»។
ក្រុមនិស្សិត និងគ្រូៗនៃសាលាជាតិកសិកម្មព្រែកលៀប បានរិះគន់ថា ទន្ទឹមនឹងការខ្វះខាតបែបនេះ ថ្នាក់ដឹកនាំសាលា និងផ្នែកពាក់ព័ន្ធដទៃទៀតក្នុងក្រសួងកសិកម្ម កាលណោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីចាស់ លោក ចាន់ សារ៉ុន ដែលត្រូវផ្លាស់ចេញនៅឆ្នាំនេះ បានលក់ទីតាំងស្រែពិសោធន៍ និងស្រះចិញ្ចឹមត្រីពិសោធន៍នៅខាងមុខសាលានោះថែមទៀត ក្រោមរូបភាពដោះដូរទីតាំងថ្មីឲ្យទៅនៅក្នុងខេត្តតាកែវ វិញ។
ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា លោក ប្រាក់ សេរីវឌ្ឍ ក៏បានសង្កេតឃើញបញ្ហាចោទចំពោះការសិក្សាជំនាញបច្ចេកទេសកសិកម្មនេះដែរ។ លោកថា ការសិក្សាបច្ចុប្បន្ន គឺខ្វះការផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយបញ្ហានេះដោយសារតែខ្វះការគាំទ្រផ្នែកថវិកាពីស្ថាប័នពាក់ព័ន្ធ៖ «ធម្មតារៀនសូត្រនៅស្រុកយើងវាខុសពីស្រុកគេ នៅស្រុកគេបើយើងប្រៀបទៅគេ មានលទ្ធភាពបញ្ជូនសិស្សចេញទៅអនុវត្ត ខ្លះចេញទៅសិក្សាស្វែងយល់នៅមជ្ឈដ្ឋានខាងក្រៅ ជាមួយកសិករធ្វើផ្ទាល់ ឬតាមសហគ្រាសតាមអី ហើយធ្វើបែបហ្នឹងត្រូវការចំណាយច្រើន»។
រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ដែលទើបឡើងកាន់តំណែងនៅអាណត្តិទី៥ ឆ្នាំ២០១៣ នេះ មិនទាន់ឃើញបង្ហាញគោលការណ៍ណាមួយជាក់លាក់ ក្នុងការពង្រឹងធនធានមនុស្សសម្រាប់ទ្រទ្រង់វិស័យកសិកម្មនេះឲ្យរឹងមាំនៅឡើយទេ។
ទាក់ទងនឹងការខ្វះមន្ទីរពិសោធន៍ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៣ ប្រទេសចិន បានជួយសង់មន្ទីរពិសោធន៍លើផលិតផលកសិកម្មដល់កម្ពុជា នៅក្នុងបរិវេណសាលាជាតិកសិកម្មព្រែកលៀប។ មន្ទីរពិសោធន៍នេះ សម្រាប់វិភាគលើផលិតផលកសិកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ ដែលកម្ពុជា ពុំធ្លាប់មានកន្លងមក។ សំណង់នេះមានតម្លៃគិតជាទឹកប្រាក់សរុបប្រមាណ ៦៥លានយន់ ស្មើនឹងប្រមាណជាង ១០លានដុល្លារសហរដ្ឋអាមេរិក។
ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម លោក មាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍បញ្ជាក់ថា កម្ពុជា កំពុងមានការខ្វះខាតមន្ទីរពិសោធន៍ដែលមានស្តង់ដារអន្តរជាតិ។ ហើយការសាងសង់មន្ទីរពិសោធន៍នេះ ក៏ជាផ្នែកមួយក្នុងការបំពេញនូវការខ្វះខាតក្នុងការសិក្សា សម្រាប់ជំនាញកសិកម្មកន្លងមកផងដែរ៖ «យើងអាចនិយាយបានពីរ ទីមួយជាការកែលំអការសិក្សារបស់និស្សិតនៅទីនេះផង និងដើម្បីប្រើប្រាស់សម្រាប់ធ្វើតែស (Test) ផលិតផលកសិកម្មនាំចេញផង»។
ទោះយ៉ាងណា អ្នកជំនាញខាងកសិកម្មមើលឃើញថា រដ្ឋាភិបាលកំពុងមើលរំលងលើការពង្រឹងធនធានមនុស្សក្នុងវិស័យនេះ។ ជាងនេះទៅទៀត រដ្ឋាភិបាលបានគិតគូរពីការបង្កើតនយោបាយទាញយកផលចំណេញពីវិស័យកសិកម្ម ជាជាងការពង្រឹងគុណភាពសិក្សាដល់និស្សិតជំនាញ។
អ្នកជំនាញដដែលបានយល់ឃើញថា រដ្ឋាភិបាលគួរតែគិតពីបញ្ហាពង្រឹងធនធានមនុស្សក្នុងវិស័យកសិកម្មឲ្យបានខ្លាំង ដើម្បីឲ្យវិស័យនេះមានសក្ដានុពលពិតប្រាកដ ដើម្បីសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋគេចផុតពីភាពក្រីក្រ៕
1 comment:
They strength to take aways farm land not helping Khmer they looking land to give Vietnamese just arrives everyday 4000 heads same time Khmer stavation pleat to fine jobs out of country with no fear of life .KRANHUN EASAN
Post a Comment