Friday, December 06, 2013

អ្នក​ជំនាញ៖ រដ្ឋាភិបាល​គួរ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម


RFA/Vohar Cheath
រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​មួយ​ដែល​មាន​អាទិភាព​ខ្ពស់ ឬ​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​រិះគន់​រដ្ឋាភិបាល​ថា បាន​យក​ចិត្ត​ទុក​ដាក់​តិចតួច​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស សម្រាប់​បម្រើ​ក្នុង​វិស័យ​នេះ​ឲ្យ​ជឿនលឿន​ទៅ​មុខ។

ដោយ សេក បណ្ឌិត RFA 2013-12-06

បច្ចុប្បន្ន គុណភាព​នៃ​ការ​សិក្សា​ជំនាញ​បច្ចេកទេស​កសិកម្ម ឬ​កសិឧស្សាហកម្ម នៅ​មិន​ទាន់​មាន​គុណភាព ដែល​អាច​ទទួល​យក​បាន​សម្រាប់​បម្រើ​ឲ្យ​វិស័យ​នេះ​ដើរ​លឿន​ទៅ​មុខ ស្រប​តាម​សម័យ​បច្ចេកវិទ្យា​ទំនើប ឬ​សក្ដិសម​នឹង​ប្រទេស​ដែល​យក​វិស័យ​កសិកម្ម​ជា​ធំ​នោះ​ទេ។

ចំណែក​ចំនួន​និស្សិត និង​គ្រឹះស្ថាន​សម្រាប់​បណ្ដុះ​បណ្ដាល​លើ​វិស័យ​នេះ ក៏​នៅ​មាន​តិច បើ​ប្រៀប​ធៀប​ទៅ​នឹង​ជំនាញ​នៃ​វិស័យ​ផ្សេងៗ។

បណ្ឌិត យ៉ង សាំងកុមារ ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ឫ​ហៅ​កាត់​ថា សេដាក (CDAC)។ លោក​សង្កេត​ឃើញ​ថា ការ​សិក្សា​ក្នុង​ស្រុក​លើ​វិស័យ​កសិកម្ម​នេះ​ជា​ច្រើន​ឆ្នាំ​មក ហាក់​ដូច​ជា​នៅ​ទ្រឹង​មួយ​កន្លែង នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​កំពុង​មាន​ភាព​ជឿន​លឿន​ទៅ​មុខ​ឥត​ឈប់​ឈរ​នោះ។

បញ្ហា​អសមត្ថភាព​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ឬ​ការ​ចុះ​ខ្សោយ​នៃ​សមត្ថភាព​សិស្ស​និស្សិត កំពុង​តែ​រីក​ធំ​ទៅៗ​គួរ​ឲ្យ​បារម្ភ៖ «ទី​មួយ យើង​សង្កេត​ឃើញ​គុណភាព​និស្សិត​ដែល​រៀន​ចប់ ដូច​មក​ចូល​ធ្វើ​ការ​នៅ​ខាង​ខ្ញុំ​ខាង​អី​ហ្នឹង នៅ​ពេល​គេ​រៀន​ចប់​ខាង​កសិកម្ម ហាក់​ដូច​ជា​គាត់​មិន​អាច​ធ្វើ​ការ​អី​បាន​ច្បាស់​លាស់ គាត់​ចេះ​តែ​ទ្រឹស្ដី​តិចៗ​សើៗ អ៊ីចឹង​ជំនាញ​ស្អី​មួយ​ជាក់​លាក់​ដូច​ជា​ពិបាក​ទាមទារ​ឲ្យ​យើង​យក​ទៅ​ហ្វឹកហាត់ យក​ទៅ​បណ្ដុះ​បន្ថែម»។
លោក​ពន្យល់​ថា ការ​ជួប​បញ្ហា​ខ្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​បញ្ហា​ពាក់ព័ន្ធ​គុណភាព​សិក្សា​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ឧត្ដម​សិក្សា។ លោក​សង្កត់​ទៅ​លើ​វិបត្តិ​គុណភាព​សិក្សា​ជំនាញ​កសិកម្ម គឺ​សិស្ស​និស្សិត​ភាគ​ច្រើន​ជា​កូន​កសិករ​នៅ​តាម​ជនបទ។ លោក​សង្កេត​ឃើញ​ទៀត​ថា អ្នក​មក​ពី​ជនបទ​ភាគ​ច្រើន​ជួប​បញ្ហា​គុណភាព​អប់រំ​ចុះ​ខ្សោយ​រួច​ស្រាប់​មក​ហើយ ដោយសារ​មធ្យោបាយ​អប់រំ​របស់​សាលា ភាព​ខ្វះ​ខាត​របស់​គ្រូ និង​កត្តា​ជីវភាព​ដែល​ចេះ​តែ​ដេញ​តៗ​គ្នា​រហូត​មក។

លោក​បន្ត​ថា បញ្ហា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​កសិកម្ម មិន​សូវ​ជា​ចោទ​លើ​បញ្ហា​គ្រូ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ខ្វះ​ខាត​កន្លែង​ពិសោធន៍ ការ​សិក្សា​ស្រាវជ្រាវ ការ​ចុះ​កម្មសិក្សា​ដោយ​ផ្សារភ្ជាប់​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់​មុន​នឹង​បញ្ចប់​ការ​សិក្សា គឺ​ជា​បញ្ហា​ចោទ​ជា​ចម្បង ហើយ​បញ្ហា​នេះ​កំពុង​ខ្វះ​ការ​គាំទ្រ ឬ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​រដ្ឋ​ដែល​ពាក់ព័ន្ធ៖ «យើង​មិន​អាច​បន្ទោស​ថា​សាលា​យើង​មិន​កើត គ្រូ​យើង​មិន​កើត សិស្ស​មិន​កើត​ទេ បញ្ហា​វា​ទាក់ទង​នឹង​ប្រព័ន្ធ​ទាំង​មូល​តែ​ម្តង ហើយ​ប្រទេស​កម្ពុជា យើង នៅ​តាម​សាកលវិទ្យាល័យ នៅ​តាម​វិទ្យាស្ថាន​អប់រំ​ជាន់​ខ្ពស់​នីមួយៗ យើង​ហាក់​អត់​មាន​ថវិកា​ជាតិ​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ ធ្វើ​ការ​ពិសោធ សូម្បី​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម ក៏​ជួប​បញ្ហា​ថវិកា​ចុះ​ទៅ​ពិសោធ ស្រាវជ្រាវ។ ទី​២ យើង​អត់​ថវិកា​ឲ្យ​និស្សិត​ចុះ​កម្មសិក្សា។ ឧទាហរណ៍ សាកលវិទ្យាល័យ​កសិកម្ម​ចម្ការ​ដូង សាលា​កសិកម្ម​ជាតិ​ព្រែក​លៀប គាត់​មាន​ដែរ​តែ​មាន​តិចតួច​បំផុត»។

លោក​បន្ត​ថា កន្លង​មក​មាន​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ខ្លះៗ ដោយ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​អង្គការ​អន្តរជាតិ ពី​បណ្ដា​ប្រទេស​ផ្សេងៗ។

ចំណែក​និស្សិត​ដែល​កំពុង​សិក្សា​លើ​ជំនាញ​កសិកម្ម​សព្វថ្ងៃ​នេះ ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​នេះ​ដែរ និង​មាន​កង្វល់​ចំពោះ​សមត្ថភាព​របស់​ពួក​គេ​នៅ​ពេល​រៀន​ចប់ មិន​អាច​រក​ការងារ​ធ្វើ​បាន​ល្អ ដោយ​គុណភាព​សិក្សា​របស់​ពួក​គេ។

និស្សិត​នៃ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប ជំនាញ​កសិឧស្សាហកម្ម ឆ្នាំ​ទី​៤ ឈ្មោះ ញ៉ែម ចាន់ហេង។ និស្សិត​រូប​នេះ​បាន​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​សិក្សា ដោយ​ខ្វះ​ទី​កន្លែង​ពិសោធន៍ ឧបករណ៍​វិភាគ​រក​ទិន្នន័យ​លើ​ផលិតផល​ផ្សេងៗ និង​លទ្ធភាព​នៃ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ៖ «នៅ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប នៅ​ខ្វះ​មន្ទីរ​ពិសោធន៍ វិភាគ​មើល​នៅ​ក្នុង​ផលិតផល​សាច់​សត្វ​ជ្រូក​សត្វ​អី​អ៊ីចឹង ក្នុង​បន្លែ គឺ​មាន​ការ​លំបាក ព្រោះ​យើង​ខ្វះ​ឧបករណ៍»។

ចំណែក កញ្ញា ឯម ស្រីមុំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ជា​និស្សិត​នៃ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប ដែរ​នោះ ក៏​បាន​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​ក្នុង​ការ​សិក្សា​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ៖ «ក្នុង​ការ​សិក្សា​សព្វថ្ងៃ​នេះ មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ពិសោធ ដូច​ជា​ប្រដាប់ប្រដា​ក្នុង​ការ​កែច្នៃ​ផលិតផល ដូច​ជា​ឧបករណ៍​សម្រាប់​ពិសោធ​នូវ​ពួក​សំណើម ឬ​ក៏​បាក់តេរី​ទៅ​លើ​ផលិតផល​ដែល​បាន​កែច្នៃ​រួច នៅ​ខ្វះ​អា​ហ្នឹង​ច្រើន»។

ក្រុម​និស្សិត និង​គ្រូៗ​នៃ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប បាន​រិះគន់​ថា ទន្ទឹម​នឹង​ការ​ខ្វះ​ខាត​បែប​នេះ ថ្នាក់​ដឹក​នាំ​សាលា និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ក្រសួង​កសិកម្ម កាល​ណោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋមន្ត្រី​ចាស់ លោក ចាន់ សារ៉ុន ដែល​ត្រូវ​ផ្លាស់​ចេញ​នៅ​ឆ្នាំ​នេះ បាន​លក់​ទីតាំង​ស្រែ​ពិសោធន៍ និង​ស្រះ​ចិញ្ចឹម​ត្រី​ពិសោធន៍​នៅ​ខាង​មុខ​សាលា​នោះ​ថែម​ទៀត ក្រោម​រូបភាព​ដោះ​ដូរ​ទីតាំង​ថ្មី​ឲ្យ​ទៅ​នៅ​ក្នុង​ខេត្ត​តាកែវ វិញ។

ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា លោក ប្រាក់ សេរីវឌ្ឍ ក៏​បាន​សង្កេត​ឃើញ​បញ្ហា​ចោទ​ចំពោះ​ការ​សិក្សា​ជំនាញ​បច្ចេកទេស​កសិកម្ម​នេះ​ដែរ។ លោក​ថា ការ​សិក្សា​បច្ចុប្បន្ន គឺ​ខ្វះ​ការ​ផ្សារភ្ជាប់​រវាង​ទ្រឹស្ដី និង​ការ​អនុវត្ត​ផ្ទាល់ ហើយ​បញ្ហា​នេះ​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ផ្នែក​ថវិកា​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «ធម្មតា​រៀន​សូត្រ​នៅ​ស្រុក​យើង​វា​ខុស​ពី​ស្រុក​គេ នៅ​ស្រុក​គេ​បើ​យើង​ប្រៀប​ទៅ​គេ មាន​លទ្ធភាព​បញ្ជូន​សិស្ស​ចេញ​ទៅ​អនុវត្ត ខ្លះ​ចេញ​ទៅ​សិក្សា​ស្វែង​យល់​នៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ ជាមួយ​កសិករ​ធ្វើ​ផ្ទាល់ ឬ​តាម​សហគ្រាស​តាម​អី ហើយ​ធ្វើ​បែប​ហ្នឹង​ត្រូវ​ការ​ចំណាយ​ច្រើន»។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ដែល​ទើប​ឡើង​កាន់​តំណែង​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នេះ មិន​ទាន់​ឃើញ​បង្ហាញ​គោលការណ៍​ណា​មួយ​ជាក់​លាក់ ក្នុង​ការ​ពង្រឹង​ធនធាន​មនុស្ស​សម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម​នេះ​ឲ្យ​រឹងមាំ​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​ការ​ខ្វះ​មន្ទីរ​ពិសោធន៍ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រទេស​ចិន បាន​ជួយ​សង់​មន្ទីរ​ពិសោធន៍​លើ​ផលិតផល​កសិកម្ម​ដល់​កម្ពុជា នៅ​ក្នុង​បរិវេណ​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប។ មន្ទីរ​ពិសោធន៍​នេះ សម្រាប់​វិភាគ​លើ​ផលិតផល​កសិកម្ម​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដែល​កម្ពុជា ពុំ​ធ្លាប់​មាន​កន្លង​មក។ សំណង់​នេះ​មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៦៥​លាន​យន់ ស្មើ​នឹង​ប្រមាណ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​កសិកម្ម លោក មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា កំពុង​មាន​ការ​ខ្វះ​ខាត​មន្ទីរ​ពិសោធន៍​ដែល​មាន​ស្តង់ដារ​អន្តរជាតិ។ ហើយ​ការ​សាងសង់​មន្ទីរ​ពិសោធន៍​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​បំពេញ​នូវ​ការ​ខ្វះ​ខាត​ក្នុង​ការ​សិក្សា សម្រាប់​ជំនាញ​កសិកម្ម​កន្លង​មក​ផង​ដែរ៖ «យើង​អាច​និយាយ​បាន​ពីរ ទី​មួយ​ជា​ការ​កែលំអ​ការ​សិក្សា​របស់​និស្សិត​នៅ​ទី​នេះ​ផង និង​ដើម្បី​ប្រើប្រាស់​សម្រាប់​ធ្វើ​តែស (Test) ផលិតផល​កសិកម្ម​នាំ​ចេញ​ផង»។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​ខាង​កសិកម្ម​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​មើល​រំលង​លើ​ការ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​បាន​គិតគូរ​ពី​ការ​បង្កើត​នយោបាយ​ទាញ​យក​ផល​ចំណេញ​ពី​វិស័យ​កសិកម្ម ជា​ជាង​ការ​ពង្រឹង​គុណភាព​សិក្សា​ដល់​និស្សិត​ជំនាញ។

អ្នក​ជំនាញ​ដដែល​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​គិត​ពី​បញ្ហា​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​បាន​ខ្លាំង ដើម្បី​ឲ្យ​វិស័យ​នេះ​មាន​សក្ដានុពល​ពិត​ប្រាកដ ដើម្បី​សេដ្ឋកិច្ច​ជាតិ និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​គេច​ផុត​ពី​ភាព​ក្រីក្រ៕

1 comment:

Anonymous said...

They strength to take aways farm land not helping Khmer they looking land to give Vietnamese just arrives everyday 4000 heads same time Khmer stavation pleat to fine jobs out of country with no fear of life .KRANHUN EASAN