Tuesday, December 17, 2013

ព្រះសង្ឃ​ហែ​ក្បួន​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​​​​ស្វែង​រក​​​ព្រះ​បរម​សារីរិកធាតុ


RFA photo
ព្រះសង្ឃ​រាប់​រយ​អង្គ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ដង្ហែ​ក្បួន​ចេញ​ពី​លាន​ប្រជាធិបតេយ្យ ឆ្ពោះ​មក​សាលសន្និសីទ​ចតុមុខ តវ៉ា​បិទ​ផ្លូវ ទាមទារ​ឲ្យ​មន្ត្រី​ក្រសួង​ធម្មការ និង​មន្ត្រី​សង្ឃ បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ស្វែង​រក​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ ដែល​ចោរ​បាន​លួច​យក​ចេញ​កន្លង​មក។

ដោយ សេក បណ្ឌិត RFA 2013-12-17

ព្រះសង្ឃ​រាប់​រយ​អង្គ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​ទៀត គង់​ឈរ​ហាល​ភ្លៀង​នៅ​ក្រៅ​របង​សាលសន្និសីទ​ចតុមុខ ជា​ទី​ដែល​ក្រសួង​ធម្មការ​ និង​មន្ត្រី​សង្ឃ​ធ្វើ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី​២២ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ធ្នូ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ធម្មការ និង​សាសនា ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​សង្ឃ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ចេញ​មក​ទទួល​ញត្តិ​ និង​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ស្វែង​រក​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​ឧត្តុង្គ ដែល​ចោរ​បាន​លួច​យក​ចេញ​កន្លង​មក​នោះ។

ព្រះសង្ឃ​ប្រមាណ​ជាង ២០០​អង្គ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​គង់​និង​ឈរ​បិទ​កំណាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ ជា​ការ​ដាក់​សម្ពាធ​ដល់​មន្ត្រី​សង្ឃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ពន្លឿន​ដល់​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​បាត់​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ។

RFA photo
ការ​តវ៉ា​នេះ បន្ទាប់​ពី​ព្រះសង្ឃ​និង​ពលរដ្ឋ​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ទីលាន​ប្រជាធិបតេយ្យ បួងសួង​សូម​ឲ្យ​ឆាប់​រក​ឃើញ​ព្រះ​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​ដែល​ចោរ​លួច​នោះ​មក​វិញ។ បន្ទាប់​មក​បាន​និមន្ត និង​ដើរ​ដង្ហែ​ជា​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​ព្រះស៊ីសុវត្ថិ និង​បាន​បិទ​ផ្លូវ​នោះ​ត្រង់​ចំណុច​មុខ​ក្រសួង​ធម្មការ និង​មុខ​សាលសន្និសីទ​ចតុមុខ នៅ​ម៉ោង​ប្រមាណ​ជាង ៩​ព្រឹក ថ្ងៃ​អង្គារ ទី​១៧ ធ្នូ។

​ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នក​ដឹក​នាំ​ការ​តវ៉ា​មាន​ថេរដីកា​ថា ការ​ធ្វើ​ពិធី​សាសនា ការ​ដង្ហែ​ក្បួន និង​ការ​បិទ​ផ្លូវ​នេះ​ដោយសារ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ និង​ហាក់​មាន​ការ​លាក់លៀម​ជុំវិញ​ព័ត៌មាន​នេះ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ឭ​ឡើយ។

ព្រះតេជព្រះគុណ​សូម​ឲ្យ​រដ្ឋាភិបាល​និង​មន្ត្រី​សង្ឃ ចាត់​វិធានការ​យ៉ាង​តឹងតែង​ក្នុង​ការ​ស្វែង​រក​ព្រះ​បរម​សារីរិកធាតុ​មក​វិញ​ឲ្យ​បាន​ឆាប់។

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ និង​ស្ថិត​នៅ​ក្រោម​ដំណក់​ភ្លៀង​ប្រមាណ​ជាង ២​ម៉ោង ទើប​មាន​មន្ត្រី​សង្ឃ និង​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា ចេញ​មុខ​មក​ចរចា និង​សន្យា​ថា នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សកម្ម​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ។

RFA photo
មេគណ​រាជធានី​ភ្នំពេញ ដែល​តំណាង​ឲ្យ​គណៈ​សង្ឃ​នាយក ព្រះតេជព្រះគុណ ភិន សន មាន​ថេរដីកា​ថា មន្ត្រី​សង្ឃ​និង​ក្រសួង​ធម្មការ​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​រឿង​នេះ​ទេ ហើយ​ក្នុង​មហា​សន្និបាត​មន្ត្រី​សង្ឃ​ប្រចាំ​ឆ្នាំ​ដែល​ប្រារព្ធ​ធ្វើ​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែ​ធ្នូ ក៏​បាន​លើក​យក​ករណី​បាត់​ព្រះ​បរម​សារីរិកធាតុ​មក​ពិភាក្សា​ដែរ។

ក្រោយ​ពីរ​បាន​ទទួល​ការ​សន្យា​ពី​មន្ត្រី​សង្ឃ​រួច ក្រុម​តវ៉ា​បាន​រំសាយ​ទៅ​លាន​ប្រជាធិបតេយ្យ​វិញ នៅ​ម៉ោង​ប្រមាណ​ជិត ១២​ថ្ងៃ​ត្រង់ ដើម្បី​បើក​ផ្លូវ​ឲ្យ​មន្ត្រី​សង្ឃ​ដែល​ចូល​រួម​ធ្វើ​មហា​សន្និបាត​បាន​និមន្ត​ចេញ​ពី​សាលសន្និសីទ​ចតុមុខ​នោះ​ឲ្យ​ទាន់​ទទួល​ចង្ហាន់​ថ្ងៃ​ត្រង់។

ពាក់ព័ន្ធ​ការ​បាត់​សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​ដែរ ក្រឡា​បញ្ជី​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ថា តុលាការ​សម្រេច​ឃុំ​ជន​សង្ស័យ​ទាំង ៥​នាក់ ដោយ​ផ្អែក​ទៅ​លើ​វត្ថុតាង​ដែល​​អាជ្ញាធរ​ប៉ូលិស​រក​ឃើញ​នៅ​ផ្ទះ​​របស់​ជនសង្ស័យ​ បន្ទាប់​ពី​តុលាការ​បាន​សាកសួរ​ជនសង្ស័យ​ រយៈពេល ២​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​មក។

សុវណ្ណ​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​ដែល​តម្កល់​នៅ​ព្រះ​សក្យមុនីចេតិយ ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ត្រូវ​ចោរ​លួច​គាស់​យក​កាល​ពី​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ព្រះ​សក្យមុនីចេតិយ​នេះ មាន​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ មាន​តម្កល់​បដិមា​ធ្វើ​ពី​មាស សំរឹទ្ធ និង​លង្ហិន ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ថែម​ទៀត៕

3 comments:

Anonymous said...

Chorp Heuy Khmer Heuy! Even in the Pol Pot regime, Pol Pot has portected.

Anonymous said...

Hun sen is an only man who can know this problem, because before election hun sen had ready said that if he lose at election, he will be never to belive in god.

Anonymous said...

The government cannot find the original golden urn because the government themselves who are the stealer, they stole for enhancement of their power.

The reason why the government are quieted and did not issue any statement about the loss? It is because the government has no ability to find it; they are police and thief.

The government will make new golden urn and put fake relics in then declare that the government found the golden urn, it is because no one knew the origin relics look like it is only king ta and top government official and patriarch monk knew origin relics.