Wednesday, December 04, 2013

តើ​កម្ពុជា​ពិត​ជា​ត្រូវ​ការ​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ហួស​មាឌ​មែន​ឬ​ទេ?


វិច្ឆិកា-២០១២៖ អគារការិយាល័យនាយករដ្ឋមន្ត្រីដែលមានឈ្មោះថា
"វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ RFA/Mom Sophon
ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០១៣ នេះ កាន់​តែ​រីក​ធំ​ឡើងៗ។ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ ដែល​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា ឆ្ងាយ​នោះ គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​សមាជិក​ច្រើន​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ងាយ​ណាស់។

ដោយ ជី វិតា RFA 2013-12-04

តើ​កម្ពុជា​ពិត​ជា​ត្រូវ​ការ​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ហួស​មាឌ​ដូច្នេះ​មែន​ឬ​ទេ?

បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ក្បាល​ធំ ប៉ុន្តែ​មាន​មាឌ​តូច។ អាច​និយាយ​ម៉្យាង​ទៀត​ថា កម្ពុជា​តូច​មែន​ពិត​តែ​សម្បូរ​ទៅ​ដោយ​អ្នក​ដឹកនាំ​ដែល​មិន​សូវ​ឃើញ​ចូល​និវត្តន៍​សោះ បើ​ទោះ​ជា​ដល់​អាយុ​ហើយ​ក្តី។ នេះ​គ្រាន់​តែ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​ធ្វើ​អោយ​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា មាន​ចំនួន​ច្រើន​ហួស​រហូត​លើស​ចំនួន​សមាជិក​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ទៅ​ទៀត។

ទាំង​ទំហំ និង​ប្រជាជន​កម្ពុជា ពិត​ជា​តូច​ជាង​ប្រទេស​ចិន ឆ្ងាយ​ណាស់។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ គិត​មក​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ១៥​លាន​នាក់។ រី​ឯ​ប្រទេស​ចិន​វិញ គិត​មក​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នេះ មាន​ប្រជាជន​ជាង ១.៣៦១​លាន​នាក់។

ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​កំណត់​មន្ត្រី​រាជការ​ប្រភេទ​ណា​ដែល​ត្រូវ​ចាត់​ចូល​ជា​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​សមាជិក​រដ្ឋាភិបាល។
សម្រាប់​ប្រទេស​កម្ពុជា សមាសភាព​របស់​គណៈរដ្ឋមន្ត្រី​មាន​ចែង​នៅ​ក្នុង​មាត្រា ១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ថា៖ គណៈរដ្ឋមន្ត្រី​ជា​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវ​បាន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ព្រម​ទាំង​មាន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ។

សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិ​ទី​៥​នេះ សរុប​ទាំង​អស់​មាន​ជាង ២៣០​រូប។ នេះ​បើ​រាប់​បញ្ចូល​ទាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចំនួន ១៣​រូប​ដែល​មិន​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ដូច​ប្រទេស​ចិន​ដែរ ប្រទេស​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី ១​រូប ដូច​គ្នា។ ប៉ុន្តែ នៅ​ខណៈ​ប្រទេស​ចិន មាន​ឧបនាយករដ្ឋមន្ត្រី ៥​រូប កម្ពុជា​មាន ៩​រូប។ ប្រទេស​ចិន មាន​មន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ ឬ​ទេសរដ្ឋមន្ត្រី​ចំនួន ៥​រូប កម្ពុជា​មាន​ទេស​រដ្ឋមន្ត្រី​ចំនួន ១៥​រូប។ ប្រទេស​ចិន មាន​ក្រសួង​ចំនួន ២៥ ចំណែក​ប្រទេស​កម្ពុជា មាន​ក្រសួង​ចំនួន ២៩ ស្មើ​នឹង​មាន​រដ្ឋមន្ត្រី​ចំនួន ២៩​រូប​ដែរ។

តាម​ការ​ជាក់​ស្ដែង បើ​ទោះ​ជា​រដ្ឋាភិបាល​ចិន មាន​អនុរដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​ក៏​ដោយ ក៏​រដ្ឋធម្មនុញ្ញ​ចិន មាត្រា ៨៥ មិន​បាន​ចែង​អំពី​អនុរដ្ឋមន្ត្រី​ឡើយ។ នៅ​កម្ពុជា​វិញ រដ្ឋធម្មនុញ្ញ​បាន​ដាក់​បញ្ចូល​រដ្ឋលេខាធិការ ឬ​អនុរដ្ឋមន្ត្រី ទៅ​ក្នុង​បញ្ជី​សមាជិក​គណៈរដ្ឋមន្ត្រី។ សម្រាប់​អាណត្តិ​ទី​៥​នេះ សមាជិក​គណៈរដ្ឋមន្ត្រី​មាន​រដ្ឋលេខាធិការ​សរុប​ជាង ១៨០​រូប។ ក្រសួង​ដែល​មាន​ចំនួន​រដ្ឋលេខាធិការ​ច្រើន​ជាង​គេ គឺ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​មាន​រហូត​ដល់​ជិត ២០​នាក់។ បន្ទាប់​មក គឺ​ក្រសួង​មហាផ្ទៃ ដែល​មាន​រដ្ឋលេខាធិការ​ចំនួន ១០​រូប និង​បន្ទាប់​មក​ទៀត គឺ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដែល​មាន​រដ្ឋលេខាធិការ​ចំនួន ៨​រូប។

បើ​ប្រៀបធៀប​ទៅ​ប្រទេស​ថៃ​វិញ សមាជិក​គណៈរដ្ឋមន្ត្រី​កម្ពុជា នៅ​តែ​មាន​ច្រើន​ជាង​គណៈរដ្ឋមន្ត្រី​ថៃ។ មក​ដល់​ឆ្នាំ​២០១៣​នេះ ប្រទេស​ថៃ មាន​ប្រជាជន​ចំនួន​ជាង ៦៧​លាន​នាក់ និង​មាន ៧៦​ខេត្ត។ អំពី​ប្រព័ន្ធ​នយោបាយ​វិញ ដូច​កម្ពុជា​ដែរ ប្រទេស​ថៃ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​មាន​ព្រះមហាក្សត្រ​គ្រង​រាជ។

រដ្ឋធម្មនុញ្ញ​ថៃ ឆ្នាំ​២០០៧ មាត្រា ១៧១ ចែង​ថា គណៈរដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​ថៃ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ ១​រូប ​អម​ដោយ​រដ្ឋមន្ត្រី ដែល​មិន​អោយ​លើស​ពី ៣៥​រូប​ឡើយ។ ប្រទេស​ថៃ មាន​ក្រសួង​ចំនួន ២០ ស្មើ​នឹង​មាន​រដ្ឋមន្ត្រី​ចំនួន ២០​រូប។ ចំណែក​សមាជិក​គណៈរដ្ឋមន្ត្រី ដែល​នៅ​សល់​ចំនួន ១៥​រូប​ទៀត ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​ជា​អនុរដ្ឋមន្ត្រី ដែល​នៅ​កម្ពុជា ស្មើ​នឹង​រដ្ឋលេខាធិការ។

ចំពោះ​កម្ពុជា នៅ​ឆ្នាំ​២០១៣​នេះ យោង​តាម​តារាង​រាយ​នាម​គណៈរដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​៥ សមាសភាព​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឧបនាយករដ្ឋមន្ត្រី ៩​រូប មាន​ទេសរដ្ឋមន្ត្រី​ចំនួន ១៥​រូប មាន​រដ្ឋមន្ត្រី​ចំនួន ២៩​រូប រួម​បញ្ចូល​ទាំង​ក្រសួង​ថ្មី​ផង មាន​រដ្ឋលេខាធិការ​ជាង ១៨០​រូប ព្រម​ទាំង​មាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ចំនួន ១៣​រូប​ផ្សេង​ទៀត។

លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ផ្តល់​ហេតុផល​ថា កត្តា​ដែល​ធ្វើ​អោយ​គណៈរដ្ឋមន្ត្រី​កម្ពុជា ក្បាល​ធំ​ជាង​មាឌ​នោះ គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល​ត្រូវ​ការ​ពេល​វេលា ហើយ​ចង់​រក្សា​ទុក​អ្នក​ដែល​ដល់​អាយុ​ចូល​និវត្តន៍​អោយ​នៅ​បន្ត​ទៀត ដើម្បី​ប្រើប្រាស់​បទពិសោធន៍​របស់​ពួកគេ។

លោក ផៃ ស៊ីផាន៖ «អ្វីៗ​ដែល​យើង​បង្កើត​មក​ហ្នឹង កាល​មុន​យើង​ចាប់​ផ្ដើម​ពី​ក្បាល​ធំ គឺ​ជំនាន់​រដ្ឋាភិបាល​ចម្រុះ។ បន្ត​ពី​ហ្នឹង​មក​យើង​ធ្វើ​កំណែ​ទម្រង់​ច្រើន​ណាស់។ អ្នក​ទាំង​អស់​ហ្នឹង​ដែរ​ធ្លាប់​មាន​ការ​ពិសោធ និង​មាន​គុណ​ទៅ​ដល់​ជាតិ​ហ្នឹង ក៏​គាត់​ចេះ​តែ​បន្ត​ទៀត​ទៅ នៅ​ក្នុង​លក្ខណៈ​អន្តរកាល មន្ត្រី​ថ្មី​កំពុង​តែ​បន្ត​ទៅ​ហ្នឹង​បាទ! ពីព្រោះ​យើង​និង​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ខុស​គ្នា។ យើង​កំពុង​រៀបចំ។ បន្ទាប់​ពី​ចូល​និវត្តន៍​ទៅ​ត្រូវ​មាន​លុយ​ចិញ្ចឹម ម្ល៉ោះ​ហើយ​ជា​ជាង​យើង​កំពុង​ខ្វះ​ធនធាន​មនុស្ស ហើយ​កំពុង​អន្តរកាល ពង្រឹង​ធនធាន​យុវជន..»។

តើ​អន្តរកាល​យូរ​ប៉ុណ្ណា​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ការ​រៀបចំ​ខ្លួន?

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​សភា​ជាតិ​ប្រាំ​ដង​ហើយ ដែល​មួយ​ដងៗ​មាន​រយៈពេល ៥​ឆ្នាំ។ បើ​គិត​ទាំង​អាណត្តិ​ថ្មី​ដែល​ទើប​ចាប់​ផ្ដើម​នេះ​ផង គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​និង​រៀបចំ​គណៈរដ្ឋមន្ត្រី​ផ្ដាច់មុខ​ដោយ​ខ្លួន​ឯង​បាន ៤​អាណត្តិ​ហើយ។

បញ្ហា​ត្រង់​ថា តើ​រាជរដ្ឋាភិបាល ឬ​កម្ពុជា ពិត​ជា​ត្រូវ​ការ​មន្ត្រី​ដឹកនាំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រាប់​ភ្លេច​លើស​ប្រទេស​ចិន និង​ប្រទេស​ថៃ ​បែប​នេះ​មែន​ឬ?

ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា អោយ​ដឹង​ថា រដ្ឋាភិបាល​ក្បាល​ធំ​ជាង​មាឌ​ដែល​នៅ​តែ​បន្ត​មាន​មក​ទល់​ពេល​នេះ គឺ​ដោយសារ​តែ​នយោបាយ​ចែក​រំលែក​អំណាច​គ្នា ឬ​នយោបាយ​ចែក​គ្នា​ស៊ី មិន​មែន​បង្កើត​ឡើង​ដោយសារ​តែ​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ជាតិ​នោះ​ឡើយ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ គូស​បញ្ជាក់​ថា ស្ថាប័ន​សភា​ជាតិ​ឯ​ណោះ​ទេ​ដែល​ត្រូវ​ការ​បង្កើន​ចំនួន​តំណាងរាស្ត្រ​អោយ​ស្រប​គ្នា​នឹង​កំណើន​ប្រជាជន មិន​មែន​ត្រូវ​បង្កើន​ចំនួន​សមាជិក​រដ្ឋាភិបាល​ដើម្បី​បង្កើន​ការ​ហែហម​ច្រើន នាំ​អោយ​ខាត​បង់​ថវិកា​ជាតិ​នោះ​ឡើយ។

លោក កែម ឡី៖ «ក្បាល​ម៉ាស៊ីន​អ្នក​នយោបាយ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​សម្របសម្រួល​ផ្នែក​នយោបាយ មិន​មែន​កើត​ចេញ​ពី​សេចក្ដី​ត្រូវ​ការ​ពិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ទេ ទី​១។ ទី​២ បើ​ខ្ញុំ ខ្ញុំ​គិត​ថា គណៈរដ្ឋមន្ត្រី​មាន​ត្រឹម ៥៦​នាក់​អី​ហ្នឹង​គ្រប់​គ្រាន់​ហើយ ត្រឹម​រដ្ឋមន្ត្រី​ម្នាក់ និង​អនុរដ្ឋមន្ត្រី​ម្នាក់​ជា​រួម ហើយ​យើង​មាន​រហូត​ទៅ​ដល់​បួន​ប្រាំ​រយ​នាក់ នេះ​អត់​ទាន់​គិត​ទៅ​ដល់​យន្តការ​ផ្សេងៗ​ទៀត រហូត​រាប់​ពាន់​នាក់។ អ៊ីចឹង​បើ​យើង​ចង់​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ យើង​យក​ក្បាល​ម៉ាស៊ីន​នយោបាយ​តិច​ហើយ​រុញ​ធនធាន​មនុស្ស​សំខាន់ៗ​ហ្នឹង​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ ត្រឹម​អគ្គនាយក​ចុះ អគ្គលេខាធិការ​ចុះ ដើម្បី​អោយ​អ្នក​ទាំង​អស់​នោះ ប្រើ​សក្ដានុពល​របស់​ខ្លួន ធ្វើ​ការងារ​បច្ចេកទេស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​អ្នក​សម្រេច​ខាង​នយោបាយ​គេ​ត្រូវការ​រដ្ឋ​សភា​ច្រើន​ទៅ​វិញ បើ​សិន​ជា​សមាជិក​រដ្ឋ​សភា​គេ​ត្រូវ​ឲ្យ​មាន​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាជន...»។

ក្រោយ​ការ​បោះឆ្នោត​សភា​ជាតិ​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋសភា ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​បង្កើត​និង​បំបែក​ក្រសួង ៣​ទៀត។ ក្រសួង​ទាំង​នោះ មាន​ក្រសួង​កិច្ចការ​សាធារណៈ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួង​រ៉ែ​និង​ថាមពល។

ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា អោយ​ដឹង​ថា រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​ការ​កែ​លំអ​ប្រសិទ្ធភាព និង​គុណភាព​សេវា​សាធារណៈ ប្រសើរ​ជាង​គិត​តែ​ពី​ការ​បង្កើន​បរិមាណ។

វិបត្តិ​រដ្ឋាភិបាល​ក្បាល​ធំ​ជាង​មាឌ​នេះ ក៏​បាន​បង្ក​អោយ​មាន​បញ្ហា​ការិយាធិបតេយ្យ​ផង​ដែរ។ នៅ​ពេល​មាន​អ្នក​ធំ​ច្រើន​ជាន់​ច្រើន​ថ្នាក់​ដូច​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​ផ្ដល់​សេវា​បម្រើ​របស់​រដ្ឋ​ជូន​ទៅ​សាធារណជន ក៏​នឹង​ជួប​ការ​លំបាក​ច្រើន​ដែរ។ ចាប់​ពី​ប្រជាពលរដ្ឋ​សាមញ្ញ រហូត​ដល់​ក្រុមហ៊ុន​រក​ស៊ី​តែង​រអ៊ូរទាំ​អំពី​សេវា​របស់​រដ្ឋ​យឺតយ៉ាវ និង​ត្រូវ​ឆ្លង​កាត់​ការ​សូក​ប៉ាន់​ច្រើន​ទៀត​ផង។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី អោយ​ដឹង​ថា បញ្ហា​ការិយាធិបតេយ្យ​និយម​នេះ ត្រូវ​តែ​កាត់​បន្ថយ​បើ​រដ្ឋាភិបាល​ចង់​កែ​លំអ​សេវា​សាធារណៈ​អោយ​មាន​ប្រសិទ្ធភាព​នោះ៖ «ទម្រាំ​ឡើង​ពី​អគ្គនាយក​ទៅ​ដល់​អនុ​រដ្ឋលេខាធិការ ជួន​កាល​ឡើង​រដ្ឋលេខាធិការ ឡើង​ទៅ​ដល់​រដ្ឋមន្ត្រី ហើយ​មាន​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទៀត។ ជួនកាល​មាន​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទៀត ទម្រាំ​ឡើង​ដល់​នាយករដ្ឋមន្ត្រី។ គ្រាន់តែ​ខ្សែ​សង្វាក់​ហ្នឹង​មិន​តិច​ជាង ១០​ថ្នាក់​ទេ។ ត្រូវ​កាត់​បន្ថយ​ការិយាល័យ​និយម»។

ស្រប​ពេល​មន្ត្រី​ធំៗ​ដែល​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ ដោយ​ទុក​អោយ​រដ្ឋ​នៅ​ក្រ​រហេមរហាម។ ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​កម្ពុជា ត្រូវ​សុំ​លុយ ឬ​ខ្ចី​បុល​ពី​សហគមន៍​អន្តរជាតិ ដើម្បី​យក​មក​ចំណាយ និង​បើក​ប្រាក់​ខែ​អោយ​បុគ្គលិក​មន្ត្រី​រាជការ។ ការ​បង្កើត​ស្ថាប័ន​រដ្ឋ​បន្ថែម និង​ការ​រក្សា​ទុក​សមាជិក​គណៈរដ្ឋមន្ត្រី​ច្រើន ​អោយ​ធំ​តែ​ក្បាល​តែ​មិន​ចាំ​បាច់​នេះ វា​នឹង​កាន់​តែ​ក្លាយ​ជា​បន្ទុក​ធ្ងន់​ទៅ​លើ​ខ្ទង់​ចំណាយ​នៃ​ថវិកា​ជាតិ ​ដូច​សុភាសិត​ខ្មែរ​មួយ​ពោល​ថា «សំពៅ​ធំ​ត្រូវ​ការ​ក្ដោង​ធំ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​ប្រៀបធៀប​ទៅ​ត្រឹម​ប្រទេស​ថៃ ដែល​ជា​ប្រទេស​មាន​ការ​រីក​ចំរើន​មួយ​ជាប់​ព្រំដែន​កម្ពុជា គេ​អាច​មើល​ឃើញ​ថា ទំហំ​គណៈរដ្ឋមន្ត្រី​ថៃ តូច​ជាង​គណៈរដ្ឋមន្ត្រី​កម្ពុជា​ឆ្ងាយ​ណាស់។ គ្នា​ច្រើន​មិន​ប្រាកដ​ថា បាន​ជោគជ័យ​គ្រប់​ពេល​នោះ​ទេ។ ជួន​កាល​អាច​ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ពោល​ថា «គ្នា​ច្រើន​អន្សម​ខ្លោច»៕

3 comments:

Anonymous said...

RFA realizes this gigantic problem with the size of this new government and decides to file this report. The disease is spreading so fast and soon the system will collapse. What do you think? 99% of the members of the regime are already zombies, and the remaining 1% of them is in comma.

Unhappy CPP, should have been promoted to DP next to HS, instead serves as a watch dog.

Anonymous said...

សូទ្ធតែពួកអាបង្ហិនបំផ្លាញជាតិ អង្គាមឈ្អឹង
ជាតិ ហុត​និង​ជញ្ជក់ឈាមរាស្រ្គ ។ សុទ្ធតែពួក
អាឈ្លើងសង្គម ចៃសង្គម ក្រៅពីចេះធ្វើបែប
ហ្នឹង តើពួកវានៅចេះធ្វើអ្វីទៀត ? ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែធ្វើការផ្លាស់ប្តូរភ្លាមទៅ ដេញពួកវាឲចុះចេញពីតំណែងភ្លាមទៅ កុំទុកឲ
ប្រទេសជាតិយើងរលាយហិនហោចអស់ដោយសារពួកអាបីសាចហុតឈាម ជញជក់ឈាម​ហ្នឹងត
ទៅទៀត ។

Anonymous said...

CRIMINAL CPP created all this useless peoples for the party because they think it's makes their party stronger. But I doubt that mostly are khmer. Probably more than half are Vietcong agents working inside parliment so they garther all the important info re. Cambodian activites.