Wednesday, December 04, 2013

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បញ្ឈប់​ផ្ដល់​ប្រាក់​បន្ថែម​ដល់​អតិថិជន


ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ មិន​ត្រូវ​ផ្តល់​លុយ​បន្ថែម​ដែល​បណ្ដាល​ឲ្យ​អត្រា​តេ​ចេញ​ក្នុង​ប្រព័ន្ធ​តិច​ជាង ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ត្រូវ​អនុវត្ត​តាម​តម្លៃ​កំណត់​ពី​សារាចរ​អន្តរ​ក្រសួង កាល​ពី​ឆ្នាំ​២០០៩ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច។

ដោយ ទេព សុរ៉ាវី RFA 2013-12-04

មន្ត្រី​ជាន់​ខ្ពស់​នៃ​បញ្ញតិករ​ទូរគមនាគមន៍ ឬ​អ្នក​រៀប​ចំ​ឲ្យ​អនុវត្ត​បទ​បញ្ចា​សេវា​ទូរគមនាគមន៍ បញ្ជាក់​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត (Smart) ផង ត្រូវ​បញ្ចប់​កម្មវិធី​សេវា​ផ្តល់​ប្រាក់​បន្ថែម​ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដើម្បី​ឲ្យ​អត្រា​ហៅ​ចេញ​ក្នុង និង​ក្រៅ​ប្រព័ន្ធ ស្ថិត​ក្នុង​កម្រិត​មួយ​សមរម្យ។

សមាជិក​ទី​១​នៃ​បញ្ញតិករ​ទូរគមនាគមន៍ និង​ជា​អ្នក​នាំ​ពាក្យ លោក ឡាយ ម៉ារ៉ូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ថា រដ្ឋាភិបាល​បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់​ងាក​ទៅ​អនុវត្ត​តាម​សារាចរ​អន្តរ​ក្រសួង​លេខ​២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០០៩ ដែល​កំណត់​តម្លៃ​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ទាប​បំផុត ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ហៅ​ចេញ​ទៅ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត ៥,៩៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​៩ ដែល​កំពុង​ដំណើរ​ការ ក្នុង​នោះ​មាន ៨​ក្រុមហ៊ុន ដែល​បាន​អនុវត្ត​តាម​ការ​ប្រកាស​របស់​ក្រសួង ហើយ​មាន​ក្រុមហ៊ុន​មួយ​ដែល​ទំនង​សំដៅ​ទៅ​លើ​ក្រុមហ៊ុន ស្មាត មិន​បាន​អនុវត្ត​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បង្កើន​ការ​លក់​សេវាកម្ម​ហៅ​ចេញ​ចូល​ទូរស័ព្ទ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ដើម ជា​យុទ្ធសាស្ត្រ​សម្លាប់​គូប្រជែង ដើម្បី​ទាញ​បាន​អតិថិជន​ខ្ពស់ ហើយ​យុទ្ធសាស្ត្រ​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​មួយ​នេះ។
លោក ឡាយ ម៉ារ៉ូ៖ «កាល​ណា​គាត់​លក់​ទាប​ពេក​ទៅ គាត់​លក់​ខាត​ដើម ឧទាហរណ៍​តម្លៃ​ដើម​គាត់​មួយ​សេន គាត់​លក់​ក្រោម​មួយ​សេន អ៊ីចឹង​មាន​ន័យ​ថា គាត់​ខាត គាត់​ប្រកាស​ថា​គាត់​អត់​មាន​លុយ​បង់​ពន្ធ​ជូន​រដ្ឋ។ គាត់​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​បាន​ច្រើន ហើយ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ដួល​មួយ​រយៈ ២ ទៅ ៣​ឆ្នាំ​សិន​ទៅ ដល់​ពេល​គាត់​នៅ​តែ​គាត់ អ៊ីចឹង​ទៅ​ថ្ងៃ​ក្រោយ​គាត់​អាច​ដំឡើង​ថ្លៃ​បាន»។

កាល​ពី​ខែ​មេសា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​កាល​ណោះ​មាន លោក សូរ ឃុន ជា​រដ្ឋមន្ត្រី ធ្លាប់​ចេញ​សេចក្តី​សម្រេច​ដូច​គ្នា​នេះ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត បញ្ឈប់​ការ​ផ្តល់​ប្រាក់​បន្ថែម​ដល់​អតិថិជន។ តែ​ភ្លាមៗ បាន​ពន្យារ​ពេល​អនុវត្ត ក្រោយ​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ពិសេស​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​បាន​ដាក់​រូប​ផ្ទាំង​ក្រុមហ៊ុន ស្មាត និង​ក្រុមហ៊ុន ម៉ូប៊ីថែល (MOBITEL) បង្ហោះ​ទន្ទឹម​គ្នា និង​បាន​ជជែក​ពី​ការ​ច្រណែន​ឈ្នានីស​របស់​ក្រុមហ៊ុន ម៉ូប៊ីថែល ដែល​ឈាន​ទៅ​ប្ដឹង​ផ្តល់​ឲ្យ​ក្រសួង​ប្រៃសណីយ៍ គាស់​កកាយ​រឿង​អត្រា​ហៅ​ចេញ​ទាប និង​បន្ថែម​លុយ​ច្រើន​របស់​ក្រុមហ៊ុន ស្មាត។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​បញ្ញតិករ​ទូរគមនាគមន៍ លោក ឡាយ ម៉ារ៉ូ បញ្ជាក់​ថា ក្រុមហ៊ុន ម៉ូប៊ីថែល មិន​ពាក់ព័ន្ធ​រឿង​នេះ​ទេ។ តែ​រដ្ឋាភិបាល​បាន​គាំទ្រ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​រដ្ឋ។

ក្រុមហ៊ុន ស្មាត បាន​ប្រកាស​ព័ត៌មាន​ភ្លាមៗ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ដល់​អតិថិជន​ពី​ការ​ផ្លាស់​ប្ដូរ​គម្រោង​តម្លៃ និង​កម្មវិធី​ខ្លះ​របស់​ខ្លួន ដោយ​អនុវត្ត​មិន​បន្ថែម​លុយ​ដល់​អតិថិជន ដែល​នាំ​ឲ្យ​ការ​ហៅ​ចេញ​ទាប​បំផុត ៤,៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ហៅ​ទៅ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត ៥,៩៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី។ កន្លង​មក ក្រុមហ៊ុន ស្មាត បាន​គិត​ថ្លៃ​តេ​ចេញ​ក្នុង​ប្រព័ន្ធ ៥​សេន​ដុល្លារ​ក្នុង​មួយ​នាទី និង​ថ្លៃ​ក្រៅ​ប្រព័ន្ធ ៨​សេន​ដុល្លារ​ក្នុង​មួយ​នាទី។

ក្រុមហ៊ុន ស្មាត ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ជាង​គេ​ទី​២​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមហ៊ុន ម៉ូប៊ីថែល ក្រោយ​ពី​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន ហេឡូ (Hello) ដែល​មាន​អតិថិជន​ជាង ៥​លាន​នាក់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ូប៊ីថែល បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ។

យ៉ាង​ណា ការ​ផ្លាស់​ប្ដូរ​ឲ្យ​ក្រុមហ៊ុន ស្មាត បញ្ឈប់​កម្មវិធី​ផ្តល់​ប្រាក់​ដល់​អតិថិជន និង​មាន​តម្លៃ​ហៅ​ចេញ​ខ្ពស់​ជាង​រាល់​ដង ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ដល់​ស្ថាប័ន​រដ្ឋ។

អតិថិជន​ម្នាក់​របស់​ក្រុមហ៊ុន ស្មាត និយាយ​ថា រដ្ឋ​គ្មាន​វិធាន​ការ​បញ្ចុះ​តម្លៃ​ទាប​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត។ តែ​ក្រុមហ៊ុន ស្មាត បាន​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ពិសេស​ដល់​អតិថិជន ប៉ុន្តែ​បែរ​ជា​គ្មាន​ការ​គាំទ្រ​ទៅ​វិញ៖ «ខ្ញុំ​ធ្លាប់​តែ​ប្រើប្រាស់ ១០​សេន ខ្ញុំ​និយាយ​បាន​ទៅ​ដល់ ១២០​នាទី ហើយ​ប្ដូរ​លុយ ២០​សេន ខ្ញុំ​បាន​លុយ​ដល់​ទៅ ២​ដុល្លារ ហើយ​ខ្ញុំ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង។ ខ្ញុំ​ឆ្ងល់​ថា ប្រទេស​កម្ពុជា យើង​លក្ខណៈ​ការ​ប្រកួតប្រជែង​ទីផ្សារ​សេរី គាត់​ធ្វើ​អ៊ីចឹង​មាន​ន័យ​ថា មិន​បង្ខិតបង្ខំ​ឲ្យ​រាស្ត្រ​ក្រ ហើយ​គាត់​មិន​ចង់​ឲ្យ​រាស្ត្រ​មាន​ផង​ហ្នឹង»។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​របាយការណ៍​ថ្មី​មួយ កាល​ពី​ខែ​វិច្ឆិកា ថា​វិស័យ​សេវាកម្ម​ត្រូវ​បាន​ចាត់​ទុក​ជា​ក្បាល​ម៉ាស៊ីន ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អាច​ជំរុញ​ឲ្យ​កម្ពុជា រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ លោក ភីធើ ប្រ៊ីមបល (Peter Brimble) អនុប្រធាន​ធនាគារ​នេះ​បញ្ជាក់​ថា ការ​វិនិយោគ​វិស័យ​សេវាកម្ម ដូច​ជា​ទូរគមនាគមន៍​នៅ​កម្ពុជា មាន​ការ​រក​ស៊ី​ផ្តាច់​មុខ ឬ​រួម​គ្នា​រក​ស៊ី​ផ្តាច់​មុខ៕

No comments: