Wednesday, December 04, 2013

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កំពង់ចាម​​​រង​ការ​គំរាម​កំហែង


សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម បាន​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​សកម្មភាព​គប់​ផ្ទះ និង​ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​យប់​ថ្ងៃ​ទី​២ ធ្នូ។ សកម្មជន​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា​ សកម្មភាព​នេះ​គឺ​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ និង​ការ​បំបាក់​ស្មារតី​សកម្មជន​បក្ស​ប្រឆាំង។

ដោយ​ សូត សុខប្រាថ្នា RFA 2013-12-04
   
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​តាអុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម លោក ម៉ៅ វ៉ុន ​បាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២ ធ្នូ មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ដុំ​ថ្ម​មក​គប់​លើ​ផ្ទះ​របស់​គាត់​ជា​ច្រើន​ដុំ​ មិន​តែប៉ុណ្ណោះ ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​នៅ​ក្បែរ​នោះ ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ដុំ​ដី​គប់​ទៅ​លើ​ដែរ។

លោក​ចាត់​ទុក​ករណី​នេះ ថា​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​​ គឺ​ដោយសារ​មិន​ចង់​ឱ្យ​លោក​និង​អ្នក​ផ្សេង​ទៀត​បន្ត​​គាំទ្រ​បក្ស​ប្រឆាំង៖ «អត់​ដែល​មាន​ផង ទើប​តែ​ខ្ញុំ​ចូល​ទៅ​សង្គ្រោះ​ជាតិ​ហ្នឹង​ ហើយ​ការ​បោះ​ឆ្នោត​ហ្នឹង ខ្ញុំ​សង្កេតការណ៍ ខ្ញុំ​ហែ​គណបក្ស​ហ្នឹង ដូច​ថា ខ្ញុំ​ហ្នឹង​ឈាន​មុខ​​ជាង​គេ​នៅ​ក្នុង​ភូមិ​ណា! បើ​តាម​មើល​បែប​ជា​ការ​គំរាមកំហែង​តែម្ដង ពីព្រោះ​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​នៅ​ក្នុង​ភូមិ​ផង។ អ៊ីចឹង​ករណី​នេះ ទើប​តែ​កើត​មាន​យប់មិញ​ហ្នឹង មុនៗ​មិន​ដែល​មាន​បញ្ហា​អី​ទេ»។
ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​តាអុង លោក ស៊ុំ ម៉ាច បាន​មាន​ប្រសាសន៍​ថា ខាង​លោក​បាន​រៀប​ចំ​សរសេរ​ពាក្យ​បណ្តឹង​ដាក់​ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ឃុំ​តាអុង នៅ​ថ្ងៃ​ទី​៤ ធ្នូ និង​ដាក់​សំណុំ​រឿង​ទៅ​សាលា​ឃុំ​ទៅ​តាម​ការ​ស្នើ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ជា​ការ​ពារ​ខ្លួន​ទុក​ជា​មុន​ ពីព្រោះ​គាត់​ខ្លាច​ថា នឹង​អាច​មាន​ករណី​បែប​នេះ​កើត​ឡើង​តទៅ​ទៀត។

ចំពោះ​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម លោក សេង ស៊ាងលី បាន​ឱ្យ​ដឹង​ដែរ​ថា នៅ​ក្រោយ​ពេល​បោះ​ឆ្នោត គឺ​មាន​ករណី​បែប​នេះ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ លោក​បន្ថែម​ទៀត​ថា រឿង​គប់ផ្ទះ​និង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ៕

No comments: