Monday, December 02, 2013

ពលរដ្ឋ​៣៣​គ្រួសារ​នៅ​បាត់ដំបង​រក​អន្តរាគមន៍​រឿង​បាត់បង់​លំនៅ​ពេល​ទឹក​ជំនន់


២-វិច្ឆិកា-២០១៣៖ ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម ៣៣​គ្រួសារ
នៅ​ភូមិ​តាង៉ែន ស្រុក​បាណន់ ខេត្ត​បាត់ដំបង សុំ​ឲ្យ​អង្គការ​លីកាដូ
ជួយ​អន្តរាគមន៍​រឿង​បាត់បង់​លំនៅឋាន​ពេល​ទឹក​ជំនន់​លិច​
អាង​កំពីងពួយ។ RFA/Soun Sophalmony
អ្នក​ភូមិ​ចំនួន ៣៣​គ្រួសារ​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ឲ្យ​​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ រក​ទីតាំង​ដី​លំនៅឋាន​ថ្មី​ឲ្យ​ពួក​គាត់​សង់​ផ្ទះ​រស់​នៅ​ឲ្យ​បាន​ឆាប់។

ដោយ សួន សុផ RFA December 2, 2013

លំនៅឋាន​របស់​ពួកគាត់​ដែល​មាន​នៅ​លើ​ខ្នង​ទំនប់​អាង​កំពីងពួយ ត្រូវ​បាន​ទឹក​ជំនន់​ហូរ​បំផ្លាញ​ខូចខាត​អស់​គ្មាន​សល់​ ហើយ​បច្ចុប្បន្ន​អ្នកភូមិ​ទាំង​នោះ​ ខ្លះ​សុំ​ផ្ទះ​គេ​ជ្រក​នៅ ខ្លះ​បោះតង់​រស់​នៅ និង​ខ្លះ​ទៀត​ស្នាក់​អាស្រ័យ​ជាមួយ​សាច់ញាតិ។

ប្រជាពលរដ្ឋ​ចំនួន ៣៣​គ្រួសារ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ចែក​ដី​ឲ្យ​ពួកគាត់​ដើម្បី​សង់​លំនៅឋាន​រស់​នៅ​ឲ្យ​បាន​ឆាប់។ អ្នក​ភូមិ​ទាំង​នោះ​ បាន​បាត់បង់​ទី​ជម្រក​អស់​រយៈ​ពេល​ជិត​ពីរ​ខែ​មក​ហើយ ដោយសារ​ទឹក​ជំនន់​ហូរ​កាត់​ខ្នង​ទំនប់​អាង​កំពីងពួយ បំផ្លាញ​ផ្ទះ​សម្បែង​ពួកគាត់​ខូច​ខាត​អស់​ទាំង​ស្រុង។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣​ ខណៈ​តំណាង​អ្នក​ភូមិ​ចំនួន ២១​នាក់​ ក្នុង​ចំណោម ៣៣​គ្រួសារ​ បាន​នាំ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង ឲ្យ​ជួយ។

ប្រជាពលរដ្ឋ​ឈ្មោះ ​ប្រាក់ សុផាត អាយុ​ ៥៦​ឆ្នាំ ថ្លែង​ថា ​អ្នកភូមិ​ទាំង ៣៣​គ្រួសារ​ រស់​នៅ​ភូមិ​តាង៉ែន ឃុំ​តាគ្រាម​ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ លំនៅឋាន​របស់​ពួកគាត់​ដែល​បាន​សាងសង់​រស់​នៅ​តាម​បណ្ដោយ​ខ្នង​ទំនប់​អាង​កំពីងពួយ​នោះ ត្រូវ​ទឹក​ជំនន់​ហូរ​កាត់​បំផ្លាញ​អស់​គ្មាន​សល់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៣។ បច្ចុប្បន្ន​ ពួកគាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ អ្នក​ខ្លះ​បោះ​តង់ អ្នក​ខ្លះ​សុំ​ផ្ទះ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន។
ប្រជាពលរដ្ឋ​ ប្រាក់ សុផាត៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទី​ជម្រក​ដែល​ពួក​ខ្ញុំ​ទាំង ៣៣​គ្រួសារ​ដែល​បាត់បង់​ជម្រក​ដោយសារ​ទឹក ថ្ងៃ​ទី​៨ ខែ​តុលា ហ្នឹង ឥឡូវ​រង់ចាំ​រដ្ឋាភិបាល​ យូរ អត់​ទាន់​មាន​ឃើញ​ដោះស្រាយ​អី​ឲ្យ​ពួក​យើង​ខ្ញុំ គាត់​សន្យា​ហើយ ប៉ុន្តែ​ពួក​ខ្ញុំ​រង់ចាំ​មើល​វា​ពីរ​ខែ​ហើយ គឺ​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​តុលា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ខ្វះ​តែ ៥​ថ្ងៃ​ទៀត​ពីរ​ខែ ហើយ​អត់​ទាន់​មាន​បាន​ផល​អី​សោះ»។

ក្រុម​អ្នក​ភូមិ​បន្ត​ថា ក្រោយ​ពី​ទឹក​ស្រក​ចុះ​ទៅ​វិញ អាជ្ញាធរ​បាន​ហាមឃាត់​ពួក​គាត់​មិន​ឲ្យ​ចូល​ទៅ​រស់​នៅ​លើ​ខ្នង​ទំនប់​អាង​កំពីងពួយ​នោះ​វិញ​ ដោយ​ពួកគេ​អះអាង​ ទី​តាំង​លំនៅឋាន​ចាស់​របស់​គាត់​នោះ​ត្រូវ​ទុក​រៀបចំ​ធ្វើ​ការ​អភិវឌ្ឍ​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សឿប តូន អាយុ ៣៣​ឆ្នាំ បញ្ជាក់​ថា ទន្ទឹម​គ្នា​នេះ​ក្រុម​អាជ្ញាធរ​បាន​សន្យា​ ដោះដូរ​ពួកគាត់​ឲ្យ​ទៅ​រស់​នៅ​លើ​ទីតាំង​ដី​ថ្មី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ពួកគាត់​ពុំ​ទាន់​ទទួល​បាន​អ្វី​ទាំង​អស់៖ «ផល​លំបាក​ក្រោយ​ពី​អស់​ផ្ទះសម្បែង​មក វា​លំបាក​ត្រង់​ការ​រស់​នៅ រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​គេ វា​លំបាក ហើយ​ពិបាក​សព្វ​ពិបាក​គ្រប់។ កាល​ណា​ដេក​យប់​ព្រលប់​វា​មិន​ដូច​ផ្ទះសម្បែង​ខ្លួន​យើង ហើយ​រស់​នៅ​តែលតោល មិន​ថា ទៅ​រក​ស៊ី​អី​ចោល​កូន​ផ្ទះសម្បែង។ សុំ​ឲ្យ​រដ្ឋាភិបាល​ដឹង​ឮ​ចំពោះ​រូប​ខ្ញុំ និង​បងប្អូន ៣៣​គ្រួសារ​ហ្នឹង​ សុំ​សំណូម​ពរ​អោយ​ពួក​ខ្ញុំ​រហ័ស​បាន​ទី​ជម្រក​វិញ»។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ថ្លែង​ថា ក្រោយ​ពី​ពួកគាត់​បាត់បង់​ទី​ជម្រក​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ដូច​ជា​ការ​បាត់​បង់​មុខ​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ ខ្វះ​ដី​ស្រែ​ចម្ការ កូន​ចៅ​ខក​ខាន​ពុំ​បាន​ទៅ​រៀន​សូត្រ​ និង​ពុំ​មាន​មុខ​របរ​ថ្មី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ជាដើម។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ជឿន រ៉ី ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​​ចុះ​រៀបចំ​រក​ដី​ថ្មី​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់៖ «សំណូមពរ​សុំ​ឲ្យ​អង្គការ​ជួយ​ដោះស្រាយ​ដឹង​ឮ​ពី​ការ​បាត់បង់​ផ្ទះ​សម្បែង​ដែល​ពួក​ខ្ញុំ​ត្រូវ​ទំនប់​បាក់​អស់​ហ្នឹង ជួយ​ដោះស្រាយ ដើម្បី​ពួក​ខ្ញុំ​នេះ​មាន​ជីវភាព​ផ្ទះ​សម្បែង​រស់​នៅ​បាន​ដូច​មុន​វិញ​ខ្លះ ទោះ​បី​មិន​បាន​ទាំង​អស់​ក៏​បាន ៥០% ទៅ ៦០% វិញ​ដែរ វា​គ្រាន់»។

ទាក់ទិន​បញ្ហា​នេះ​អភិបាល​ស្រុក​បាណន់​ លោក អ៊ឹង ប៊ុនជយ ថ្លែង​ថា ​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​រួច​ហើយ ដើម្បី​ដោះស្រាយ​ជូន​អ្នក​ភូមិ​ដែល​បាត់បង់​លំនៅឋាន​នៅ​លើ​ខ្នង​ទំនប់​អាង​កំពីងពួយ៖ «រក​ទី​តាំង​ដី​នៅ​អាង​កំពីងពួយ​ក្នុង​ពេល​ឆាប់ៗ ខែត្រ​រៀបចំ​គណៈកម្មការ​ចុះ​សិក្សា​គម្រោង​ហើយ​ដោះស្រាយ​ផល​ប៉ះពាល់​អន្តរក្រសួង​ ឲ្យ​គាត់​រើ... រង់ចាំ​គណៈកម្មការ​ខែត្រ​ចុះ​ទៅ​សិន»។

យ៉ាង​ណា​ក៏​ដោយ​គេ​ពុំ​បាន​ដឹង​ថា គណៈកម្មការ​ខេត្ត​នោះ​ នឹង​ត្រូវ​រក​ទី​តាំង​ដី​ថ្មី​ប្ដូរ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​នៅ​កន្លែង​ណា​ មាន​ទំហំ​ប៉ុណ្ណា និង​ជួយ​អ្វី​ខ្លះ​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​សង់​លំនៅឋាន​រស់​នៅ​លើ​ខ្នង​ទំនប់​អាង​កំពីងពួយ អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង ​លោក ហេង សាយហុង ថ្លែង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ កំពុង​ប្រឈម​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​អត់​មាន​​លំនៅឋាន​រស់​នៅ។ បញ្ហា​នេះ​បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​មិន​ចាត់​វិធានការ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​នោះ​ទេ​ ពួកគាត់​នឹង​ប្រឈម​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត៕

No comments: