អ្នកតវ៉ាជនជាតិថៃ គ្រវីទង់ជាតិពេលធ្វើបាតុកម្មនាទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ AFP/Christophe ARCHAMBAULT |
ក្រុមកម្មករនិងពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ជាក្រុមងាយរងគ្រោះ នៅគ្រាដែលប្រទេសថៃ កំពុងវឹកវរ គឺក្រុមអាវលឿងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដែលអូសបន្លាយពេលជាច្រើនថ្ងៃមក និងធ្វើឲ្យប្រជាពលរដ្ឋថៃ ជាច្រើននាក់ស្លាប់ និងរងរបួស ក្នុងនោះមានខ្មែរម្នាក់។
ឥឡូវនេះ មានករណីថ្មីទៀត ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ កំពុងស្វែងប្រជាពលរដ្ឋខ្មែរពីរនាក់ដែលថា ក្រុមសន្តិសុខថៃ បានចាប់ខ្លួននៅថ្ងៃទី២ ធ្នូ នេះ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំនៅទីក្រុងបាងកក បានឲ្យដឹងថា នៅបន្ទាប់ពីចាប់ខ្លួនព្រឹកថ្ងៃទី២ ធ្នូ នេះ ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ ៣ បានចាក់ផ្សាយការចាប់ខ្លួនជនជាតិខ្មែរពីរនាក់នោះ ដោយចាប់ដាក់រថយន្ត ចោទថា ជនជាតិខ្មែរពីរនាក់នោះបានព្យាយាមលួចជ្រៀតចូលកន្លែងធ្វើបាតុកម្ម និងស្វែងយល់ពីស្ថានភាពបាតុកម្មជាក់ស្ដែង ហើយមានបំណងបំផ្លាញពួកបាតុករថៃ។ លោកបញ្ជាក់ថា មកទល់ពេលនេះ លោកក៏មិនបានដឹងថា គេបញ្ជូនបុរសខ្មែរទាំងពីរនាក់នោះទៅដាក់នៅកន្លែងណានៅឡើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង មានប្រសាសន៍ថា ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក បានមិនឮព័ត៌មានអំពីការចាប់ខ្លួននេះទេ ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរកំពុងបានស្វែងរកបុរសពីរនាក់ដែលថា សន្តិសុខបាតុករថៃ ចាប់ខ្លួននោះ មិនទាន់រកឃើញនៅឡើយ។
លោក កុយ គួង បន្ថែមថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា មានកម្មករខ្មែរម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយសារតែក្រុមបាតុករថៃ ពីរក្រុមប៉ះទង្គិចគ្នានៅក្បែរកន្លែងកម្មករឈ្មោះ ប៊ុន រតនា ស្នាក់នៅ ហើយគ្រាប់កាំភ្លើងខ្ទាតត្រូវមួយគ្រាប់ តែមកទល់ពេលនេះមានការជួយជ្រោមជ្រែងពីស្ថានទូតខ្មែរ និងយកទៅព្យាបាលបានធូរស្បើយហើយ។ លោក កុយ គួង អះអាងថា កម្មករ ពលករខ្មែរមិនបានចូលរួមជាមួយក្រុមណាមួយរបស់ថៃ នោះទេ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ របស់ក្រុមអាវលឿងគាំទ្រគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនោះ បានកើតមានតាំងពីខែវិច្ឆិកា មក។ មកទល់ពេលនេះ ក្រុមបាតុករបានធ្វើរដ្ឋប្រហារប្រជាជនប្រឆាំងរដ្ឋាភិបាល ដោយទាមទារឲ្យអ្នកស្រី យីងឡាក់ ចុះចេញពីតំណែង ហើយក្រុមបាតុករបានសម្រុកចូលគ្រប់គ្រងស្ថាប័នរដ្ឋមួយចំនួន។
បញ្ហានេះអ្នកធ្វើការទាក់ទងនឹងកម្មករចំណាកស្រុក បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងធ្វើសេចក្ដីប្រកាសដល់ពលរដ្ឋរបស់ខ្លួនធ្វើការនៅប្រទេសថៃនោះ ឲ្យមានការប្រុងប្រយ័ត្នចំពោះការចាញ់បោកក្រុមណាមួយរបស់ថៃ។
ប្រធានអង្គការខារ៉ាម កម្ពុជា (CARAM) លោក យ៉ា ណាវុធ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ត្រូវមានសេចក្ដីជូនដំណឹង ឬយន្តការច្បាស់លាស់ក្នុងការការពារកម្មករ ពលករខ្មែរធ្វើការនៅប្រទេសថៃ កុំឲ្យងាយនឹងរងគ្រោះដោយសារតែការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋថៃ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួននោះ។
លោក យ៉ា ណាវុធ បានបង្ហាញរបាយការណ៍មួយរបស់អង្គការរ៉ាក់ថៃ បានឲ្យដឹងថា ពលករចំនួនបីប្រទេសធ្វើការនៅប្រទេសថៃ មានពលកម្មមកពីឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ឬភូមា ទាំងពលករមានឯកសារ និងគ្មានឯកសារ មានជាង ៣លាននាក់ ក្នុងនោះពលករខ្មែរមានប្រមាណ ១៥% គឺស្មើនឹងប្រមាណជា ៤សែននាក់ ដែលកំពុងតែធ្វើការនៅប្រទេសថៃ។
មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង អះអាងថា កម្មករខ្មែរមិនទៅចូលរួមណាមួយជាមួយថៃទេ ហើយគោលបំណងសំខាន់របស់កម្មករខ្មែរទៅថៃនោះ គឺសំខាន់ដើម្បីរកប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារ៕
2 comments:
En fin les yeack minhs thai se faire chassé par le peuple thai, car la politique de madame yeangluck est pro youn.
Le projet de ho chi minh d aller jusqu'à la frontière
De Malaisie, mais maintenant le peuple thai se reveil à temps.
I don't believe those are Khmers but those are Viet's agents carring Khmer pasport only. Thai's authority must controll aks them hard.
Post a Comment