Monday, December 02, 2013

សន្តិសុខ​ការពារ​បាតុករ​​​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​២​នាក់


អ្នក​តវ៉ា​ជនជាតិ​ថៃ គ្រវី​ទង់ជាតិ​ពេល​ធ្វើ​បាតុកម្ម​នា​ទីក្រុង​បាងកក
កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ AFP/Christophe ARCHAMBAULT
ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-02

ក្រុម​កម្មករ​និង​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ក្រុម​ងាយ​រងគ្រោះ នៅ​គ្រា​ដែល​ប្រទេស​ថៃ កំពុង​វឹកវរ គឺ​ក្រុម​អាវ​លឿង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ថ្ងៃ​មក និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ ជា​ច្រើន​នាក់​ស្លាប់ និង​រង​របួស ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់។

ឥឡូវ​នេះ មាន​ករណី​ថ្មី​ទៀត ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​ស្វែង​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​ថា ក្រុម​សន្តិសុខ​ថៃ បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ឲ្យ​ដឹង​ថា នៅ​បន្ទាប់​ពី​ចាប់​ខ្លួន​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ នេះ ទូរទស្សន៍​ថៃ ប៉ុស្តិ៍​លេខ ៣ បាន​ចាក់​ផ្សាយ​ការ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​នោះ ដោយ​ចាប់​ដាក់​រថយន្ត ចោទ​ថា ជនជាតិ​ខ្មែរ​ពីរ​នាក់​នោះ​បាន​ព្យាយាម​លួច​ជ្រៀត​ចូល​កន្លែង​ធ្វើ​បាតុកម្ម និង​ស្វែង​យល់​ពី​ស្ថានភាព​បាតុកម្ម​ជាក់​ស្ដែង ហើយ​មាន​បំណង​បំផ្លាញ​ពួក​បាតុករ​ថៃ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​ក៏​មិន​បាន​ដឹង​ថា គេ​បញ្ជូន​បុរស​ខ្មែរ​ទាំង​ពីរ​នាក់​នោះ​ទៅ​ដាក់​នៅ​កន្លែង​ណា​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​ថា ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​មិន​ឮ​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ ប៉ុន្តែ​មន្ត្រី​ស្ថានទូត​ខ្មែរ​កំពុង​បាន​ស្វែង​រក​បុរស​ពីរ​នាក់​ដែល​ថា សន្តិសុខ​បាតុករ​ថៃ ចាប់​ខ្លួន​នោះ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

លោក កុយ គួង បន្ថែម​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​កម្មករ​ខ្មែរ​ម្នាក់​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង ដោយសារ​តែ​ក្រុម​បាតុករ​ថៃ ពីរ​ក្រុម​ប៉ះ​ទង្គិច​គ្នា​នៅ​ក្បែរ​កន្លែង​កម្មករ​ឈ្មោះ ប៊ុន រតនា ស្នាក់​នៅ ហើយ​គ្រាប់​កាំភ្លើង​ខ្ទាត​ត្រូវ​មួយ​គ្រាប់ តែ​មក​ទល់​ពេល​នេះ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​ខ្មែរ និង​យក​ទៅ​ព្យាបាល​បាន​ធូរ​ស្បើយ​ហើយ។ លោក កុយ គួង អះអាង​ថា កម្មករ ពលករ​ខ្មែរ​មិន​បាន​ចូល​រួម​ជាមួយ​ក្រុម​ណា​មួយ​របស់​ថៃ នោះ​ទេ។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ របស់​ក្រុម​អាវ​លឿង​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​នោះ បាន​កើត​មាន​តាំង​ពី​ខែ​វិច្ឆិកា មក។ មក​ទល់​ពេល​នេះ ក្រុម​បាតុករ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ប្រជាជន​ប្រឆាំង​រដ្ឋាភិបាល ដោយ​ទាមទារ​ឲ្យ​អ្នកស្រី យីងឡាក់ ចុះ​ចេញ​ពី​តំណែង ហើយ​ក្រុម​បាតុករ​បាន​សម្រុក​ចូល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

បញ្ហា​នេះ​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​កម្មករ​ចំណាក​ស្រុក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​ច្បាស់លាស់ និង​ធ្វើ​សេចក្ដី​ប្រកាស​ដល់​ពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាញ់​បោក​ក្រុម​ណា​មួយ​របស់​ថៃ។

ប្រធាន​អង្គការ​ខារ៉ាម កម្ពុជា (CARAM) លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​សេចក្ដី​ជូន​ដំណឹង ឬ​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ការពារ​កម្មករ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កុំ​ឲ្យ​ងាយ​នឹង​រង​គ្រោះ​ដោយសារ​តែ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ថៃ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន​នោះ។

លោក យ៉ា ណាវុធ បាន​បង្ហាញ​របាយការណ៍​មួយ​របស់​អង្គការ​រ៉ាក់ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ចំនួន​បី​ប្រទេស​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ពលកម្ម​មក​ពី​ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា ឬ​ភូមា ទាំង​ពលករ​មាន​ឯកសារ និង​គ្មាន​ឯកសារ មាន​ជាង ៣​លាន​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​មាន​ប្រមាណ ១៥% គឺ​ស្មើ​នឹង​ប្រមាណ​ជា ៤​សែន​នាក់ ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង អះអាង​ថា កម្មករ​ខ្មែរ​មិន​ទៅ​ចូល​រួម​ណា​មួយ​ជា​មួយ​ថៃ​ទេ ហើយ​គោលបំណង​សំខាន់​របស់​កម្មករ​ខ្មែរ​ទៅ​ថៃ​នោះ គឺ​សំខាន់​ដើម្បី​រក​ប្រាក់​ចំណូល​យក​មក​ផ្គត់ផ្គង់​គ្រួសារ៕

2 comments:

Anonymous said...

En fin les yeack minhs thai se faire chassé par le peuple thai, car la politique de madame yeangluck est pro youn.
Le projet de ho chi minh d aller jusqu'à la frontière
De Malaisie, mais maintenant le peuple thai se reveil à temps.

Anonymous said...

I don't believe those are Khmers but those are Viet's agents carring Khmer pasport only. Thai's authority must controll aks them hard.