អនុប្រធានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (អេ.ឌី.ប៊ី = ADB) នៅកម្ពុជា លោក ភិធឺ ប្រីមប៊ូល (Peter Brimble) ថ្លែងក្នុងសន្និសីទ កាសែត នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣។ RFA/Sok Serey |
ដោយ អាន ស៊ីថាវ RFA 2013-12-07
ប្រទេសកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាប្រភពកំណើនសេដ្ឋកិច្ច និងជាគន្លឹះកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ វិស័យបង្កបង្កើនផលនៅប្រទេសកម្ពុជា ពេលនេះមិនមែនជាកត្តាជំរុញសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ទៀតឡើយ។ ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិជាច្រើន បានព្យាករកំណើនសេដ្ឋកិច្ចស្ទើរតែប្រហាក់ប្រហែលគ្នានៅក្នុងឆ្នាំនេះ និងឆ្នាំ២០១៤។ ស្របពេលជាមួយគ្នានេះ ស្ថាប័នទាំងនោះក៏បានព្រមានពីបញ្ហាប្រឈមដែលប្រទេសកម្ពុជា ត្រូវដោះស្រាយឲ្យបានជាអតិបរមា។
ធនាគារពិភពលោក ប្រចាំកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចមានលក្ខណៈរឹងមាំ ដែលមានអត្រាកំណើន ៧% នៅក្នុងឆ្នាំ២០១៣។ ម៉្យាងវិញទៀត ការអភិវឌ្ឍរបស់កម្ពុជា កន្លងមក ក៏បានជំរុញឲ្យអត្រាភាពក្រីក្របានថយចុះប្រមាណ ២០% រហូតដល់បច្ចុប្បន្ន។ ការសម្រេចបានលទ្ធផលនេះ ដោយសារតែមានកំណើនពីវិស័យសំខាន់បី ដូចជាវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ និងវិស័យកសិកម្ម។ ប៉ុន្តែ ធនាគារពិភពលោក បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ចនេះក៏ដោយ ក៏មានអ្នកងាយរងគ្រោះខ្លាំងនៅឡើយ។
ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាឡាសាន សូ (Alassane Sow) បានអះអាងថា សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវការរីកចម្រើនខ្ពស់នៅទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែកម្ពុជា នៅមានបញ្ហាប្រឈមធំនៅឡើយ ដោយសារមានប្រជាពលរដ្ឋប្រមាណ ៥០% ជាអ្នកងាយរងគ្រោះពីវិបត្តិសេដ្ឋកិច្ច ឬកលិយុគនានា ដែលធ្វើឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រសាជាថ្មីវិញ។
ធនាគារពិភពលោក រកឃើញថា ក្រុមប្រជាពលរដ្ឋកម្ពុជា ដែលរួចផុតពីភាពក្រីក្រ មិនមែនមានន័យថា ពួកគាត់មានជីវភាពធូរធារនោះទេ។ ក្រុមប្រជាពលរដ្ឋទាំងនោះស្ថិតនៅបន្ទាត់ភាពក្រីក្រតែបន្តិចប៉ុណ្ណោះ។ ធនាគារពិភពលោក បានបញ្ជាក់ថា បើសិនជាគាត់បាត់បង់ចំណូលប្រមាណ ១.២០០រៀលក្នុងមួយថ្ងៃ គាត់នឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ។
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា វិញ ក៏បានរកឃើញថា វិស័យកសិកម្ម សំណង់ កាត់ដេរ មិនមែនជាកត្តាចម្បងជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនខ្លាំងដូចពេលមុនទៀតទេ។ វិស័យដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា គឺវិស័យសេវាកម្ម ដែលចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ទៀតថា បញ្ហាប្រឈមជាច្រើនដែលកម្ពុជា ត្រូវដោះស្រាយដើម្បីលើកកម្ពស់វិស័យសេវាកម្មនោះ។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក ភិធឺ ប្រីមប៊ូល (Peter Brimble) បានអះអាងថា ការលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យសេវាកម្មនៅមានកម្រិត។ ការវិនិយោគមួយចំនួន ជាការវិនិយោគផ្ដាច់មុខ ឬរួមគ្នាផ្ដាច់មុខលើវិស័យសេវាកម្ម។ លោកបញ្ជាក់ទៀតថា ការវិនិយោគបរទេសនៅកម្ពុជា ភាគច្រើនមិនមានការផ្ដាច់មុខឡើយ ប៉ុន្តែបើការរួមទុនវិនិយោគរវាងអ្នកវិនិយោគបរទេស និងក្នុងស្រុក ភាគច្រើនប្រតិបត្តិផ្ដាច់មុខ។
«សំឡេង»
បន្ថែមលើនេះ របាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានរកឃើញថា កត្តាដែលរាំងស្ទះដល់វិស័យសេវាកម្ម រួមមាន កង្វះហេដ្ឋារចនាសម្ព័ន្ធ ការចំណាយខ្ពស់លើថ្លៃអគ្គិសនី ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានានៅមិនទាន់មានគ្រប់គ្រាន់នៅឡើយ។
ស្របពេលជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានរកឃើញថា បញ្ហាប្រឈមរបស់កម្ពុជា បច្ចុប្បន្ន គឺអត្រាគ្មានការងារសម្រាប់យុវជនមានកម្រិតខ្ពស់។ នាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ អ្នកស្រី គ្រីស្ទីន ឡាហ្កាត (Christine Lagarde) បានអះអាងថា នៅពេលទស្សនកិច្ចកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ថា ការអប់រំ និងការបង្កើតការងារសម្រាប់យុវជន ជាគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ អត្រាយុវជនចូលក្នុងទីផ្សារការងារមានចំនួន ២៥ម៉ឺននាក់រៀងរាល់ឆ្នាំ។
អ្នកស្រីបញ្ជាក់ថា ស្របពេលដែលកម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ច ៧% ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ប៉ុន្តែការអប់រំ និងការផ្ដល់ជំនាញដល់យុវជននៅមានកម្រិតទាប។ ហើយការចំណាយលើវិស័យអប់រំមានប្រមាណជាង ២% នៃទំហំសេដ្ឋកិច្ចប៉ុណ្ណោះ។ ម៉្យាងវិញទៀត កម្ពុជា ត្រូវវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ រួមទាំងបង្កើនមូលដ្ឋានសេដ្ឋកិច្ចឲ្យបានច្រើនជាងមុន។
ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា បានព្រមានថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបានរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋប្រមាណ ៨០% មានដីតិចជាងមួយហិកតារ ស្របពេលដែលមនុស្ស ២០% មានដីច្រើនជាង ៥០០ហិកតារ។
អ្នកសេដ្ឋកិច្ចកម្ពុជា ក៏បានធ្លាប់អះអាងថា ប្រទេសកម្ពុជា នឹងអាចធ្លាក់ចូលទៅក្នុងអន្ទាក់ប្រទេសក្រីក្រលើពិភពលោក ប្រសិនបើមិនស្វែងរកការពង្រីកមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀត ឬការធ្វើកំណែទម្រង់បម្រើឲ្យផលប្រយោជន៍មនុស្សមួយក្រុមតូចនោះ៕
No comments:
Post a Comment