Sunday, December 08, 2013
កម្ពុជាអំពាវនាវអន្តរជាតិបន្តជួយដល់ការអភិរក្សបេតិកភណ្ឌសម្បត្តិវប្បធម៌
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា យុទ្ធនាការអង្គរ មិនត្រឹមតែជាការអភិវឌ្ឍ និងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានរួមចំណែកនាំទៅដល់ការសម្រេចគោលដៅអភិវឌ្ឍន៍កម្ពុជា ដែរ។ ដោយសារកត្តាសំខាន់នេះ រដ្ឋាភិបាលកម្ពុជា កំពុងទាក់ទាញឱ្យប្រទេសម្ចាស់ជំនួយ និងសហគមន៍អន្តរជាតិ បន្តការប្ដេជ្ញាចិត្តជាថ្មីទៀត ទៅលើសកម្មភាពរួមគ្នាការពារ និងអភិរក្សរមណីយដ្ឋានអង្គរ ជាមួយអាជ្ញាអប្សរា សម្រាប់រយៈពេល ១០ឆ្នាំតទៅមុខ។
ដោយ ហង្ស សាវយុត RFA 2013-12-07
រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តផ្ដោតការយកចិត្តទុកដាក់ទូលំទូលាយសព្វជ្រុងជ្រោយ និងស៊ីជម្រៅ ទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបេតិកភណ្ឌសម្បត្តិវប្បធម៌ដែលកំពុងមាននៅក្នុងប្រទេសនេះ។
ការអំពាវនាវនេះ គេយល់ឃើញថា កិច្ចការអភិរក្ស និងការពារបេតិកភណ្ឌ បានផ្សារភ្ជាប់គ្នាទៅនឹងការកាត់បន្ថយភាពក្រីក្រ ដោយផ្ដល់មកនូវសេដ្ឋកិច្ចដ៏រឹងមាំជំនួសវិញ ដែលអាចនឹងឆ្លើយតបបានចំពោះការអភិវឌ្ឍដែលប្រកបដោយចិរភាព។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងនៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ ស្ដីពីអង្គរនៅខេត្តសៀមរាប ថា រយៈពេល ១០ឆ្នាំកន្លងមក រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ដែលមានវិសាលភាពអាចអនុវត្តទាំងថ្នាក់តំបន់ ក៏ដូចជាថ្នាក់មូលដ្ឋាន គឺខិតខំអភិរក្ស និងអភិវឌ្ឍអង្គរ ដោយផ្សារភ្ជាប់ទៅនឹងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការផ្ដោតការយកចិត្តទុកដាក់អភិរក្សបូរណភាពនៃរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងរក្សាភាពដើមរបស់ប្រាង្គប្រាសាទទាំងឡាយ គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិអង្គការយូណេស្កូ (UNESCO) និងប្រទេសជាង២០ រួមទាំងស្ថាប័នវិទ្យាសាស្ត្រវប្បធម៌ និងអ្នកបច្ចេកទេសមកពីទ្វីបទាំង៤។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការគាំទ្រទាំងនេះ គឺឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អង្គរនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC)៖ «អ្វីដែលយើងបានប្រឹងប្រែងរួមគ្នាកន្លងមកនេះ គឺក្នុងគោលដៅជួយសង្គ្រោះអង្គរ ហើយអ្វីដែលនឹងកើតមកជាមួយនោះ គឺការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយក្រីក្ររបស់ប្រជាជន។ ក្នុងទិសដៅធានាសម្រេចឱ្យបាននូវគោលដៅដ៏ពិសិដ្ឋនេះ រាជរដ្ឋាភិបាលនីតិកាលទី៥ នឹងបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក តាមរយៈការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តសំដៅលើកស្ទួយនីតិរដ្ឋ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ចាប់តាំងពីឆ្នាំ១៩៩៣ មក គឺមានគម្រោងស្រាវជ្រាវអភិរក្ស ក៏ដូចជាកម្មវិធីលើកកម្ពស់តម្លៃនៃការអភិវឌ្ឍប្រកបដោយចិរភាព ទៅលើអង្គរជាច្រើន។ គម្រោងទាំងឡាយនោះ គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការ អាយ.ស៊ី.ស៊ី អង្គរ ដែលសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សរា។
រដ្ឋាភិបាលទទួលស្គាល់ថា ជោគជ័យរបស់គណៈកម្មាធិការ អាយ.ស៊ី.ស៊ី អង្គរ លើគម្រោងស្រាវជ្រាវអភិរក្ស ក៏ដូចជាកម្មវិធីលើកកម្ពស់តម្លៃនៃការអភិវឌ្ឍប្រកបដោយចិរភាពជាច្រើន ក្នុងរយៈពេល ២០ឆ្នាំមកនេះ គឺមិនអាចកាត់ផ្ដាច់បានពីការរួមចំណែកយ៉ាងសំខាន់របស់ប្រទេសជប៉ុន និងបារាំង ដែលតែងបំពេញតួនាទីប្រកបដោយគតិបណ្ឌិតនោះទេ។
ប្រទេសជប៉ុន បានប្ដេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកម្ពុជា ក្នុងកិច្ចអភិរក្ស និងជួសជុលប្រាសាទបុរាណជាច្រើនទៀត។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ាស៊ូម៉ាសា ណាហ្គាមីណេ (Yasumasa Naga mine) បានមានប្រសាសន៍ថា កាលពីខែវិច្ឆិកា កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នៅក្នុងអំឡុងទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន និងប្រមុខរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅលើគម្រោងអភិរក្ស និងជួសជុលប្រាសាទបុរាណជាច្រើនទៀត៖ «ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការអភិរក្ស និងថែរក្សាអង្គររវាងកម្ពុជា-ជប៉ុន នឹងមានការអភិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរជំនាញបច្ចេកទេសឱ្យគ្នាទៅវិញទៅមក ក្នុងកម្រិតខ្ពស់។ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះខ្មែរ ៤ភាគី កាលពីឆ្នាំ១៩៩១ មក ជប៉ុន បានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី១ ដើម្បីរៀបចំផែនការការពារ និងថែរក្សាអង្គរ នៅក្នុងឆ្នាំ១៩៩៣»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ កម្ពុជា បានជោគជ័យក្នុងការកៀរគរប្រទេសម្ចាស់ជំនួយ ដើម្បីរកមូលនិធិ និងអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាច្រើន ឱ្យមកចូលរួមជួសជុលអភិរក្សប្រាសាទបុរាណ ព្រមទាំងបេតិកភណ្ឌនៃរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនកន្លែង។
ប្រធានសន្និសីទអន្តររដ្ឋាភិបាល ស្ដីពីអង្គរលើកទី៣ និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ ប្រទេសកម្ពុជា បានទទួលជោគជ័យនៅក្នុងគម្រោងអភិរក្ស និងថែរក្សាប្រាសាទបុរាណ ព្រមទាំងតំបន់បេតិកភណ្ឌជាច្រើន ដោយអាចប្រមូលបានមូលនិធិប្រហាក់ប្រហែល ២៥០លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងមានអង្គការក្រៅរដ្ឋាភិបាលចម្រុះជាតិសាសន៍ជាច្រើន មកចូលរួមជួយជួសជុលប្រាសាទបុរាណ។
លោក សុខ អាន បានបញ្ជាក់ថា មានប្រាសាទបុរាណធំៗមួយចំនួននៅតំបន់អង្គរ ត្រូវចំណាយពេលជួសជុលជាច្រើនឆ្នាំ ដោយចំណាយថវិកាអស់រាប់លាន ដូចជាប្រាសាទបាពួន ត្រូវប្រទេសបារាំង ប្រើពេលជួសជុលចំនួន ១៦ឆ្នាំ ឯប្រាសាទបាយ័ន ត្រូវប្រទេសជប៉ុន ប្រើពេលជួសជុល ១៩ឆ្នាំមកហើយ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ២៦លានដុល្លារ៖ «នេះជាជោគជ័យទី១ របៀបរបបធ្វើការ អាយ.ស៊ី.ស៊ី ប្រជុំ១ឆ្នាំ២ដង ហើយគេបូកសរុបយោបល់របៀបសហប្រតិបត្តិការបានដោយជោគជ័យ មិនដែលមានទំនាស់អីទេ មានតែការងារសហការរលូនតាមរយៈប្រព័ន្ធការងាររបស់ អាយ.ស៊ី.ស៊ី ហ្នឹង។ មិនងាយមានគម្រោងណាប្រមូលបានប្រទេសច្រើន អង្គការសហប្រជាជាតិច្រើនអ៊ីចឹងមកចូលរួម ហើយចលនាបានថវិកាច្រើនជាងនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចនៅកម្ពុជា យើងនេះ។ ហ្នឹង គឺជាលទ្ធផលជាក់ស្ដែង ហ្នឹងហើយដែលខ្ញុំនិយាយថា ជោគជ័យក្នុងរយៈកាលកន្លងមក»។
បន្ទាប់ពីការអះអាងនៃជោគជ័យរយៈពេល ១០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងប្រឹងប្រែងអំពាវនាវជាថ្មីម្ដងទៀតនៅក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្ដីពីអង្គរលើកទី៣ ឱ្យសហគមន៍អន្តរជាតិនៅតែបន្តជួយទៅដល់គម្រោងនៃកិច្ចការពារ និងអភិរក្សប្រាសាទបុរាណជាច្រើនក្នុងប្រទេសនេះ ដែលកំពុងត្រូវការជួសជុលឡើងវិញជាចាំបាច់។
លោក សុខ អាន បានបញ្ជាក់ថា នៅក្នុងគម្រោងរយៈពេល ១០ឆ្នាំបន្តទៅមុខទៀត គឺកម្ពុជា បានទទួលគម្រោង២ធំៗ ដើម្បីជួសជុលទៅលើប្រាសាទបុរាណកោះកែរ នៅក្នុងស្រុកគូលែន និងប្រាសាទព្រះខ័ន កំពង់ស្វាយ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលប្រាសាទទាំងពីរនេះពុំធ្លាប់មានគម្រោងជួសជុលទេពីមុនមក។
លោក អ៊ឹម សុខរិទ្ធី មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា បានឱ្យដឹងថា ប្រាសាទកោះកែរ ដែលស្ថិតនៅឃុំស្រយង់ ស្រុកគូលែន កសាងឡើងកាលពីអំឡុងសតវត្សទី១០ នៃគ្រិស្ដសករាជ ត្រូវបានប្រទេសហុងគ្រី ចាប់ផ្ដើមសិក្សាស្រាវជ្រាវ ២-៣ឆ្នាំមកហើយ ដើម្បីឈានទៅរកការជួសជុល។ ចំណែកប្រាសាទព្រះខ័ន កំពង់ស្វាយ នៅក្នុងឃុំរណសិរ្ស កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងសតវត្សទី១១ នៃគ្រិស្ដសករាជ ត្រូវបានប្រទេសឥណ្ឌា ធានាជួសជុល ដែលគម្រោងនឹងចាប់ផ្ដើមនៅពេលខាងមុខ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment