ធម្មយាត្រារបស់ក្រុមសង្គមស៊ីវិល ព្រះសង្ឃ ហែក្បួន ចេញពីខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣។ RFA/Saut Sokpratha |
ដោយ វោហារ ជាតិ RFA 2013-12-01
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) មានប្រសាសន៍នៅថ្ងៃទី១ ធ្នូ ថា៖ «នៅថ្ងៃទី១ ធ្នូ នេះ គឺជាថ្ងៃចាប់ផ្ដើមយុទ្ធនាការធម្មយាត្រា យើងមាន ៥ខ្សែ យុទ្ធនាការចេញដំណើរពីខេត្ត៥។ ក្នុងខ្សែនីមួយៗ បានកំណត់ដើរក្នុងមួយថ្ងៃឲ្យបាន ១៦គីឡូម៉ែត្រ ធ្វើដូច្នេះទើបក្នុងរយៈពេល ១០ថ្ងៃ យើងបានមកដល់ភ្នំពេញ តាមការកំណត់។ លើកលែងតែខេត្តកំពង់ស្ពឺ នៅជិតភ្នំពេញ»។
លោក អំ សំអាត ឲ្យដឹងថា អ្នកធម្មយាត្រាចេញដំណើរពីខេត្ត៥នោះ មកកាន់រាជធានីភ្នំពេញ មានខេត្តកំពង់ស្ពឺ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីខេត្តកំពត តាមផ្លូវជាតិលេខ៣ ពីស្វាយរៀង ចេញតាមផ្លូវជាតិលេខ១ កំពង់ធំ តាមផ្លូវជាតិលេខ ៦អា និងខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥។
លោកថា ក្នុងខ្សែនីមួយៗមានអ្នកធម្មយាត្រា ៥០ ទៅ ៦០នាក់ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវណាដែលចង់ចូលរួមធម្មយាត្រាអាចចូលរួមដោយស្ម័គ្រចិត្ត។
គោលបំណងនៃធម្មយាត្រានេះ គឺដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិមនុស្ស និងសន្តិភាព។
ខេត្តពោធិ៍សាត់
ដោយ ជិន ជេដ្ឋា
ធម្មយាត្រារបស់ក្រុមសង្គមស៊ីវិល ព្រះសង្ឃ ហែក្បួន ចេញពីខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣។ Licadho Photo |
ព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ និងបុរីកីឡា បានទៅដល់វត្តបន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីរៀបចំហែក្បួនធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី១ ខែធ្នូ ក៏ប៉ុន្តែពួកគាត់អះអាងថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ មានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះបានព្យាយាមរំខានការស្នាក់នៅរបស់ពួកគាត់។
ព្រះសង្ឃមួយអង្គគង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានមានថេរដីកាថា កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ព្រះសង្ឃ និងប្រជាពលរដ្ឋមានការលំបាកខ្លាំងក្នុងការស្នាក់នៅក្នុងវត្តបន្ទាយដី ពីព្រោះថា ទ្វារសាលាឆាន់ និងព្រះវិហារត្រូវបានគេចាក់សោជាប់ ហើយមានកម្លាំងសមត្ថកិច្ច ដូចជាប៉ូលិស ប៉េអឹម និងទាហានជាដើម បានមកសួរនាំ និងព្យាយាមរំខានការជួបជុំរបស់ពួកគាត់។
ចំណែកប្រជាពលរដ្ឋម្នាក់មកពីសហគមន៍បុរីកីឡា អ្នកស្រី សំ ចាន់ណារី មានប្រសាសន៍ថា ប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា ចំនួន ២១នាក់ និងបឹងកក់ចំនួន ៤នាក់ បានចូលរួមក្នុងការដើរក្បួនធម្មយាត្រានេះ។ អ្នកស្រីគិតថា ការដើរក្បួននេះមានសារសំខាន់ និងអាចធ្វើឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពរឹតត្បិតសិទ្ធិជួបជុំ ឬការប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សារុន ចន្ធី មានប្រសាសន៍បញ្ជាក់ថា ក្រុមសមត្ថកិច្ចមិនបានបង្កការលំបាក ឬរំខានដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងនោះឡើយ គឺគ្រាន់តែចង់ដឹងអំពីគោលបំណង និងការស្នាក់នៅរបស់ពួកគាត់ប៉ុណ្ណោះ។ លោកបន្តថា ចំពោះសកម្មភាពចាក់សោទ្វារព្រះវិហារ ឬសាលាឆាន់ មិនឲ្យក្រុមធ្វើធម្មយាត្រាបានចូលទៅសម្រាកនោះ គឺលោកមិនអាចក្ដាប់បានទេ ព្រោះវាជាកម្មសិទ្ធិរបស់វត្ត។
លោកបញ្ជាក់ថា អាជ្ញាធរនិងសមត្ថកិច្ចបានជួយសម្រួលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលហែក្បួនធម្មយាត្រាតាមបណ្ដោយផ្លូវជាតិលេខ៥ ទាំងផ្នែកសន្តិសុខ និងចរាចរណ៍នៅតាមឃុំមួយចំនួនទៀតផង។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្ស ជាពិសេសសេរីភាពក្នុងការជួបជុំនៅខេត្តពោធិ៍សាត់ នៅមានការរឹតត្បិតខ្លាំងនៅឡើយ។
ក្បូនដង្ហែធម្មយាត្រា-សិទ្ធិយាត្រា នៃទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៥ ឆ្នាំ២០១៣ នេះ មានមន្ត្រីអង្គការសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវចំណាយពេលចំនួន ១០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីធ្វើដំណើររហូតដល់មុខវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។ ក្បួននេះបានចេញដំណើរពីបណ្ដាខេត្ត និងក្រុងសំខាន់ៗមួយចំនួន កាត់តាមផ្លូវជាតិចំនួន៥ គឺផ្លូវជាតិលេខ១ ចាប់ផ្ដើមពីទីរួមស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ផ្លូវជាតិលេខ៣ ចាប់ផ្ដើមចេញពីទីរួមក្រុងកំពត ខេត្តកំពត។ ផ្លូវជាតិលេខ៤ ចាប់ផ្ដើមចេញពីឃុំអមលាំង ស្រុកថ្ពង កំពង់ស្ពឺ។ ផ្លូវជាតិលេខ៥ ចាប់ផ្ដើមចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងផ្លូវជាតិលេខ៦ ចាប់ផ្ដើមចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ៕
2 comments:
Do you think hun sen yourn will listen or care about what you are doing? I don't think him and yourn will obey or listen to this kind of action. I believe Khmer people will get tired and don't have much more effort or energy plus money to do this activity. Please think other ways or new strategy before our people getting so exhausted and don't want to do any action anymore.
yuon vea kheunh
khmer (thorm-mayeatra)
chkuot-chkuot jeung
vea sabay70 joy mray heuy...
Post a Comment