Sunday, December 01, 2013

សង្គម​ស៊ីវិល​ចាប់​ផ្ដើម​យុទ្ធនាការ​ធម្មយាត្រា


ធម្មយាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល ព្រះសង្ឃ ហែ​ក្បួន​
ចេញ​ពី​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។
 RFA/Saut Sokpratha
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ព្រះសង្ឃ​ប្រហែល ៥០០​នាក់ ចាប់​ផ្ដើម​ចេញ​ដំណើរ​ធ្វើ​យុទ្ធនាការ​ធម្មយាត្រា សិទ្ធិ​យាត្រា ចាប់​ពី​ថ្ងៃ​ទី​១ ធ្នូ នេះ​ត​ទៅ ដែល​ក្បួន​ហែ​នេះ​មាន​រយៈពេល ១០​ថ្ងៃ។

ដោយ វោហារ ជាតិ RFA 2013-12-01

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា៖ «នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​ធម្មយាត្រា យើង​មាន ៥​ខ្សែ យុទ្ធនាការ​ចេញ​ដំណើរ​ពី​ខេត្ត​៥។ ក្នុង​ខ្សែ​នីមួយៗ បាន​កំណត់​ដើរ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន ១៦​គីឡូម៉ែត្រ ធ្វើ​ដូច្នេះ​ទើប​ក្នុង​រយៈ​ពេល ១០​ថ្ងៃ យើង​បាន​មក​ដល់​ភ្នំពេញ តាម​ការកំណត់។ លើក​លែង​តែ​ខេត្ត​កំពង់ស្ពឺ នៅ​ជិត​ភ្នំពេញ»។
លោក អំ សំអាត ឲ្យ​ដឹង​ថា អ្នក​ធម្មយាត្រា​ចេញ​ដំណើរ​ពី​ខេត្ត​៥​នោះ មក​កាន់​រាជធានី​ភ្នំពេញ មាន​​ខេត្ត​កំពង់ស្ពឺ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ពី​ខេត្ត​កំពត តាម​ផ្លូវ​ជាតិ​លេខ​៣ ពី​ស្វាយរៀង ចេញ​តាម​ផ្លូវ​ជាតិ​លេខ​១ កំពង់ធំ តាម​ផ្លូវ​ជាតិ​លេខ ៦​អា និង​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវ​ជាតិ​លេខ​៥។

លោក​ថា ក្នុង​ខ្សែ​នីមួយៗ​មាន​អ្នក​ធម្មយាត្រា ៥០ ទៅ ៦០​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ផ្លូវ​ណា​ដែល​ចង់​ចូល​រួម​ធម្មយាត្រា​អាច​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត។

គោល​បំណង​នៃ​ធម្មយាត្រា​នេះ គឺ​ដើម្បី​ទាមទារ​យុត្តិធម៌ ការពារ​សិទ្ធិ​មនុស្ស និង​សន្តិភាព។

ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា

ធម្មយាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល ព្រះសង្ឃ ហែ​ក្បួន​
ចេញ​ពី​ខេត្ត​ពោធិ៍សាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។
 Licadho Photo
ព្រះ​សង្ឃ ដូន​ជី និង​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស​ជាង ៧០​អង្គ​និង​នាក់ បាន​ហែ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា ចេញ​ពី​ក្រុង​ពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវ​ជាតិ​៥ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៥។ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ដឹង និង​ចូល​រួម​ក្នុង​ពិធី​នេះ​តិចតួច​បំផុត ខណៈ​ដែល​សេរីភាព​ក្នុង​ការ​ជួប​ជុំ​នៅ​ក្នុង​ខេត្ត​នេះ​មាន​ការ​រឹតត្បិត​ខ្លាំង។

ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា បាន​ទៅ​ដល់​វត្ត​បន្ទាយដី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ដើម្បី​រៀបចំ​ហែ​ក្បួន​ធម្មយាត្រា​-សិទ្ធិ​យាត្រា​ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ក៏​ប៉ុន្តែ​ពួក​គាត់​អះអាង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ព្យាយាម​រំខាន​ការ​ស្នាក់​នៅ​របស់​ពួកគាត់។

ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ បាន​មាន​ថេរដីកា​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​វត្ត​បន្ទាយដី ពី​ព្រោះ​ថា ទ្វារ​សាលាឆាន់ និង​ព្រះវិហារ​ត្រូវ​បាន​គេ​ចាក់​សោ​ជាប់ ហើយ​មាន​កម្លាំង​សមត្ថកិច្ច ដូចជា​ប៉ូលិស ប៉េអឹម និង​ទាហាន​ជាដើម បាន​មក​សួរ​នាំ និង​ព្យាយាម​​រំខាន​ការ​ជួបជុំ​របស់​ពួកគាត់។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​សហគមន៍​បុរីកីឡា អ្នកស្រី សំ ចាន់ណារី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា ចំនួន ២១​នាក់ និង​បឹងកក់​ចំនួន ៤​នាក់ បាន​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​ធម្មយាត្រា​នេះ។ អ្នកស្រី​គិត​ថា ការ​ដើរ​ក្បួន​នេះ​មាន​សារសំខាន់ និង​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​រឹតត្បិត​សិទ្ធិ​ជួប​ជុំ ឬ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ទាក់​ទង​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​បង្ក​ការ​លំបាក ឬ​រំខាន​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើយ គឺ​គ្រាន់​តែ​ចង់​ដឹង​អំពី​គោលបំណង និង​ការ​ស្នាក់​នៅ​របស់​ពួកគាត់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​សកម្មភាព​ចាក់​សោ​ទ្វារ​ព្រះវិហារ ឬ​សាលា​ឆាន់ មិន​ឲ្យ​ក្រុម​ធ្វើ​ធម្មយាត្រា​បាន​ចូល​ទៅ​សម្រាក​នោះ គឺ​លោក​មិន​អាច​ក្ដាប់​បាន​​ទេ ព្រោះ​វា​ជា​កម្មសិទ្ធិ​របស់​វត្ត។

លោក​បញ្ជាក់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ជួយ​សម្រួល​ដល់​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ដែល​ហែ​ក្បួន​ធម្មយាត្រា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ទាំង​ផ្នែក​សន្តិសុខ និង​ចរាចរណ៍​នៅ​តាម​ឃុំ​មួយ​ចំនួន​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា បញ្ហា​សិទ្ធិមនុស្ស ជា​ពិសេស​សេរីភាព​ក្នុង​ការ​ជួប​ជុំ​នៅ​ខេត្ត​ពោធិ៍សាត់ នៅ​មាន​ការ​រឹតត្បិត​ខ្លាំង​នៅ​ឡើយ។

ក្បូន​ដង្ហែ​ធម្មយាត្រា-​សិទ្ធិ​យាត្រា នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​២០១៣ នេះ មាន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ត្រូវ​ចំណាយ​ពេល​ចំនួន ១០​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ធ្វើ​ដំណើរ​រហូត​ដល់​មុខ​វិមាន​រដ្ឋសភា​ជាតិ រាជធានី​ភ្នំពេញ។ ក្បួន​នេះ​បាន​ចេញ​ដំណើរ​ពី​បណ្ដា​ខេត្ត និង​ក្រុង​សំខាន់ៗ​មួយ​ចំនួន កាត់​តាម​​ផ្លូវ​ជាតិ​ចំនួន​៥ គឺ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ផ្ដើម​ពី​ទី​រួម​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង។ ផ្លូវ​ជាតិ​លេខ​៣ ចាប់​ផ្ដើម​ចេញ​ពី​ទី​រួម​ក្រុង​កំពត ខេត្ត​កំពត។ ផ្លូវ​ជាតិ​លេខ​៤ ចាប់​ផ្ដើម​ចេញ​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង កំពង់​ស្ពឺ។ ផ្លូវ​ជាតិ​លេខ​៥ ចាប់​ផ្ដើម​ចេញ​ពី​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ និង​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ផ្ដើម​ចេញ​ពី​ក្រុង​កំពង់ធំ ខេត្ត​កំពង់ធំ៕

2 comments:

Anonymous said...

Do you think hun sen yourn will listen or care about what you are doing? I don't think him and yourn will obey or listen to this kind of action. I believe Khmer people will get tired and don't have much more effort or energy plus money to do this activity. Please think other ways or new strategy before our people getting so exhausted and don't want to do any action anymore.

Anonymous said...

yuon vea kheunh
khmer (thorm-mayeatra)
chkuot-chkuot jeung
vea sabay70 joy mray heuy...