RFA photo |
ដោយ វោហារ ជាតិ RFA 2013-12-09
របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ចុះថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៣ កម្រាស់ ៥៥ទំព័រ មានចំណងជើងថា "គេធ្វើបាបយើងដូចសត្វធាតុ" បានរៀបរាប់មណ្ឌលអប់រំគ្រឿងញៀនចំនួន៨ នោះថា ជាឋាននរក។ អ្នកញៀនគ្រឿងញៀនត្រូវគេវាយធ្វើបាប ប្រមាថមើលងាយទាំងផ្លូវកាយនិងចិត្ត ធ្វើទារុណកម្មពួកគេ ដូចជាបង្ខំឲ្យលូនលើដីក្រួស ឬឲ្យឈរត្រាំក្នុងលូទឹកស្អុយជាដើម។ ចំពោះអ្នកជាប់ឃុំស្ត្រីវិញ ត្រូវអ្នកយាមចាប់រំលោកធ្វើបាប។
ការរំលោភសិទ្ធិមនុស្ស និងការបង្ខំឲ្យធ្វើការ និងធ្វើទារុណកម្មទាំងនេះ យូមែន រ៉ៃត៍ វ៉ច្ឆ បានជំរុញឲ្យមន្ត្រីរដ្ឋាភិបាលទទួលខុសត្រូវ។
នាយកផ្នែកសុខភាពនិងសិទ្ធិមនុស្សនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ចូសិប អាម៉ុន (Joseph Amon) ឲ្យដឹងថា៖ «អ្នកដែលទទួលការព្យាបាលពីមណ្ឌលបន្សាបគ្រឿងញៀន គឺទទួលបានត្រឹមតែការវាយដំ ជាំសាច់ និងត្រូវគេបង្ខំឲ្យធ្វើការ។ រដ្ឋាភិបាលយកមណ្ឌលទាំងនេះ ជាកន្លែងសម្រាប់ដឹកអ្នកសុំទាន អ្នករកស៊ីបម្រើសេវាផ្លូវភេទ កុមារអនាថាតាមផ្លូវ និងអ្នកដទៃទៀត យកទៅចាក់ចោលនៅក្នុងមណ្ឌលទាំងនោះ មុនពេលអ្នកមានកិត្តិយសខ្ពង់ខ្ពស់ចុះទៅពិនិត្យទីនោះ»។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានសម្ភាសអ្នកធ្លាប់នៅក្នុងមន្ទីរអប់រំកែប្រែគ្រឿងញៀនចំនួន ៣៣នាក់ នៃមណ្ឌលគ្រឿងញៀនចំនួន ៨មណ្ឌល នៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង និងរាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ យូមែន រ៉ៃត៍ វ៉ច្ឆ បានរកឃើញថា អាជ្ញាធរបានចាក់សោឃុំឃាំងអ្នកសុំទាន ក្មេងអនាថា អ្នករកស៊ីផ្លូវភេទ និងជនពិការដទៃទៀត។
មណ្ឌលទាំងនោះគ្រប់គ្រងដោយកងរាជអាវុធហត្ថ ប៉ូលិស ដោយក្រសួងសង្គមកិច្ច និងយុទ្ធជនពិការនិងអាជ្ញាធរក្រុង។
អ្នកឃុំឃាំងក្នុងមណ្ឌលនោះមានក្មេងអាយុ ៦ឆ្នាំក៏មានដែរ ត្រូវគេបង្ខំឲ្យហាត់ប្រាណហួសប្រមាណ។ កុមារទាំងនោះត្រូវបានគេឃុំក្នុងបន្ទប់មនុស្សចាស់។
ចំពោះការធ្វើទារុណកម្មលើកុមារនេះ លោក ចូសិប អាម៉ុន អះអាងថា ចំពោះរឿងនេះ រដ្ឋាភិបាលកម្ពុជា បានសារភាពថា មានអនីតិជនអាយុក្រោម ១៨ឆ្នាំ ១០ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំនៅមណ្ឌលគ្រឿងញៀនជាកុមារ៖ «កុមារដែលប្រើគ្រឿងញៀន ឬរស់នៅតាមចិញ្ចើមផ្លូវ គួរតែទទួលបាននូវការការពារពីការធ្វើទុក្ខបុកម្នេញណាមួយ មិនគួរគេចាក់សោឃុំឃាំង វាយធ្វើបាប ជេរស្ដីទេ»។
មន្ត្រីអង្គការ ខាណា (KHANA) ដែលធ្វើការជាមួយអ្នកញៀនគ្រឿងញៀន និងមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) បានហៅរបាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ថាជាការដាស់តឿនអារម្មណ៍រដ្ឋាភិបាលឲ្យពិចារណាឡើងវិញអំពីវិធីព្យាបាលអ្នកញៀនថ្នាំញៀនសព្វថ្ងៃដែលមិនត្រូវក្បួនខ្នាតតាមអង្គការសុខភាពពិភពលោក និងមើលទៅហាក់ដូចជាចាប់មនុស្សដាក់ឃុំឃាំង ធ្វើទារុណកម្មអ្នកញៀនថ្នាំញៀនទៅវិញ។
ប្រធានមណ្ឌលមានជ័យ របស់អង្គការខាណា លោក សូ គឹមហៃ ធ្វើការផ្នែកកម្មវិធីកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងញៀន បានផ្ដល់ដំបូន្មានមានថា ការអប់រំនិងកែប្រែអ្នកញៀនគ្រឿងញៀនឲ្យឈប់ប្រើប្រាស់គ្រឿងញៀនបានជោគជ័យ មិនត្រូវបង្ខំ ឬឃុំឃាំងអ្នកញៀនបានទេ គឺត្រូវធ្វើឡើងដោយអ្នកញៀនថ្នាំស្ម័គ្រចិត្តមកទទួលសេវាកែប្រែដោយខ្លួនឯង។ បន្ថែមលើនេះ មណ្ឌលនីមួយៗ ត្រូវមានគ្រូពេទ្យជំនាញផ្ដល់ប្រឹក្សា ផ្ដល់សេវាសុខភាព រួមទាំងផ្ដល់ការលើកទឹកចិត្តផ្លូវកាយ ទាំងផ្លូវចិត្ត រួមទាំងមានការគាំទ្រផ្លូវចិត្តពីក្រុមគ្រួសារទើបមានប្រសិទ្ធភាព។
លោកបន្តថា៖ «ការអប់រំកែប្រែអ៊ីចឹង (ដូចរដ្ឋាភិបាល) គ្រោះថ្នាក់ណាស់។ ការផ្ដាច់គ្រឿងញៀនមិនងាយទេ គេត្រូវរកអ្វីមកជំនួស គេត្រូវការផ្ដល់សេវាផ្សេងទៀត ដូចជាសេវាសុខភាព... គេត្រូវការអ្នកញៀនស្ម័គ្រចិត្ត ចាប់គេយកទៅដាក់មួយកន្លែងអ៊ីចឹង ដូចជាផ្ដាច់ពួកគេពីគ្រួសារ វារឹតតែធ្វើឲ្យពួកគេគិតថា ឯកោ គ្រួសារមិនរាប់រក...»។
លោក សូ គឹមហៃ បន្តថា មណ្ឌលរបស់លោកទទួលអប់រំកាត់បន្ថយគ្រោះថ្នាក់ពីការប្រើថ្នាំញៀន នៃអ្នកញៀនគ្រឿងញៀនប្រហែល ២០០នាក់ ប្រើស៊ីរាំងម្ជុលចាក់គ្រឿងញៀនជាតិហេរ៉ូអ៊ីន ចូលក្នុងសរសៃឈាមនៅភ្នំពេញ។ ពួកគេមកទទួលសេវាដោយស្ម័គ្រចិត្ត ហើយមណ្ឌលរបស់លោកបានផ្ដល់ថ្នាំមេថាឌន (Methadone) ឲ្យអ្នកញៀនគ្រឿងញៀនជំនួសគ្រឿងញៀន ដើម្បីឈានទៅកាត់បន្ថយការប្រើគ្រឿងញៀនទាំងស្រុកទៅអនាគត។ លោកបន្តថា ស្របពេលគ្នានេះ មណ្ឌលរបស់លោកមានគ្រូពេទ្យផ្ដល់ប្រឹក្សា និងផ្ដល់សេវាថែទាំសុខភាពក្នុងអំឡុងពេលដែលអ្នកញៀនថ្នាំញៀនកំពុងទទួលការកាត់បន្ថយប្រើប្រាស់គ្រឿងញៀន។
កាលពីខែមីនា ឆ្នាំ២០១២ ភ្នាក់ងារអង្គការសហប្រជាជាតិ បានចេញរបាយការណ៍រួមមួយ សុំឲ្យរដ្ឋាភិបាលកម្ពុជា បិទមណ្ឌលអប់រំកែប្រែគ្រឿងញៀនជាបន្ទាន់ ហើយដោះលែងអ្នកញៀនគ្រឿងញៀនដែលគេចាប់ដាក់ក្នុងមណ្ឌលទាំងអស់ឲ្យមានសេរីភាព។ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានឆ្លើយតបចំពោះការអំពាវនាវនោះទេ ហើយក៏មិនបានស៊ើបអង្កេតអំពីការប្រព្រឹត្តល្មើសទាំងនោះទៅលើជនរងគ្រោះ។
របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យដឹងថា កាលពីឆ្នា២០១០ មណ្ឌលអប់រំកែប្រែគ្រឿងញៀនចំនួន ៣ត្រូវបានបិទ ប៉ុន្តែនៅមានអ្នកញៀនគ្រឿងញៀនដែលគេឃុំឃាំងមានទាំងកុមារ បុរស ស្ត្រី ចំនួនប្រហែល ២.២០០នាក់ ជារៀងរាល់ឆ្នាំត្រូវគេចាប់ឃុំឃាំងយ៉ាងវេទនា។
ឆ្លើយតបទៅនឹងរបាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្ដីការរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានការពាររដ្ឋាភិបាល ហើយបញ្ជាក់ថា រដ្ឋាភិបាលបានប្រឹងប្រែងអប់រំ និងព្យាយាមលុបបំបាត់អ្នកប្រើប្រាស់គ្រឿងញៀន ហើយតាមរយៈនៃកម្មវិធីអប់រំនិងបន្សាបអ្នកញៀនគ្រឿងញៀនសព្វថ្ងៃ គឺរដ្ឋាភិបាលទទួលបានផលវិជ្ជមានច្រើនជាងអវិជ្ជមាន ហើយបានជួយសង្គ្រោះអ្នកញៀនគ្រឿងញៀនជាច្រើននាក់ផុតពីថ្នាំញៀនដោយជោគជ័យ តែលោកក៏ទទួលស្គាល់ថា ក្នុងពេលដែលទទួលបានផលវិជ្ជមានក៏មានរឿងអវិជ្ជមានកើតមានឡើងដូចដែលរបាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងខ្លះដែរ។
លោក ផៃ ស៊ីផាន៖ «កម្ពុជាកំពុងបង្ក្រាបនិងលុបបំបាត់កុំឲ្យមានអ្នកប្រើប្រាស់គ្រឿងញៀនទៀត។ យើងក៏បានដឹងបានឮនូវអ្វីដែលកើតមានឡើង នេះជាអ្វីដែលយើងអាចធ្វើបាន»។
របាយការណ៍ស្រាវជ្រាវថ្មីបង្ហាញថា កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំញៀនប្រហែល ២ ទៅ ៣ម៉ឺននាក់។ក្នុងនោះ អ្នកប្រើប្រាស់គ្រឿងញៀនប្រឈមគ្រោះថ្នាក់ជាងគេ គឺចាក់គ្រឿងញៀនចូលតាមសរសៃឈាមមានប្រហែល ១.៣០០នាក់ ដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ខ្ពស់៕
2 comments:
លោកហ៊ុន សែនបានប្រកាសក្រោយពីគាត់ប្លន់ អំណាចបាននៅឆ្នាំ១៩៩៧ថា បើអ្នកណាចូល
ដៃជាមួយខ្លួនៗនិងឲ្យលុយ ហើយលុយដែល គាត់មាននោះគឺលុយលក់កញ្ចា ការប្រកាសនេះ
ត្រូវបានសភាសហរដ្ឋអាមេរិកចាប់អារម្មណ៍...
ហើយគេកោះប្រជុំសំរេចក្នុងResolution#309
តែអំណាចនិងទឹកប្រាក់គាត់បានរួច១គ្រាដែរ។
ឥឡូវគាត់ស្រវឹងពេញទំហឹងទៅហើយៗក៏គ្មានគ្រូ
អាចារ្យណាប្រដៅព្រះអង្គបានដែរ មានតែតុលា ការអន្តរះជាតិ និងតុលាការអាមេរិកទេទើបប្រដៅ
ព្រះអង្គបាន៕
You all just know this now? Hun Sen henchmen act like in Pol Pot regime too, no more different.
Post a Comment