Monday, December 09, 2013

អង្គការ​អន្តរជាតិ៖ កម្ពុជា​ឃុំ​មនុស្ស​ធ្វើ​ទារុណកម្ម​ដូច​សត្វ​


RFA photo
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ចាប់​ឃុំ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​រាប់​រយ​នាក់​​​ខុស​ច្បាប់​ក្នុង​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ។ អង្គការ​នេះ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បិទ​មណ្ឌល​អប់រំ​កែប្រែ​គ្រឿង​ញៀន​ទាំង​នោះ​ជា​បន្ទាន់។

ដោយ វោហារ ជាតិ RFA 2013-12-09

របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ចុះ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៣ កម្រាស់ ៥៥​ទំព័រ មាន​ចំណង​ជើង​ថា "គេ​ធ្វើ​បាប​យើង​ដូច​សត្វ​ធាតុ" បាន​រៀប​រាប់​មណ្ឌល​អប់រំ​គ្រឿង​ញៀន​ចំនួន​៨ នោះ​ថា ជា​ឋាននរក។ អ្នក​ញៀន​គ្រឿង​ញៀន​ត្រូវ​គេ​វាយ​​ធ្វើ​បាប ប្រមាថ​មើល​ងាយ​ទាំង​ផ្លូវ​កាយ​និង​ចិត្ត ធ្វើ​ទារុណកម្ម​ពួកគេ ដូច​ជា​បង្ខំ​ឲ្យ​លូន​លើ​ដី​ក្រួស ឬ​ឲ្យ​ឈរ​ត្រាំ​ក្នុង​លូ​ទឹក​ស្អុយ​ជា​ដើម។ ចំពោះ​អ្នក​ជាប់​ឃុំ​ស្ត្រី​វិញ ត្រូវ​អ្នក​យាម​ចាប់​រំលោក​ធ្វើ​បាប។

​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ខំ​ឲ្យ​ធ្វើការ និង​ធ្វើ​ទារុណកម្ម​ទាំង​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ។

នាយក​ផ្នែក​សុខភាព​និង​សិទ្ធិ​មនុស្ស​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ចូសិប អាម៉ុន (Joseph Amon) ឲ្យ​ដឹង​ថា៖ «អ្នក​ដែល​ទទួល​ការ​ព្យាបាល​ពី​មណ្ឌល​បន្សាប​គ្រឿង​ញៀន គឺ​ទទួល​បាន​ត្រឹម​តែ​ការ​វាយ​ដំ ជាំ​សាច់ និង​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ។ រដ្ឋាភិបាល​យក​មណ្ឌល​ទាំង​នេះ ជា​កន្លែង​សម្រាប់​ដឹក​អ្នក​សុំ​ទាន អ្នក​រក​ស៊ី​បម្រើ​សេវា​ផ្លូវ​ភេទ កុមារ​អនាថា​តាម​ផ្លូវ និង​អ្នក​ដទៃ​ទៀត យក​ទៅ​ចាក់​ចោល​នៅ​ក្នុង​មណ្ឌល​ទាំង​នោះ មុន​ពេល​អ្នក​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ចុះ​ទៅ​ពិនិត្យ​ទី​នោះ»។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សម្ភាស​អ្នក​ធ្លាប់​នៅ​ក្នុង​មន្ទីរ​អប់រំ​កែប្រែ​គ្រឿង​ញៀន​ចំនួន ៣៣​នាក់ នៃ​មណ្ឌល​គ្រឿង​ញៀន​ចំនួន ៨​មណ្ឌល នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង និង​រាជធានី​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​រក​ឃើញ​ថា អាជ្ញាធរ​​បាន​ចាក់​សោ​ឃុំឃាំង​អ្នក​សុំ​ទាន ក្មេង​អនាថា អ្នក​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​ពិការ​ដទៃ​ទៀត។

មណ្ឌល​ទាំង​នោះ​គ្រប់​គ្រង​ដោយ​កង​រាជ​អាវុធហត្ថ ប៉ូលិស ដោយ​ក្រសួង​សង្គមកិច្ច និង​យុទ្ធជន​ពិការ​និង​អាជ្ញាធរ​ក្រុង។

អ្នក​ឃុំ​ឃាំង​ក្នុង​មណ្ឌល​នោះ​មាន​ក្មេង​អាយុ ៦​ឆ្នាំ​ក៏​មាន​ដែរ ត្រូវ​គេ​បង្ខំ​ឲ្យ​ហាត់​ប្រាណ​ហួស​ប្រមាណ។ កុមារ​ទាំង​នោះ​ត្រូវ​បាន​គេ​ឃុំ​ក្នុង​បន្ទប់​មនុស្ស​ចាស់។

ចំពោះ​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​នេះ លោក ចូសិប អាម៉ុន ​អះអាង​ថា ចំពោះ​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សារភាព​ថា មាន​អនីតិជន​​អាយុ​ក្រោម ១៨​ឆ្នាំ ១០​ភាគរយ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​នៅ​មណ្ឌល​គ្រឿង​ញៀន​ជា​កុមារ៖ «កុមារ​​ដែល​ប្រើ​គ្រឿង​ញៀន ឬ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ គួរ​តែ​ទទួល​បាន​នូវ​ការ​ការពារ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ណា​មួយ មិន​គួរ​គេ​ចាក់​សោ​ឃុំ​ឃាំង វាយ​ធ្វើ​បាប ជេរ​ស្ដី​ទេ»។

មន្ត្រី​អង្គការ ខាណា (KHANA) ដែល​ធ្វើ​ការ​ជាមួយ​អ្នក​ញៀន​គ្រឿង​ញៀន និង​មេរោគ​អេដស៍/ជំងឺអេដស៍ (HIV/AIDS) បាន​ហៅ​របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ជា​ការ​ដាស់​តឿន​អារម្មណ៍​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ឡើង​វិញ​អំពី​វិធី​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​សព្វ​ថ្ងៃ​ដែល​មិន​ត្រូវ​ក្បួន​ខ្នាត​តាម​អង្គការ​សុខភាព​ពិភពលោក និង​មើល​ទៅ​ហាក់​ដូច​ជា​ចាប់​មនុស្ស​ដាក់​ឃុំ​ឃាំង ធ្វើ​ទារុណកម្ម​អ្នក​ញៀន​ថ្នាំ​ញៀន​ទៅ​វិញ។

ប្រធាន​មណ្ឌល​មានជ័យ របស់​អង្គការ​ខាណា លោក សូ គឹមហៃ ធ្វើការ​ផ្នែក​កម្មវិធី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន បាន​ផ្ដល់​ដំបូន្មាន​មាន​ថា ការ​អប់រំ​និង​កែប្រែ​អ្នក​ញៀន​គ្រឿង​ញៀន​ឲ្យ​ឈប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ជោគជ័យ ​មិន​ត្រូវ​បង្ខំ ឬ​ឃុំឃាំង​អ្នក​ញៀន​បាន​ទេ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ញៀន​ថ្នាំ​ស្ម័គ្រ​ចិត្ត​មក​ទទួល​សេវា​កែប្រែ​ដោយ​ខ្លួន​ឯង។ បន្ថែម​លើ​នេះ មណ្ឌល​នីមួយៗ ត្រូវ​មាន​គ្រូពេទ្យ​ជំនាញ​ផ្ដល់​ប្រឹក្សា ផ្ដល់​សេវា​សុខភាព ​រួម​ទាំង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត រួម​ទាំង​មាន​ការ​គាំទ្រ​ផ្លូវ​ចិត្ត​ពី​ក្រុម​គ្រួសារ​ទើប​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា៖ «ការ​អប់រំ​កែ​ប្រែ​អ៊ីចឹង (ដូច​រដ្ឋាភិបាល) គ្រោះ​ថ្នាក់​ណាស់។ ការ​ផ្ដាច់​គ្រឿង​ញៀន​មិន​ងាយ​ទេ គេ​ត្រូវ​​រក​អ្វី​មក​ជំនួស គេ​ត្រូវ​ការ​ផ្ដល់​សេវា​ផ្សេង​ទៀត ដូច​ជា​សេវា​សុខភាព... គេ​ត្រូវ​ការ​អ្នក​ញៀន​ស្ម័គ្រ​ចិត្ត ចាប់​គេ​យក​ទៅ​ដាក់​មួយ​កន្លែង​អ៊ីចឹង ដូចជា​ផ្ដាច់​ពួកគេ​ពី​គ្រួសារ វា​រឹតតែ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ឯកោ គ្រួសារ​មិន​រាប់​រក...»។

លោក សូ គឹមហៃ បន្ត​ថា មណ្ឌល​របស់​លោក​ទទួល​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ពី​ការ​ប្រើ​ថ្នាំ​ញៀន នៃ​អ្នក​ញៀន​គ្រឿង​ញៀន​​ប្រហែល ២០០​នាក់ ប្រើ​ស៊ីរាំង​ម្ជុល​ចាក់​គ្រឿង​ញៀន​ជាតិ​ហេរ៉ូអ៊ីន ចូល​ក្នុង​សរសៃ​ឈាម​នៅ​ភ្នំពេញ។ ពួក​គេ​មក​ទទួល​សេវា​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មណ្ឌល​របស់​លោក​បាន​ផ្ដល់​ថ្នាំ​មេថាឌន (Methadone) ឲ្យ​អ្នក​ញៀន​គ្រឿង​ញៀន​ជំនួស​គ្រឿង​ញៀន ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ការ​ប្រើ​គ្រឿង​ញៀន​ទាំង​ស្រុក​ទៅ​អនាគត។ លោក​បន្ត​ថា ស្រប​ពេល​គ្នា​នេះ មណ្ឌល​របស់​លោក​មាន​គ្រូពេទ្យ​ផ្ដល់​ប្រឹក្សា និង​ផ្ដល់​សេវា​ថែទាំ​សុខភាព​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ញៀន​ថ្នាំ​ញៀន​កំពុង​ទទួល​ការ​កាត់​បន្ថយ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១២ ភ្នាក់​ងារ​​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​រួម​មួយ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បិទ​មណ្ឌល​អប់​រំកែប្រែ​គ្រឿង​ញៀន​ជា​បន្ទាន់ ហើយ​ដោះលែង​អ្នក​ញៀន​គ្រឿង​ញៀន​ដែល​គេ​ចាប់​ដាក់​ក្នុង​មណ្ឌល​ទាំង​អស់​ឲ្យ​មាន​សេរីភាព។ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​នោះ​ទេ ហើយ​ក៏​​មិនបាន​ស៊ើប​អង្កេត​អំពី​ការ​ប្រព្រឹត្ត​ល្មើស​ទាំង​នោះ​ទៅ​លើ​ជន​រងគ្រោះ។

របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​ដឹង​ថា កាលពី​ឆ្នា​២០១០ មណ្ឌល​អប់​រំកែប្រែ​គ្រឿង​ញៀន​ចំនួន ៣​ត្រូវ​បាន​បិទ ប៉ុន្តែ​នៅ​មាន​អ្នក​ញៀន​គ្រឿង​ញៀន​ដែល​គេ​ឃុំឃាំង​មាន​ទាំង​កុមារ ​​បុរស ស្ត្រី ចំនួន​ប្រហែល ២.២០០​នាក់ ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​គេ​ចាប់​ឃុំ​ឃាំង​យ៉ាង​វេទនា។

ឆ្លើយតប​ទៅ​នឹង​របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ការពារ​រដ្ឋាភិបាល ហើយ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​អប់រំ និង​ព្យាយាម​លុប​បំបាត់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​តាមរយៈ​នៃ​កម្មវិធី​អប់រំ​និង​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​សព្វ​ថ្ងៃ គឺ​រដ្ឋាភិបាល​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន ហើយ​បាន​ជួយ​សង្គ្រោះ​អ្នក​ញៀន​គ្រឿង​ញៀន​ជា​ច្រើន​នាក់​ផុត​ពី​ថ្នាំ​ញៀន​ដោយ​ជោគជ័យ តែ​លោក​ក៏​ទទួល​ស្គាល់​ថា ក្នុង​ពេល​ដែល​ទទួល​បាន​ផល​វិជ្ជមាន​ក៏​មាន​រឿង​អវិជ្ជមាន​កើត​មាន​ឡើង​ដូច​ដែល​របាយការណ៍ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ខ្លះ​ដែរ។

លោក ផៃ ស៊ីផាន៖ «កម្ពុជា​កំពុង​បង្ក្រាប​និង​លុប​បំបាត់​កុំ​ឲ្យ​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទៀត។ យើង​ក៏​បាន​ដឹង​បាន​​ឮ​នូវ​អ្វី​ដែល​កើត​មាន​ឡើង​ នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន»។

របាយការណ៍​ស្រាវជ្រាវ​ថ្មី​បង្ហាញ​ថា កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រហែល ២ ទៅ ៣​ម៉ឺន​នាក់។ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប្រឈម​គ្រោះថ្នាក់​ជាង​គេ គឺ​ចាក់​គ្រឿង​ញៀន​ចូល​តាម​សរសៃ​ឈាម​មាន​ប្រហែល ១.៣០០​នាក់ ដែល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់៕

2 comments:

Anonymous said...

លោកហ៊ុន សែនបានប្រកាសក្រោយពីគាត់ប្លន់ អំណាចបាននៅឆ្នាំ១៩៩៧ថា បើអ្នកណាចូល
ដៃជាមួយខ្លួនៗនិងឲ្យលុយ ហើយលុយដែល គាត់មាននោះគឺលុយលក់កញ្ចា ការប្រកាសនេះ
ត្រូវបានសភាសហរដ្ឋអាមេរិកចាប់អារម្មណ៍...
ហើយគេកោះប្រជុំសំរេចក្នុងResolution#309
តែអំណាចនិងទឹកប្រាក់គាត់បានរួច១គ្រាដែរ។
ឥឡូវគាត់ស្រវឹងពេញទំហឹងទៅហើយៗក៏គ្មានគ្រូ
អាចារ្យណាប្រដៅព្រះអង្គបានដែរ មានតែតុលា ការអន្តរះជាតិ និងតុលាការអាមេរិកទេទើបប្រដៅ
ព្រះអង្គបាន៕

Anonymous said...

You all just know this now? Hun Sen henchmen act like in Pol Pot regime too, no more different.