RFA/Hang Savyouth |
ដោយ ហង្ស សាវយុត RFA 2013-12-03
កិច្ចប្រជុំដែលសហការរៀបចំដោយអាជ្ញាធរអប្សរា និងអង្គការយូណេស្កូ (UNESCO) គឺដើម្បីពិនិត្យទៅលើរបាយការណ៍បច្ចេកទេសនានានៃកិច្ចការពារអភិរក្សប្រាសាទបុរាណជាច្រើន នៅក្នុងតំបន់អង្គរ ព្រមទាំងផ្ដល់អនុសាសន៍ទៅលើគម្រោងថ្មីៗ ដែលគ្រោងនឹងដំណើរការជួសជុលថែទាំ ព្រមទាំងការពារទៅលើទីបុរាណដ្ឋានជាច្រើនទៀត។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី គឺលោក ផៃ ស៊ីផាន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ថា កិច្ចប្រជុំនោះ គឺធ្វើឡើងដោយក្រុមអ្នកជំនាញ និងបច្ចេកទេសសុទ្ធសាធ ដែលពាក់ព័ន្ធដល់កិច្ចការពារបេតិកភណ្ឌពិភពលោកនៃប្រទេសកម្ពុជា៖ «លើកនេះសម្រាប់និយាយអំពីបច្ចេកទេសក្នុងការអនុវត្តន៍អភិរក្ស កសាង ឬការវាយតម្លៃនៅក្នុងកម្មវិធីដែលកំពុងតែដំណើរការ ហើយនិងអនុញ្ញាតឱ្យកម្មវិធីថ្មីណាចូលមករួមការងារ។ នៅពេលម្ដុំខែមិថុនា ឬក៏កក្កដា ខាងមុខ គឺគេនឹងនិយាយអំពីគោលការណ៍ តើការគ្រប់គ្រងមានដំណើរការរបៀបម៉េច? ដូច្នេះ អនុសាសន៍ខែធ្នូ នេះ សម្រាប់ ១២ខែ ធ្វើការ ហើយរយៈពេល ១២ខែនេះ គឺគេវាយតម្លៃថា តើគោលការណ៍នៃការអនុវត្តន៍របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ជាមួយអាជ្ញាធរអប្សរាហ្នឹង វាត្រឹមត្រូវសមរម្យឬទេ?»។
កិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ គឺមានស្ថានទូតបារាំង និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា ធ្វើជាសហប្រធាន។ ចាប់តាំងពីឆ្នាំ១៩៩២ ដែលប្រាសាទអង្គរវត្តបានចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមក គឺកិច្ចប្រជុំ អាយ.ស៊ី.ស៊ី បានចាប់ផ្ដើមឡើងក្នុង១ឆ្នាំចំនួន ២ដង រយៈពេល២លើកមកហើយ៕
1 comment:
The stone structure miss behave...so the tree lean over and gave it a slap?
Post a Comment