Tuesday, December 03, 2013
ពលរដ្ឋជាង១០០គ្រួសារនៅខេត្តរតនគិរីប្រឈមនឹងការបណ្ដេញចេញពីលំនៅឋាន
ដោយ រដ្ឋា វិសាល RFA 2013-12-03
ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅក្នុងដីចម្ការកៅស៊ូរដ្ឋ ក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ សម្ដែងការព្រួយបារម្ភពីការបណ្ដេញចេញពីលំនៅឋានជាថ្មី និងអំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ពួកគាត់បានរស់នៅ។
អាជ្ញាធរស្រុកអូរជុំ កាលពីថ្ងៃទី២៥ កន្លងទៅ បានធ្វើលិខិតជូនដំណឹងឲ្យប្រជាពលរដ្ឋចាកចេញពីដីដែលពួកគាត់សង់លំនៅឋានរស់នៅ និងបញ្ឈប់ការដាំដុះលើដីចម្ការកៅស៊ូរដ្ឋ ដែលបានវិនិយោគទៅឲ្យក្រុមហ៊ុនឈ្មោះ ស្វីស រ៉ាប់ប៊ឺ លីមីធីត (Swift Rubber Limited) ក្នុងករណីប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្តីជូនដំណឹងអាជ្ញាធរ និងចាត់វិធានការផ្លូវច្បាប់។
តំណាងប្រជាពលរដ្ឋ លោក ឈិន សុខជា នៅថ្ងៃអង្គារ ទី៣ ខែធ្នូ មានប្រសាសន៍បញ្ជាក់ថា ពួកគាត់ភាគច្រើនជាកម្មករចម្ការកៅស៊ូ បានមករស់នៅលើដីនេះច្រើនឆ្នាំមកហើយ ដូច្នេះពួកគាត់មិនមានដីសង់លំនៅឋានរស់នៅឡើយ ប្រសិនអាជ្ញាធរបណ្ដេញចេញពីទីនោះ។ លោកបន្តថា ពួកគាត់បានធ្វើលិខិតស្នើសុំដីតំបន់នោះជាគោលនយោបាយសម្បទានសង្គមកិច្ចរស់នៅ ប៉ុន្តែក្រុមអាជ្ញាធរមិនទាន់បានដោះស្រាយយ៉ាងណានៅឡើយ៖ «គេឲ្យនៅបណ្ដោះអាសន្នសិន គេដោះស្រាយគោលនយោបាយឲ្យ ដល់ឥឡូវហ្នឹង មានដោះស្រាយគោលនយោបាយដោះស្រាយឲ្យឯណា គេមកដាក់ឲ្យយើងចាកចេញ។ ដល់អ៊ីចឹង តើឲ្យគ្នាទៅរស់នៅកន្លែងណា?»។
កាលពីថ្ងៃច័ន្ទ ទី២ ធ្នូ ប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាមកការិយាល័យអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តរតនគិរី សុំឲ្យមន្ត្រីអង្គការនេះជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហាបណ្ដេញចេញនេះ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាងថា បានអន្តរាគមន៍ពាក្យតវ៉ារបស់ប្រជាពលរដ្ឋទៅអភិបាលខេត្តរួចហើយ។ លោកបន្តថា ប្រជាពលរដ្ឋកម្មករទាំងនោះ បានមករស់នៅលើដីចម្ការកៅស៊ូរដ្ឋបន្តបន្ទាប់គ្នា តាំងពីឆ្នាំ១៩៩៧ រហូតបច្ចុប្បន្ន និងមានមន្ត្រីអាជ្ញាធរចុះបញ្ជីស្នាក់នៅ ចេញសៀវភៅគ្រួសារជូនពួកគាត់។ ហេតុនេះ អាជ្ញាធរពាក់ព័ន្ធគួររកវិធីដោះស្រាយដោយសន្តិវិធីជូនពួកគាត់ ប្រសើរជាងបណ្ដេញពួកគាត់ចេញពីទីនោះ៖ «អាជ្ញាធរស្រុក ឬក៏អាជ្ញាធរខេត្តគួរតែជួយដោះស្រាយជូនពួកគាត់ទៅតាមគោលនយោបាយសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលដែលមានកន្លងមក»។
កាលពីខែតុលា កន្លងទៅនេះ នាយកក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ លីមីធីត លោកស្រី ម៉ាម៉ុក យីង បានធ្វើលិខិតជម្រាបជូនអាជ្ញាធរស្រុកអូរជុំ ឲ្យដឹងថា កាលពីឆ្នាំ២០១២ មានប្រជាពលរដ្ឋកម្មករតាំងទីលំនៅលើដីចម្ការកៅស៊ូជាង ៥០គ្រួសារ ប៉ុន្តែបច្ចុប្បន្ន តួលេខនេះកើនឡើងដល់ជាង ១០០គ្រួសារ។ ការតាំងទីលំនៅអានាធិបតេយ្យនេះ បង្កការស្មុគស្មាញ និងផលលំបាកជាច្រើនដល់ការអភិវឌ្ឍន៍ដំណាំកៅស៊ូរបស់ក្រុមហ៊ុន។
ទាក់ទិនករណីនេះដែរ អភិបាលស្រុកអូរជុំ លោក សាក់ សុន កត់សម្គាល់ថា កន្លងទៅនេះអាជ្ញាធរស្រុកបានសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងនោះរស់នៅបណ្ដោះអាសន្នលើដីចម្ការកៅស៊ូ ប៉ុន្តែមិនអនុញ្ញាតឲ្យសាងសង់ផ្ទះបន្ត និងហាមដាំដុះដំណាំយុទ្ធសាស្ត្រ ឬដាំដំឡូងមីបង្កផលប៉ះពាល់ដំណាំកៅស៊ូរបស់ក្រុមហ៊ុន។ លោកបន្តថា ប្រជាពលរដ្ឋបានរំលោភការហាមឃាត់នេះ ហើយចូលមកតាំងទីលំនៅសាងសង់ផ្ទះ និងដាំដំណាំកាន់តែច្រើន ទើបក្រុមហ៊ុនស្នើសុំឲ្យអាជ្ញាធរទប់ស្កាត់៖ «យើងគ្រាន់តែដាស់តឿនគាត់ ចាំមើលគាត់ចេញមិនចេញ យើងអត់មានរយៈពេលទេ។ គ្រាន់តែគេមកប្ដឹងអ៊ីចឹង ខ្ញុំធ្វើអ៊ីចឹង ដើម្បីកុំឲ្យគាត់ព្យាយាមមិនចាប់អារម្មណ៍ទៅលើការងាររបស់គេណា! គេដាំដំណាំអត់ស្តាប់គេ»។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋអ្នកតវ៉ាមានប្រសាសន៍បញ្ជាក់ថា ពួកគាត់មិនមានលទ្ធភាពរកដីស្នាក់នៅបានឡើយ។ ហេតុនេះ អ្នកភូមិស្នើសុំគោលនយោបាយពីរាជរដ្ឋាភិបាលផ្តល់ដីតំបន់នោះជាសម្បទានសង្គមកិច្ចជូនពួកគាត់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment