Tuesday, December 03, 2013
យុវជន២នាក់ត្រៀមដាក់ពាក្យប្ដឹងទាស់ការសម្រេចរបស់សាលាដំបូង
ដោយ ទេព សុរ៉ាវី 2013-12-03 RFA
យុវជនទាំងពីរនាក់ជាប់ចោទពីបទបង្កហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា ជេរប្រមាណអ្នករាជការសាធារណៈ និងបទរារាំងអ្នករាជការសាធារណៈដែលមានស្ថានទម្ងន់ទោស។
មេធាវីការពារក្ដីឲ្យយុវជន ២នាក់ ដែលត្រូវចាប់ខ្លួននៅស្ទឹងមានជ័យ ត្រៀមដាក់ពាក្យទៅសភាស៊ើបសួរសាលាឧទ្ធរណ៍នៅចុងសប្ដាហ៍នេះ ដើម្បីជំទាស់នឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូង ដែលបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ជិន លីដា មេធាវីការពារក្តីមកពីអង្គការលីកាដូ (Licadho) មានប្រសាសន៍ថា ទាំងមេធាវីនិងគ្រួសាររបស់យុវជនទាំងពីរនាក់ បានព្យាយាមសុំទៅតុលាការដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន ដោយមានការធានាពីគ្រួសារថា ពួកគេនឹងមានវត្តមានគ្រប់ពេល ប្រសិនបើខាងតុលាការត្រូវការមានការជូនដំណឹងទៅតុលាការ ក្នុងករណីផ្លាស់ប្ដូរទីលំនៅ និងមិនបង្កឲ្យរាំងស្ទះដល់ដំណើរការនីតិវិធីស៊ើបសួររបស់ចៅក្រម។
យ៉ាងណាការធានា និងសំណើសុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រដ្ឋណារិទ្ធ បដិសេធកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយសំអាងហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនថា ករណីនេះទើបចាប់ផ្ដើមស៊ើបអង្កេត ដូច្នេះមិនអាចឲ្យជនត្រូវចោទនៅក្រៅឃុំបានទេ៖ «ប្រសិនបើផ្អែកទៅលើយោបល់និងស្ថានភាពខួរក្បាល វាគួរតែឲ្យនៅក្រៅឃុំបណ្ដោះអាសន្នសិនទៅ ហើយចៅក្រមស៊ើប គាត់អាចស៊ើបសួរបន្តទៅថាតើ ៤បទល្មើសហ្នឹង តើគាត់ពាក់ព័ន្ធ ៤បទល្មើសហ្នឹង ឬក៏ពាក់ព័ន្ធតែមួយ ឬពីរក្នុងចំណោមបទល្មើសហ្នឹង? មានគ្រួសារគេធានាប៉ុណ្ណឹងគួរតែឲ្យនៅក្រៅឃុំសិនទៅ»។
មាស នន់ មានស្មារតីមិននឹងន និងម្នាក់ទៀតឈ្មោះ វណ្នី វណ្ណន ត្រូវជាប់ចោទ ៤ករណី។ ទី១ ពីបទបង្កហិង្សាដោយចេតនា ទី២ ធ្វើឲ្យខូចខាតដោយចេតនា ទី៣ បទជេរប្រមាណអ្នករាជការសាធារណៈ និងទី៤ ពីបទរារាំងអ្នករាជការសាធារណៈដែលមានស្ថានទម្ងន់ទោស។ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅស្ទឹងមានជ័យ ដែលពេលនោះសមត្ថកិច្ចបានបាញ់គ្រាប់កាំភ្លើងពិតបង្ក្រាបទៅលើក្រុមបាតុកររោងចក្រ អែស.អិល និងពលរដ្ឋ បណ្ដាលឲ្យស្ត្រីលក់បាយម្នាក់ស្លាប់ និងធ្វើឲ្យមនុស្សច្រើននាក់ទៀតរងរបួសធ្ងន់ រហូតអ្នកខ្លះពិការមួយជីវិត។ ប៉ុន្តែករណីនេះមិនឃើញមានសមត្ថកិច្ចណាមួយត្រូវដាក់ទោស ឬចាប់ខ្លួនទេ ទោះបីជាមានសាក្សីជាច្រើននៅកន្លែងកើតហេតុមើលឃើញថា សមត្ថកិច្ចបានប្រើប្រាស់អាវុធ បង្កឲ្យមានមនុស្សស្លាប់និងរបួសក៏ដោយ។
រហូតមកដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតរកឃាតកពិតរបស់ក្រសួងមហាផ្ទៃ នៅមិនទាន់ចាប់ខ្លួននរណាពាក់ព័ន្ធនឹងការបាញ់សម្លាប់ស្ត្រីលក់បាយម្នាក់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅឡើយទេ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ មិនជឿថា សមត្ថកិច្ចអាចរកឃាតកពិតឃើញឡើយ ដោយគិតថា ជនដៃដល់ក្នុងពេលនោះ គឺជាសមត្ថកិច្ចដែលបានចុះទៅបង្ក្រាបក្រុមបាតុករ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment