Tuesday, December 03, 2013
កម្ពុជានៅតែជាប្រទេសដែលជាប់ចំណាត់ថ្នាក់មិនល្អខាងអំពើពុករលួយ
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 03 ធ្នូ 2013 rfi
អង្គការតម្លាភាពអន្តរជាតិនៅកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួន នៅថ្ងៃអង្គារ៍នេះថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងលំដាប់ថ្នាក់ប្រទេសដែលមានអំពើពុករលួយខ្ពស់ដោយជាប់ចំណាត់ថ្នាក់ទី ១៦០ ក្នុងចំណោមប្រទេសចំនួន ១៧៧ នៅក្នុងពិភពលោក។ ចំណាត់ថ្នាក់នេះ គឺបានធ្លាក់ចុះកាន់តែខ្លាំងឡើង ធៀបនិងឆ្នាំ ២០១២កន្លងទៅ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាកំពុងប្រយុទ្ធប្រឆាំងអំពើពុករលួយ។
របាយការណ៍ស្តីពីសន្ទស្សន៍ និងចំណាត់ថ្នាក់អំពើពុករលួយត្រូវបានអង្គការតម្លាភាពអន្តរជាតិនៅកម្ពុជាបង្ហាញនៅថ្ងៃអង្គារ៍ ទី៣ ធ្នូនេះ នៅឯសណ្ឋាគារសាន់ វ៉េ។ របាយការណ៍បានបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលពិន្ទុ ២០ ក្នុងពិន្ទុសរុប ១០០ ហើយ ជាប់ចំណាត់ថ្នាក់ទី ១៦០ ក្នុងបណ្តាប្រទេស ចំនួន ១៧៧ នៅលើពិភពលោក។
ចំណាត់ថ្នាក់នេះ គឺបានធ្លាក់ចុះបើធៀបទៅនឹងចំណាត់ថ្នាក់កាលពីឆ្នាំ ២០១២ ដែលកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៧៧។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយមិនបានខ្វាយខ្វល់ពីចំណាត់ថ្នាក់នេះទេ។ លោក ជាម យៀប តំណាងរាស្ត្រគណបក្សកាន់អំណាចបានប្រាប់វិទ្យុបារាំងអន្តរជាតិថា "គ្មានរដ្ឋាភិបាលប្រទេសណាមួយព្រងើយកន្តើយនឹងអំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួនឡើយ ក៏ប៉ុន្តែយើងត្រូវគោរពទៅតាមអ្វីដែលអង្គការអន្តរជាតិបានចេញផ្សាយ។
ទោះជាយ៉ាងនេះក្តី លោកអះអាងថា រដ្ឋាភិបាលមិនបានខ្វល់ពីតួរលេខនេះទេ ពីព្រោះកន្លងមក រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើការប្រឆាំងនឹងអំពើពុករលួយនេះយ៉ាងខ្លាំងដូចជាការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយជាដើម។
ជាលទ្ធផល រដ្ឋាភិបាលក៏បានធ្វើការដាក់ទោសដល់បណ្តាមន្ត្រីជាច្រើនរូប ដែលបានរំលោភទៅលើច្បាប់ប្រឆាំងនឹងអំពើពុករលួយ ហើយបច្ចុប្បន្ន មន្ត្រីទាំងអស់នោះក៏បានកំពុងតែជាប់នៅក្នុងពន្ធធនាគាផងដែរ។ នេះបើតាមលោក ជាម យៀប។ លោកសង្ឃឹមថា កម្ពុជានឹងទទួលបានចំណាត់ថ្នាក់ល្អប្រសើរជាងនេះនៅក្នុងឆ្នាំបន្ទាប់ទៀត។
សូមបញ្ជាក់ថា តាមការវាយតម្លៃពីមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលនានា ក៏ដូចជា គណបក្សនយោបាយប្រឆាំង ប្រទេសកម្ពុជាបានបាត់បង់ថវិកាប្រមាណជា ៥០០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែអំពើពុករលួយ។ គេបានគេរកឃើញថា មានអំពើពុករលួយខាំ្លង សម្រាប់វិស័យចំនួនបួន គឺស្ថាប័នតុលាការ ប៉ូលិស គណបក្សនយោបាយ និងមន្ត្រីសាធារណៈ៕
Subscribe to:
Post Comments (Atom)
1 comment:
And then??? Mike.
Post a Comment