Tuesday, December 03, 2013

កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​មិន​ល្អ​ខាង​អំពើ​ពុក​រលួយ


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 03 ធ្នូ 2013 rfi

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា ប្រទេស​កម្ពុជានៅ​តែ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្ពស់​ដោយ​ជាប់​ចំណាត់ថ្នាក់​ទី ១៦០ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៧ នៅ​ក្នុង​ពិភពលោក។ ចំណាត់​ថ្នាក់​នេះ គឺ​បាន​ធ្លាក់​ចុះ​កាន់​តែខ្លាំង​ឡើង ​ធៀប​និង​ឆ្នាំ ២០១២​កន្លង​ទៅ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​អះ​អាង​​ថា កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

របាយការណ៍​ស្តីពី​សន្ទស្សន៍ និង​ចំណាត់​ថ្នាក់​អំពើ​ពុករលួយ​ត្រូវ​បាន​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា​បង្ហាញ​នៅ​ថ្ងៃ​អង្គារ៍ ទី៣ ធ្នូ​នេះ នៅ​ឯ​សណ្ឋាគារ​សាន់ វ៉េ។ របាយការណ៍​បាន​បញ្ជាក់​ថា  ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ ២០ ក្នុង​ពិន្ទុ​សរុប ១០០ ហើយ ជាប់​ចំណាត់​ថ្នាក់​ទី ១៦០ ក្នុង​បណ្តា​ប្រទេស ចំនួន ១៧៧ នៅ​លើ​ពិភពលោក។

ចំណាត់​ថ្នាក់​នេះ គឺ​បាន​ធ្លាក់​ចុះ​បើ​ធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ ២០១២ ដែល​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី ១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៧។
ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អះអាង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ ហើយ​មិន​បាន​ខ្វាយ​ខ្វល់​ពី​ចំណាត់​ថ្នាក់​នេះ​ទេ។  លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា "គ្មាន​រដ្ឋាភិបាល​ប្រទេស​ណា​មួយ​ព្រងើយ​កន្តើយ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​គោរព​ទៅ​តាម​អ្វី​ដែល​អង្គការ​អន្តរជាតិ​បាន​ចេញ​ផ្សាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ខ្វល់​ពី​តួរ​លេខ​នេះ​ទេ ពីព្រោះ​កន្លងមក រដ្ឋាភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នេះ​យ៉ាង​ខ្លាំង​ដូច​ជា​ការបង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជាដើម។

ជា​លទ្ធផល រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ការ​ដាក់​ទោស​ដល់​បណ្តា​មន្ត្រី​ជាច្រើន​រូប ដែល​បាន​រំលោភ​ទៅ​លើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ ហើយ​បច្ចុប្បន្ន មន្ត្រី​ទាំង​អស់​នោះ​ក៏​បាន​កំពុង​តែ​ជាប់​នៅ​ក្នុង​ពន្ធ​ធនាគា​ផង​ដែរ។ នេះ​បើ​តាម​លោក ជាម យៀប។ លោក​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ប្រសើរ​ជាង​នេះ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​ទៀត។

សូម​បញ្ជាក់​ថា​ តាម​ការ​វាយ​តម្លៃ​ពី​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នា​នា ក៏​ដូច​ជា គណបក្ស​នយោបាយ​ប្រឆាំង ប្រទេស​កម្ពុជា​បាន​បាត់​បង់​ថវិកា​ប្រមាណ​ជា ៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ​ដោយ​សារ​តែ​អំពើ​ពុករលួយ។ គេ​បាន​គេ​រក​ឃើញ​ថា​ មាន​អំពើ​ពុករលួយ​ខាំ្លង សម្រាប់​វិស័យ​ចំនួន​បួន គឺ​ស្ថាប័ន​តុលាការ ប៉ូលិស គណបក្ស​នយោបាយ និង​មន្ត្រី​សាធារណៈ៕

1 comment:

Anonymous said...

And then??? Mike.