Monday, December 09, 2013
ឈ្មួញដឹកទំនិញថាក្រុមជញ្ជីងចល័តបំពេញការងារគ្មានភាពយុត្តិធម៌
ឈ្លួញកណ្ដាលដឹកស្រូវទៅលក់នៅប្រទេសវៀតណាម បានត្អូញត្អែរចំពោះការចាប់រថយន្តគាត់ពីសំណាក់ក្រុមជញ្ជីងចល័តរបស់អាជ្ញាធរ ថាមានភាពមិនប្រក្រតី។
ដោយ សូត សុខប្រាថ្នា RFA 2013-12-08
ម្នាស់រថយន្តបានលើកឡើងថា ស្រូវដែលគាត់បានដឹកតាំងពីស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែត្រូវខាងសមត្ថកិច្ចសាធារណការដឹកជញ្ជូនខេត្តកំពង់ចាម ចាប់ថ្លឹង ដោយទម្ងន់ដែលថ្លឹងនោះ គឺលើសពីទម្ងន់ពិតរបស់រថយន្ត ទើបធ្វើឱ្យគាត់យល់ថា ជញ្ជីងនោះមិនប្រក្រតី។
ម្ចាស់រថយន្តដឹកទំនិញទៅលក់នៅប្រទេសវៀតណាម បានសម្ដែងភាពមិនពេញចិត្តចំពោះសកម្មភាពក្រុមជញ្ជីងចល័តរបស់អាជ្ញាធរខេត្តកំពង់ចាម ដែលបានចាប់ផាកពិន័យរថយន្តគាត់ចំពោះការដឹកលើសទម្ងន់ ថាវារឿងមិនត្រឹមត្រូវ។
ឈ្មួញកណ្ដាលទិញស្រូវយកទៅលក់នៅប្រទេសវៀតណាមម្នាក់ អ្នកស្រី សាំង ដាលីន បានឱ្យដឹងថា សមត្ថកិច្ចបានចាប់រថយន្តគាត់តាំងពីថ្ងៃទី២ ធ្នូ យកមកថ្លឹង ដើម្បីផាកពិន័យចំពោះការលើសទម្ងន់នៅម្តុំថ្នល់ទទឹង ខេត្តកំពង់ចាម។ ការថ្លឹងនៅជញ្ជីងចល័ត ក្រសួងបានបង្ហាញឱ្យឃើញថា ទម្ងន់រថយន្តនិងស្រូវនោះ គឺហួសពីទម្ងន់ដើមដែលអ្នកស្រីបានដឹកពីខេត្តសៀមរាបមក គឺលើសជាង ១០តោន។
អ្នកស្រីបន្តថា អ្នកស្រីសុំឱ្យថ្លឹងជញ្ជីងស្ថានីយ ហើយលទ្ធផលចេញមកគឺដូចទៅនឹងទម្ងន់ពិតដែលរថយន្តអ្នកស្រីមាន ប៉ុន្តែខាងជញ្ជីងចល័តប្រាប់អ្នកស្រីថា ជញ្ជីងស្ថានីយមានបញ្ហាដែលធ្វើឱ្យអ្នកស្រីយល់ថា ការថ្លឹងមានភាពមិនត្រឹមត្រូវ ទើបអ្នកស្រីមិនព្រមបង់ប្រាក់តាមការផាកពិន័យនោះឡើយ៖ «យកលុយធនាគារផង លុយឈ្មួញផង ដល់ពេលគាត់ឃាត់ឡានខ្ញុំអ៊ីចឹង អានេះ បើខ្ញុំមិនកម្រើកមកចលនាឡានខ្ញុំគេទុកអ៊ីចឹង។ គេមិនដោះស្រាយសូម្បីតែខ្ញុំចូលនិយាយជាមួយគេក៏គេមិន គេមិនដឹង ដឹងតែបង់លុយ។ សួរថា បង់ប៉ុន្មានៗ បង់ ៦លានជាង ឥឡូវចែឯងចង់សម្រួលបង់ប៉ុន្មាន? ខ្ញុំថា ខ្ញុំអត់ចង់សម្រួលបង់ប៉ុន្មានទេ ខ្ញុំចង់សម្រួលរកភាពយុត្តិធម៌ ឡានខ្ញុំមិនលើសបងឯងថាឡានខ្ញុំលើសរហូតដល់ដប់តោន ខ្ញុំម៉េចនឹងព្រម។ ឥឡូវ ៦លានជាងនេះ ចែឯងបង់ប៉ុន្មាន? ខ្ញុំថា ខ្ញុំអត់ទាន់បង់ទេ ខ្ញុំថា ខ្ញុំយកឡានខ្ញុំទៅថ្លឹង ខ្ញុំនៅតែប្រកាន់គោលការណ៍អារឿងយកឡានទៅថ្លឹងអ៊ីចឹងឯង»។
អ្នកស្រីថ្លែងបន្តថា ការធ្វើដូចនេះពីសំណាក់ក្រុមជញ្ជីងចល័តហាក់ដូចបង្ហាញឱ្យឃើញថា មន្ត្រីទាំងនោះយកច្បាប់មកអនុវត្តដើម្បីប្រព្រឹត្តអំពើពុករលួយ៖ «យើងនិយាយមួយម៉ាត់ឱ្យចំវាពុករលួយ! ចេះតែថា អាងតែប្រជាពលរដ្ឋគ្មានជញ្ជីងថ្លឹងយើងមានតែជញ្ជីង ១៥០គីឡូ ជញ្ជីងប៉ុងយើងធម្មតា...។ យើងនៅក្រោមច្បាប់ គាត់អ្នកកាន់ច្បាប់ ដល់គាត់មករំលោភ អានេះយើងហៅថា រំលោភសិទ្ធិយើងណា ដល់អ៊ីចឹងមានការតវ៉ាដែលអាជីវករអ្នកមានឡានដឹកទំនិញគេមានការតវ៉ាដូចគ្នា»។
ចំពោះបញ្ហានេះ ត្រូវបានអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលទទួលបន្ទុកផ្នែកជញ្ជីង និងជាសមាជិកក្រុមត្រួតពិនិត្យចម្រុះរបស់ក្រសួង លោក នួន គឹមហេង បានមានប្រសាសន៍នៅថ្ងៃទី៧ ធ្នូ ថា ប្រតិបត្តិការឃាត់រថយន្តដែលដឹកលើសចំណុះ គឺមានជាហូរហែ ហើយត្រូវបានដោះស្រាយរួចរាល់ លើកលែងតែរថយន្តអ្នកស្រី សាំង ដាលីន ដែលម្ចាស់រថយន្តមិនព្រមចូលទៅដោះស្រាយ។
លោកបន្តថា តាមលទ្ធផលនៅពេលថ្លឹង និងស្កែន ឃើញថា រថយន្តអ្នកស្រីដឹកលើសចំណុះជាច្រើនតោន ហើយមូ
លហេតុខាងលោកមិនព្រមឱ្យថ្លឹងជញ្ជីងស្ថានីយ ពីព្រោះជញ្ជីងនោះមានបញ្ហាត្រូវការជួសជុលជាមុនសិន។ ចំពោះរឿងថា ខាងលោកបានចរចាទឹកប្រាក់ជាមួយម្ចាស់រថយន្តជារឿងមិនពិតនោះឡើយ ប៉ុន្តែវាគឺជាតម្លៃផាកពិន័យចំពោះការដឹកលើសចំណុះទៅវិញនោះទេ។
លោក នួន គឹមហេង៖ «គេសុំឱ្យចូលខ្លួនពិន័យ អ៊ីចឹងអ្នកខ្លះ ថាមន្ត្រីរបស់ខ្លួនទៅជំរិត អត់ទេរឿងជំរិតខុសហើយ ខ្ញុំសូមជម្រាបអ៊ីចឹង។ អ៊ីចឹងកន្លងមកព័ត៌មានហ្នឹងយកមិនច្បាស់អ៊ីចេះមួយ អ៊ីចេះពីរ។ ព្រោះធ្វើនេះមិនមែនផ្ទាល់ខ្លួននោះទេ គឺដោយសារអភិបាលខេត្ត អ្នកគាត់ឱ្យធ្វើ។ អ៊ីចឹងជញ្ជីងដែលគេថ្លឹងហ្នឹង គឺសុទ្ធតែមានវិញ្ញាបនបត្រគេបញ្ជាក់រួចហើយៗ អាជញ្ជីងស្ថានីយហ្នឹងវា Error បានន័យថា វាខុសពីប្រក្រតី ហើយខ្ញុំមានឯកសារគ្រប់គ្រាន់»។
លោកបន្តថា ឱសានវាទសម្រាប់ម្ចាស់រថយន្ត គឺមានពេលមួយសប្តាហ៍ ប្រសិនបើម្ចាស់មិនព្រមចូលមកដោះស្រាយ លោកនឹងបញ្ជូនករណីនេះទៅតុលាការ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏អ្នកស្រី សាំង ដាលីន នៅតែអះអាងថា រថយន្តអ្នកស្រីមិនបានដឹកលើសដូចការថ្លឹងរបស់ជញ្ជីងក្រសួងនោះទេ។ ប្រសិនបើព្រម អ្នកស្រីនឹងឱ្យថ្លឹងជញ្ជីងដៃតែម្តង ដើម្បីស្វែងរកភាពត្រឹមត្រូវ។ អ្នកស្រីបានបញ្ជាក់ថា បើគ្មានភាពយុត្តិធម៌សម្រាប់អ្នកស្រី នោះគាត់នឹងធ្វើការទាមទាររហូតដល់មានការបិទផ្លូវទៀតផង ពីព្រោះការចាប់រថយន្តរបស់អ្នកស្រីជាច្រើនថ្ងៃធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ការរកស៊ីរបស់គាត់ និងដើម្បីធានាបាននូវការអនុវត្តច្បាប់ដ៏ត្រឹមត្រូវមួយនៅក្នុងស្រុកខ្មែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment