ទស្សនៈ ៖ Facebook ជាទីលាន របស់ក្រុមប្រឆាំង មួយចំនួន
Tuesday, 05 June 2012
ដោយ ៖ ស៊ន សុភក្រ្ត
DAP
ភ្នំពេញ ៖ បណ្តាញទំនាក់ទំនងសង្គម Facebook ដែលបានជ្រាបចូលមក ក្នុងប្រទេសកម្ពុជាអស់ រយៈពេលប៉ុន្មានឆ្នាំមកនេះ បាននឹងកំពុងមាន ប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ខ្មែរភាគច្រើន ជាពិសេសសំដៅក្រុមយុវជន និងក្រុមមនុស្សដែលចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាផ្សេងៗ។
Facebook ការនិយមបើក ត្រូវបានគេហទំព័រ alexa.com វាយតម្លៃថា ជាប់លំដាប់ថ្នាក់លេខ១ ដែលចំនួនអ្នកបើកច្រើនជាងគេ នាពេលបច្ចុប្បន្ននេះ នៅកម្ពុជា ខណៈដែលពីមុនគេហទំព័រ Google ជាប់ចំណាត់ថ្នាក់លេខ១ ។
មជ្ឈដ្ឋានខ្លះបានយល់ឃើញថា Facebook បានក្លាយទៅជាបណ្តាញព័ត៌មានមួយយ៉ាងលឿន ដែលអាចផ្តល់ និងជូនដំណឹងអ្វីមួយកើតឡើង ទៅកាន់មនុស្ស ផ្សេងទៀត ឲ្យតែអ្នកទាំងនោះប្រើប្រាស់ Facebook ហើយវាមិនអាចឲ្យក្រសួង ឬស្ថាប័នណាមួយបញ្ជាឲ្យ បុគ្គលដែលបញ្ចេញព័ត៌មាននោះ អាចលុបចោល និងបិទចោលនូវអ្វីដែលគេបានបង្ហោះនោះឡើយ។
ម្យ៉ាងវិញទៀត ប្រព័ន្ធទំនាក់ទំនងសង្គម ដ៏ទំនើបនេះ បាននឹងកំពុងក្លាយជាបណ្តាញ សម្រាប់មនុស្សមួយក្រុមតូច ដែលមានគំនិតមិនល្អ គឺបានបង្ហោះរូបភាព ឬក៏ពាក្យពេចន៍ រិះគន់ដល់បុគ្គលណាមួយ ដែលពួកគេស្អប់ខ្ពើម។
ឧទាហរណ៍ជាក់ស្តែង មានបុគ្គលខ្លះបាន បង្ហោះរូបស្រីស្នេហ៍ជាលក្ខណៈអាសអាភាស ដែលបានថត កាលពីត្រូវរ៉ូវគ្នា ហើយពេលបែកគ្នា ក៏ខឹងបង្ហោះតែម្តង ដែលធ្វើឲ្យមានភាពអាម៉ាស់ យ៉ាងខ្លាំង ចំពោះនារីរូបនោះ។ ចំពោះវិធានការ ចង់ប្តឹងផ្តល់បុគ្គល ដែលបានបង្ហោះរូបភាព និងរឿងរ៉ាវទាំងនោះ គឺពិតជាមានការលំបាក សម្រាប់សមត្ថកិច្ចជំនាញក្នុង ការស្វែងរកចាប់ខ្លួន បើសិនបុគ្គលនោះ បានលាក់អត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដ ។
ងាកមកក្រុមមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាលវិញ បានប្រើប្រព័ន្ធទំនាក់ទំនងសង្គមដ៏ទំនើប ធ្វើការវាយប្រហារ និងរិះគន់គ្រប់បែបយ៉ាង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បើសិនមានរឿង មិនប្រក្រតីណាមួយកើតឡើងនោះ ។