កម្ពុជាគ្រោងដំឡើងថ្លៃអគ្គិសនីដើម្បីសងបំណុលវៀតណាម
2012-07-05
ដោយ សុខ សេរី
RFA
មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានបញ្ជាក់ជាថ្មីថា ទីក្រុងភ្នំពេញ និងខេត្តដទៃទៀត មិនអាចគេចផុតពីការដំឡើងថ្លៃចរន្តអគ្គិសនីបានឡើយ លើកលែងតែខេត្តបាត់ដំបង មួយ ដែលមិនប៉ះពាល់ គឺដោយសារខេត្តនេះបានទិញចរន្តអគ្គិសនីពីប្រទេសថៃ។
រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក អ៊ិត ប្រាង (ឆ្វេង) នៅក្នុងកិច្ចប្រជុំក្រុមការងារទី៩ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក អ៊ិត ប្រាង បានមានប្រសាសន៍ថា ក្រសួងនេះបានអនុញ្ញាតិឲ្យអគ្គិសនីកម្ពុជា (EDC) ដំឡើងថ្លៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួនទៀត នាពេលឆាប់ៗនេះ ដើម្បីប្រមូលថវិកាសងបំណុលចំនួន ៦លានដុល្លារអាមេរិក ដែលអគ្គិសនីកម្ពុជា បានជំពាក់វៀតណាម កន្លងមក។
ភាគីវៀតណាម បានផ្ញើលិខិតមកទាមទារប្រាក់បំណុលនោះ តាំងពីខែមករា ឆ្នាំ២០១២ កន្លងមកនេះ ប៉ុន្តែនៅមិនទាន់បានសងនៅឡើយ។
