![]() |
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិកម្ពុជា។ រូបថត សហការី |
Wednesday, 12 September 2012
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនបានអះអាងថា អង្គការសហប្រជាជាតិ នឹងទាមទារឲ្យផ្លាស់ប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក៏ទាមទារឲ្យគណបក្សកាន់អំណាច បើកផ្លូវឲ្យលោកបានវិលត្រឡប់ចូលរួមក្នុងការបោះឆ្នោតខាងមុខ នេះ។
ថ្លែងតាមរយៈវីដេអូខនហ្វឺរិនពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទៅកាន់សមាជិកប្រហែល១០០០ នាក់ នៅទីស្នាក់ការថ្មីនៃគណបក្សសង្គ្រោះជាតិកម្ពុជាជាទីតាំងដាក់ បង្ហាញស្លាកគណបក្សថ្មីជាផ្លូវការ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ទាមទារឲ្យមានវត្តមានរបស់លោក ក្នុងការបោះឆ្នោតជាតិ បើមិនអ៊ីចឹងទេ លទ្ធផលនៃការបោះឆ្នោតខាងមុខនឹងមិនត្រូវបានទទួលស្គាល់នោះទេ។ លោកសម រង្ស៊ី លើកឡើងថា នេះជាការទាមទាររបស់អង្គការសហប្រជាជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរគ.ជ.ប និងឲ្យមានវត្តមានរបស់ សម រង្ស៊ី ក្នុងការបោះឆ្នោត។ លោកអះអាងថា អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រសិនបើការបោះឆ្នោត មិនត្រឹមត្រូវ ហើយគ្មាន សម រង្ស៊ី ប្រទេសនឹងមានវិបតិ្ត។ «ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងការទាមទាររបស់អង្គការសហ ប្រជាជាតិ អ្នកនោះប្រឆាំងនឹងសហគមន៍អន្តរជាតិទាំងមូល»។
លោក បន្ថែមថា ប្រសិនបើគណបក្សប្រជាជន ជំទាស់នឹងការទាមទាររបស់អង្គការសហប្រជាជាតិ ជំនួយនឹងត្រូវកាត់ផ្តាច់ ហើយថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះផង ដែរ។ លោក សម រង្ស៊ី បានប្រាប់សមាជិកថា៖ «មានបេក្ខជននាយករដ្ឋមន្រ្តីតែពីរគត់ បេក្ខជនពីគណបក្សកាន់អំណាច និងបេក្ខជនពីគណបក្សសង្គ្រោះជាតិកម្ពុជា សម រង្ស៊ី។ ដូច្នេះ ត្រូវតែមានវត្តមាន សម រង្ស៊ី»។