សៅរ៍ 08 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ដំណើរការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ ២០១២ បានឈានដល់សប្តាហ៍ទី២ហើយ។ ទាំងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ទាំងរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិល សុទ្ធតែអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នាដែលគ្រប់អាយុបោះឆ្នោតទៅពិនិត្យ ឈ្មោះ និងចុះឈ្មោះឲ្យបានគ្រប់គ្នា។
ទោះជាយ៉ាងនេះក៏ដោយ មានមនុស្សជាច្រើននៅតែគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដដែល។
តើហេតុអ្វីបានជាដូច្នេះ? ហើយតើបញ្ហានេះគួរក្លាយជាជម្លោះនយោបាយដែរ ឬទេ ?
ជារៀងរាល់ការបោះឆ្នោតម្តងៗ បញ្ជីឈ្មោះអ្នកបោះឆ្នោតតែងក្លាយជាជម្លោះនយោបាយដ៏ក្តៅគគុក។ មានមនុស្សជាច្រើនគ្មានឈ្មោះក្នុងបញ្ជី ខ្លះទៀតមានឈ្មោះតែវង្វេងការិយាល័យរកកន្លែងបោះឆ្នោតមិនឃើញ អ្នកខ្លះមានឈ្មោះតែមិនទៅបោះឆ្នោត។ បញ្ហាដដែលៗនេះនៅតែបន្តកើតឡើងមិនទាន់ចប់។ គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនបានស្តីបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ឝ.ជ.ប) ថាបានបង្កការលំបាកដល់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ។ អ្នកខ្លះទៀតបានស្តីបន្ទោសអាជ្ញាធរមូលដ្ឋានថា លម្អៀងទៅរកគណបក្សកាន់អំណាចហើយបានព្យាយាមរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យទៅបោះឆ្នោត។
ទោះបីជាការបោះឆ្នោតបានប្រព្រឹត្តទៅជាច្រើនលើក មកហើយក៏ដោយ ក៏ជម្លោះនយោបាយស្តីពីបញ្ជីអ្នកបោះឆ្នោតនៅតែជាបច្ចុប្បន្នភាពក្តៅមួយដែលបន្តដុតកម្តៅឆាកនយោបាយប្រទេសកម្ពុជានៅឡើយ។ ការធ្វើពហិការមិនចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅពេលនេះគឺជាឧទាហរណ៍ជាក់ស្តែង។ មិនចូលរួមសង្កេតការណ៍ពីព្រោះតែគណបក្សទាំងពីរនេះលើកហេតុផលថា ការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតនៅតែធ្វើឡើងដោយគ្មានតម្លាភាពដដែល។
ជាការពិតណាស់ ទោះបីជារបបប្រជាធិបតេយ្យបានចាក់ឫសក្នុងប្រទេសកម្ពុជាអស់រយៈពេលពីរទសវត្សរ៍ហើយក៏ដោយ ក៏ជាទូទៅ ផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរនៅមិនទាន់ប្រែប្រួលជាដុំកំភួននៅឡើយ។ សម្រាប់ប្រជាជនសាមញ្ញជាទូទៅ រឿងនយោបាយមិនមែនជាបញ្ហារបស់ពួកគេទេ តែវាជារឿងផ្តាច់មុខរបស់អ្នកនយោបាយ។ ដោយសារតែផ្នត់គំនិតបែបនេះនៅជោគជាំក្រាស់ឃ្មឹកនៅឡើយ មានពលរដ្ឋខ្មែរជាច្រើនណាស់ដែលមិនចាប់អារម្មណ៍នាំគ្នាទៅចុះឈ្មោះឬពិនិត្យឈ្មោះបោះឆ្នោតឡើយ។ ការមិនចាប់អារម្មណ៍នឹងរឿងនយោបាយគឺជាប្រភពនៃបញ្ហារាប់រយជំពូកសម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា។
ជាក់ស្តែង ជម្លោះក្តៅគគុកជុំវិញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅពេលនេះគឺជាឧទាហរណ៍ស្រាប់។ គណបក្សកាន់អំណាចដែលបានយល់ច្បាស់ពីបញ្ហានេះតែងរិះរកគ្រប់មធ្យោបាយដើម្បីធានាថា អ្នកគាំទ្ររបស់ខ្លួនមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបានទៅបោះឆ្នោតគ្រប់គ្នា។ រីឯគណបក្សប្រឆាំងឬគណបក្សផ្សេងទៀតដែលគ្មានមធ្យោបាយ គ្មានលទ្ធភាពឬក៏មិនបានចាប់អារម្មណ៍អំពីបញ្ហានេះបានជួបប្រទះបញ្ហាច្រើនជាងគេជុំវិញបញ្ជីឈ្មោះអ្នកបោះឆ្នោត។
ទីបំផុត ពួកគេក៏ស្តីបន្ទោសគ.ជ.ប ឬអាជ្ញាធរមូលដ្ឋាន។ការស្តីបន្ទោសនេះ មិនខុសឡើយ ពីព្រោះមន្ត្រីដែលបម្រើការក្នុងស្ថាប័នទាំងនោះភាគច្រើនជាអ្នក ចេញមកពីគណបក្សកាន់អំណាច។ នេះជាមូលហេតុសំខាន់ដែលធ្វើឲ្យគូប្រកួតបាត់បង់ជំនឿលើអាជ្ញាកណ្តាល។
ប៉ុន្តែ បញ្ហាដែលកើតឡើងដដែលៗជុំវិញបញ្ជីឈ្មោះបោះឆ្នោត និងការបាត់បង់សិទ្ធិ ឬបោះបង់សិទ្ធិបោះឆ្នោត ឬបញ្ហាផ្សេងៗទៀតជាច្រើន មានមូលហេតុពិតប្រាកដរបស់វាសំខាន់ជាងនេះទៅទៀត នោះគឺទម្លាប់មិនអើពើនឹងបញ្ហានយោបាយរបស់ប្រជាពលរដ្ឋខ្មែរនេះឯង។ ដូច្នេះ ដំណោះស្រាយពិតប្រាកដនៅទីនេះគឺ ទាំង គ.ជ.ប អាជ្ញាធរ សង្គមស៊ីវិលនិងគណបក្សនយោបាយត្រូវធ្វើសកម្មភាពព្រមៗគ្នាដើម្បីឲ្យប្រជាពលរដ្ឋយល់អំពីកាតព្វកិច្ចនយោបាយរបស់ខ្លួន ជាជាងការចង្អុលមុខដាក់គ្នា ឬការធ្វើអាជីវកម្មនយោបាយលើការមិនយល់ដឹងរបស់ប្រជាពលរដ្ឋ។
នៅពេលដែលពលរដ្ឋគ្រប់គ្នាយល់ថា សន្លឹកឆ្នោតរបស់ពួកគេមានសារសំខាន់សម្រាប់កំណត់ជោគវាសនាប្រទេសជាតិ ពេលនោះកុំថាឡើយតែការចុះឈ្មោះ ឬពិនិត្យបញ្ជីឈ្មោះបោះឆ្នោត សូម្បីតែដំណើរការបោះឆ្នោតទាំងមូលក៏នឹងគ្មានអ្វីគួរឲ្យស្មុគស្មាញទៀតឡើយ។ ពោលគឺការបែប្រែផ្នត់គំនិតរបស់ពលរដ្ឋខ្មែរពីការពឹងបាក់ទាំងស្រុងទៅលើអ្នកនយោបាយក្នុងការកាច់ចង្កូតនាវាកម្ពុជា មកជាអ្នកកាន់កាប់ជោគវាសនាប្រទេសជាតិដោយខ្លួនឯងវិញ គឺជាបេសកកម្មដ៏ធំធេងមួយដែលអ្នកនយោបាយ និងអ្នកពាក់ពន្ធ័ទាំងឡាយត្រូវរួមគ្នាសម្រេចឲ្យបានដើម្បីឈានទៅបញ្ចប់ជម្លោះនៃការបោះឆ្នោតនៅកម្ពុជា៕
3 comments:
Not a carelessness but the tricks
well planned by CPP.
ត្រង់នេះហើយដែលស្រុកយើងមាន
ដំណើរថយក្រោយ ហើយដេកចាំ
ជួបព្រះបាទធម្មិក ព្រោះតាំងពីយូរ
មកប្រជាជនខ្មែរគេតម្រូវឲ្យដាំដើមគ
គ្រប់ព្រឹត្តការណ៍ ទាំងប្រជាជនខ្លួន
ឯងច្រើនប្រគល់វាសនាអនាគតដាច់
ទៅអ្នកដឹកនាំ បើគេកុហកស្ដាប់គេ
ច្រហមាត់ធ្លុង បើអ្នកពីក្រៅចង់ឲ្យ
មានលទ្ធិប្រជាធិបតេយ្យដោយនឹក
អាណិតពួកគាត់ក៏ដោយ ក៏គេនឹង
ដៀលថា ពួកចោលស្រុកអាងរត់ចោល
ពួកគាត់ ដូច្នេះពួកគាត់មិនទុកចិត្ត
នរណាក្រៅពី «អ្នកតាចាស់ស្រុក»
ឡើយ មានតែអ្នកតាចាស់ស្រុកទេ
ដែលដឹងចិត្តកូនចៅ ។
ការបោះឆ្នោតបច្ចុប្បន្នគឺជាល្បែងបញ្ឆោតបង្រ្គប់កិច្ចអោយអាខ្វាក់ ហ៊ុន សែន កាន់អំណាចបន្តរទៀតតែប៉ុណ្ណោះ ដូច្នេះដំណោះស្រាយគឺមានតែយើងជាពលរដ្ឋត្រូវតែងើបឡើងប្រឆាំងទូទាំងប្រទេស ឱកាសនេះយើងអាចនឹងរើបំរៈរួចតែបន្តិចទៀតគឺខ្មែរនិងជាតិរបស់យើងត្រូវធ្លាក់ក្នុងកណ្តាប់ដៃយួនហើយ!
Post a Comment