៩-តុលា-២០១២៖ កូនចៅអតីតអ្នកភូមិសំបុកចាប
ទៅសាលារៀនហូប (Hope) នៅភូមិអណ្ដូង ខណ្ឌពោធិ៍សែនជ័យ ចម្ងាយប្រមាណ
២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ដោយ វោហារ ជាតិ 2012-10-12 RFA
សំឡេងព្រោកប្រាជ្ញគ្នាដូច្នេះឮចេញពីច្រកមួយតូច
ដែលផ្ដុំទៅដោយខ្ទមតូចៗជាប់គ្នាដូចសំបុកចាប
និងមានជ្រាំគ្រប់កន្លែង។ ខ្លះអង្គុយអើតករតាមមាត់បង្អួច
ខ្លះឈរសិតសក់នៅមាត់ទ្វារ
ខ្លះទៀតពរកូនឈរសំកាំងលើដីជ្រាំនៅមុខផ្ទះ
ខណៈដែលអ្នកជិតខាងឯទៀត
កំពុងតុបតែងខ្លួនឲ្យកូនទៅសាលារៀនទាំងព្រឹកព្រហាម។
នៅពេលដែលសួរថា តើកូនៗគាត់បានចូលរៀនដូចកាលនៅភ្នំពេញទេ?
ស្ត្រីម្នាក់ដែលមានសាច់ទ្រលុក ឈរច្បូតសក់ក្បែរជ្រង់ជញ្ជាំង
បានបន្លឺដោយឥតស្ទាក់ស្ទើរថា ខុសកាលពីរស់នៅភូមិសំបុកចាប
ក្រុងភ្នំពេញ។ នៅទីនេះ កូនគាត់ទៅរៀនមិនអស់ប្រាក់
ហើយសាលាល្អទៀត៖ «ចាស! កូនខ្ញុំបានសាលាអង្គការ បានសាលាជិត។
ព្រលឹមឡើងសាលាអង្គការយេស៊ូ ជួយទាំងខោអាវ ទាំងពីបាយ សៀវភៅរៀន
ទាំងពីស្បែកជើង ហើយម្ដាយបានធ្វើផ្ទះទៀត...»។
លោកយាយ កេត សាខន
ដែលកំពុងអង្គុយលើគ្រែគងដៃទាំងពីរលើមាត់បង្អួចមកក្រៅ បន្ទរថា
គាត់ជាស្រីមេម៉ាយ ហើយមានកូន និងចៅច្រើនក្នុងបន្ទុក
កុំតែបានសាលាអង្គការក្រៅរដ្ឋាភិបាលបើកច្រើននៅក្បែរនេះ
ទទួលឲ្យចូលរៀនមិនបង់ប្រាក់ ម្ល៉េះសមកូន
និងចៅគាត់មិនមានឱកាសបានរៀនសូត្រចេះដឹងដូចសព្វថ្ងៃនេះ៖ «មី
ប្អូនទី២ រៀនថ្នាក់ទី៤ នៅសាលាអង្គការកូរ៉េនេះ។ ហើយចៅពីរនាក់ទៀត
ដែលមានម៉ែឳពីរនាក់នេះកំព្រាទេ ខ្ញុំចិញ្ចឹម
ពីរនាក់មានម៉ែឱហ្នឹង រៀនសាលាអង្គការចាយ»។
ក្នុងពេលសន្ទនាគ្នានេះ មានក្លិនស្អុយភាយមកម្ដងៗ
តែពួកគាត់ពោលថា គាត់ស៊ាំនឹងក្លិននេះទៅហើយ។ ពួកគាត់
ខ្លះរស់នៅគ្មានភ្លើងអគ្គិសនី បង្គន់អនាម័យ ទឹកស្អាត
តែមើលទៅពួកគាត់
ហាក់ដូចជាកក់ក្ដៅនឹងជីវិតថ្មីនៅទីនេះម្យ៉ាងដែរ។
នារីម្នាក់រាងស្ដើងស្លេកស្លាំង ឈ្មោះ សែន ឆុំ
ដែលកំពុងឈរបីកូនក្បែរនោះ ហាក់ចង់ឲ្យកូនតូចមិនទាន់គ្រប់អាយុ
ដែលគាត់កំពុងបីនៅដៃនោះ ចូលរៀននឹងគេដែរ ព្រោះគាត់ឮល្បីថា
សាលារៀនអង្គការនៅក្បែរភូមិនេះ គេជួយឧបត្ថម្ភទាំងកូន
និងផ្ដល់លុយកាក់ខ្លះទៅឲ្យគ្រួសារសិស្សទៀត៖ «ចង់ទៅរៀនទេកូន? ចង់។ ចង់ទៅរៀននៅណាកូន? នៅ...»។
នៅពេលដែលកំពុងមានអារម្មណ៍ស្លុងសប្បាយចិត្តនឹងកូនបានរៀននៅ
ពេលនេះ ពួកគាត់ហាក់ភ្លេចរឿងអតីតកាលអស់មួយភ្លែតដែរ។
តែនៅពេលដែលសួរនាំរំលឹករឿងចាស់
ដែលគេបណ្ដេញពួកគាត់ចេញពីសំបុកចាប
ពួកគាត់ប្រែទឹកមុខខឹងភ្លាមមួយរំពេច។
កាលពីថ្ងៃទី៦ ខែមិថុនា ម៉ោង ៦ព្រឹក ឆ្នាំ២០០៦ អ្នកភូមិសំបុកចាប
ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ត្រូវបានរដ្ឋាភិបាលចាប់ដាក់ឡានបញ្ជូនមកឲ្យរស់នៅទីនេះ។
ពួកគាត់ម្នាក់ៗបានរំលឹកថា
គាត់ចាំថ្ងៃខែដែលត្រូវគេបណ្ដេញចេញនោះច្បាស់ ដោយគាត់រំលឹកថា
ថ្ងៃកើតហេតុនោះ គឺអ្វីៗសុទ្ធតែចំលេខ៦ ទាំងអស់ គឺកើតឡើងនៅម៉ោង
៦ព្រឹក ថ្ងៃទី៦ ខែក៏៦ ឆ្នាំក៏២០០៦។ គេនៅចាំបានថា កាលនោះ
ទាំងអ្នកភូមិសំបុកចាប រួមទាំងអង្គការការពារសិទ្ធិមនុស្សខ្លះ
បានហៅការជម្លៀសនោះថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
តែរដ្ឋាភិបាលបដិសេធហើយឆ្លើយថា អ្នកភូមិសំបុកចាប
រស់នៅធ្វើឲ្យខូចសោភណភាពទីក្រុង។
មកដល់ពេលនេះ មានរយៈពេល
៦ឆ្នាំហើយដែលពួកគាត់មកតាំងលំនៅទីនេះ។ ទីនេះ គឺភូមិអណ្ដូង
មានផ្ទៃដីទំហំជាងបីហិកតារ មានចំនួនប្រជាពលរដ្ឋសរុបជាង
១.០៣០គ្រួសារ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ចម្ងាយជាង ២០គីឡូម៉ែត្រ
ខាងលិចក្រុងភ្នំពេញ។
លោក ហេង ឌឿ ប្រធានសហគមន៍ភូមិអណ្ដូង ក៏បានអះអាងថា
មានអង្គការជាច្រើន ហើយមានអង្គការខ្លះជាដៃគូរបស់រដ្ឋាភិបាលផង
បានចុះមកជួយប្រជាពលរដ្ឋនៅទីនេះ ទាំងសុខាភិបាល និងស្បៀងអាហារ។
តែលោកថា វិស័យសិក្សាធិការហាក់ជោគជ័យជាងគេ៖ «ទាក់ទងការអប់រំនៅ
ទីនេះ មានអង្គការនៅជុំវិញទាំងអស់។ បើសាលារដ្ឋយើង សាលាបឋមសិក្សា
វិទ្យាល័យជិតប្រហែល ៤រយម៉ែត្រ ៥រយម៉ែត្រ គឺយើងដល់តែម្ដង...»។
នៅចម្ងាយប្រមាណ ៥រយម៉ែត្រពីភូមិអណ្ដូង
គេឃើញមានសាលារៀនឯកជនមួយធំ សង់ក្បែរមាត់បឹង
ឈ្មោះជាភាសាអង់គ្លេសថា ហូប (HOPE) ដែលអ្នកនៅទីនេះ
នាំគ្នាហៅគ្រប់មាត់ថា សាលានៃក្ដីសង្ឃឹមកុមារកម្ពុជា។
លោក សុខ រដ្ឋា គ្រូសាលានេះ ឲ្យដឹងថា
សាលាហូបបានជួយកូនអ្នកក្រនៅតំបន់នេះទាំងអស់។ សាលាមានសិស្សសរុប
៣០០នាក់ សិស្សរៀនទាំងព្រឹកល្ងាច មានគ្រូ ២០នាក់
ថ្នាក់រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់អនុវិទ្យាល័យ មាន ២០បន្ទប់
សិក្សាតាមកម្មវិធីក្រសួងអប់រំជាតិ បង្រៀនមិនយកលុយ៖ «ដោយមើលឃើញ
ថា អ្នកដែលគាត់ពិបាក
យើងចុះមកតាមជួយសិស្សក្រីក្រគ្មានលទ្ធភាពចូលរៀនសាលារដ្ឋ
សាលាឯកជន! គោលដៅដែលជួយ គឺជួយអ្នកក្រីក្រតែម្ដង។ បើជាការលុយកាក់
គឺអត់មានទេ មានតែការជួយដល់សិស្សក្រីក្រ។
សម្ភារៈដែលត្រូវជួយដូចជាសំលៀកបំពាក់ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ
អាហារសម្រន់មួយព្រឹកដែរ»។
លោក ជិន សូផាត គ្រូអនុវិទ្យាល័យ បង្រៀនសាលារដ្ឋ ហ៊ុន សែន
ភ្នំពេញថ្មី ក៏បានស្ម័គ្រចិត្តមកជួយបង្រៀននៅសាលានេះដែរ
បំណងជួយកូនអ្នកក្រឲ្យចេះអក្សរដូចគេឯង៖ «គុណភាពសិក្សានៅទី
នេះ គឺយើងចង់និយាយថា (សិស្ស) គ្មានពេលទៅរៀនឯកជនខាងក្រៅទេ។
នោះទីនេះ គឺលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ណាស់។
សិស្សប្រឹងទាល់តែមែនទែន ម៉ោងទំនេរ ពេលចេញលេង
សិស្សឆ្ងល់វារត់មកសួរគ្រូ...ស្និទ្ធស្នាលខ្លាំង... »។
សាលាហូប គឺជាសាលាឯកជនមួយ ក្នុងចំណោមសាលាឯកជនជាច្រើនទៀត
ស្ម័គ្រចិត្តជួយបង្រៀនកូនអ្នកក្រ ដូចជាអតីតអ្នកភូមិសំបុកចាប
នេះជាដើម
ដែលក្ដីរំពឹងធ្វើឲ្យពួកគាត់ដែលពេលនេះកំពុងមានជីវភាពដុនដាប
ប្រកបរបរតូចតាច ដូចដើររើសអេតចាយ លក់លៀស រត់ម៉ូតូឌុប
ធ្វើកម្មករសំណង់ជាដើម នឹងអាចពឹងពាក់កូនចៅបាននៅពេលអនាគត។
វុធ ដានីតា បានតាំងចិត្តរៀនអោយចប់ ដើម្បីរកការងារដើម្បីចិញ្ចឹមឪពុកម្ដាយ ដែលកំពុងវេទនានេះ៖ «ធំឡើងចង់ធ្វើគ្រូបង្រៀន ដើម្បីអប់រំក្មេងជំនាន់ក្រោយឲ្យចេះ មានការងារ និងមានការងារធ្វើខ្លួនឯង»។
រីឯ ស្រី ល័ក្ខ អាយុទើប ១០ឆ្នាំ មានរាងតូចច្រឡឹង ក៏តាំងចិត្តដូច
ដានីតា ដែរ ដើម្បីជួយឪពុកម្ដាយ៖ «ធំឡើងចង់ធ្វើវេជ្ជបណ្ឌិត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
KOMAR CHHEAN MUK ,7 MAKARA STYLE.
Communist Boy and Girl Scouts coming from Communist Yuon/Vietnam in Cambodia
Post a Comment