Friday, October 12, 2012

ការ​អប់រំ​របស់​កូន​ចៅ​អតីត​អ្នក​ភូមិ​សំបុកចាប​នៅ​ទីតាំង​ថ្មី

RFA/Vohar Cheath
៩-តុលា-២០១២៖ កូន​ចៅ​អតីត​អ្នក​ភូមិ​សំបុកចាប ទៅ​សាលា​រៀន​ហូប (Hope) នៅ​ភូមិ​អណ្ដូង ខណ្ឌ​ពោធិ៍សែនជ័យ ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។
 ដោយ វោហារ ជាតិ 2012-10-12 RFA
សំឡេង​ព្រោក​ប្រាជ្ញ​គ្នា​ដូច្នេះ​ឮ​ចេញ​ពី​ច្រក​មួយ​តូច ដែល​ផ្ដុំ​ទៅ​ដោយ​ខ្ទម​តូចៗ​ជាប់​គ្នា​ដូច​សំបុក​ចាប និង​មាន​ជ្រាំ​គ្រប់​កន្លែង។ ខ្លះ​អង្គុយ​អើត​ករ​តាម​មាត់​បង្អួច ខ្លះ​ឈរ​សិត​សក់​នៅ​មាត់​ទ្វារ ខ្លះ​ទៀត​ពរ​កូន​ឈរ​សំកាំង​លើ​ដី​ជ្រាំ​នៅ​មុខ​ផ្ទះ ខណៈ​ដែល​អ្នក​ជិត​ខាង​ឯទៀត កំពុង​តុប​តែង​ខ្លួន​ឲ្យ​កូន​ទៅ​សាលា​រៀន​ទាំង​ព្រឹក​ព្រហាម។

នៅ​ពេល​ដែល​សួរ​ថា តើ​កូនៗ​គាត់​បាន​ចូល​រៀន​ដូច​កាល​នៅ​ភ្នំពេញ​ទេ? ស្ត្រី​ម្នាក់​ដែល​មាន​សាច់​ទ្រលុក ឈរ​ច្បូត​សក់​ក្បែរ​ជ្រង់​ជញ្ជាំង បាន​បន្លឺ​ដោយ​ឥត​ស្ទាក់​ស្ទើរ​ថា ខុស​កាល​ពី​រស់នៅ​ភូមិ​សំបុក​ចាប ក្រុង​ភ្នំពេញ។ នៅ​ទី​នេះ កូន​គាត់​ទៅ​រៀន​មិន​អស់​ប្រាក់ ហើយ​សាលា​ល្អ​ទៀត៖ «ចាស! កូន​ខ្ញុំ​បាន​សាលា​អង្គការ បាន​សាលា​ជិត។ ព្រលឹម​ឡើង​សាលា​អង្គការ​យេស៊ូ ជួយ​ទាំង​ខោអាវ ទាំង​ពី​បាយ សៀវភៅ​រៀន ទាំង​ពី​ស្បែក​ជើង ហើយ​ម្ដាយ​បាន​ធ្វើ​ផ្ទះ​ទៀត...»
លោក​យាយ កេត សាខន ដែល​កំពុង​អង្គុយ​លើ​គ្រែ​គង​ដៃ​ទាំង​ពីរ​លើ​មាត់​បង្អួច​មក​ក្រៅ បន្ទរ​ថា គាត់​ជា​ស្រី​មេម៉ាយ ហើយ​មាន​កូន និង​ចៅ​ច្រើន​ក្នុង​បន្ទុក កុំ​តែ​បាន​សាលា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បើក​ច្រើន​នៅ​ក្បែរ​នេះ ទទួល​ឲ្យ​ចូល​រៀន​មិន​បង់​ប្រាក់ ម្ល៉េះ​សម​កូន និង​ចៅ​គាត់​មិន​មាន​ឱកាស​បាន​រៀន​សូត្រ​ចេះ​ដឹង​ដូច​សព្វថ្ងៃ​នេះ៖ «មី​ ប្អូន​ទី២ រៀន​ថ្នាក់​ទី៤ នៅ​សាលា​អង្គការ​កូរ៉េ​នេះ។ ហើយ​ចៅ​ពីរ​នាក់​ទៀត ដែល​មាន​ម៉ែ​ឳ​ពីរ​នាក់​នេះ​កំព្រា​ទេ ខ្ញុំ​ចិញ្ចឹម ពីរ​នាក់​មាន​ម៉ែ​ឱ​ហ្នឹង រៀន​សាលា​អង្គការ​ចាយ»
ក្នុង​ពេល​សន្ទនា​គ្នា​នេះ មាន​ក្លិន​ស្អុយ​ភាយ​មក​ម្ដងៗ តែ​ពួក​គាត់​ពោល​ថា គាត់​ស៊ាំ​នឹង​ក្លិន​នេះ​ទៅ​ហើយ។ ពួក​គាត់ ខ្លះ​រស់នៅ​គ្មាន​ភ្លើង​អគ្គិសនី បង្គន់​អនាម័យ ទឹក​ស្អាត តែ​មើល​ទៅ​ពួក​គាត់ ហាក់​ដូច​ជា​កក់ក្ដៅ​នឹង​ជីវិត​ថ្មី​នៅ​ទី​នេះ​ម្យ៉ាង​ដែរ។
នារី​ម្នាក់​រាង​ស្ដើង​ស្លេក​ស្លាំង ឈ្មោះ សែន ឆុំ ដែល​កំពុង​ឈរ​បី​កូន​ក្បែរ​នោះ ហាក់​ចង់​ឲ្យ​កូន​តូច​មិន​ទាន់​គ្រប់​អាយុ ដែល​គាត់​កំពុង​បី​នៅ​ដៃ​នោះ ចូល​រៀន​នឹង​គេ​ដែរ ព្រោះ​គាត់​ឮ​ល្បី​ថា សាលា​រៀន​អង្គការ​នៅ​ក្បែរ​ភូមិ​នេះ គេ​ជួយ​ឧបត្ថម្ភ​ទាំង​កូន និង​ផ្ដល់​លុយ​កាក់​ខ្លះ​ទៅ​ឲ្យ​គ្រួសារ​សិស្ស​ទៀត៖ «ចង់​ទៅ​រៀន​ទេ​កូន? ចង់។ ចង់​ទៅ​រៀន​នៅ​ណា​កូន? នៅ...»
នៅ​ពេល​ដែល​កំពុង​មាន​អារម្មណ៍​ស្លុង​សប្បាយ​ចិត្ត​នឹង​កូន​បាន​រៀន​នៅ​ ពេល​នេះ ពួក​គាត់​ហាក់​ភ្លេច​រឿង​អតីតកាល​អស់​មួយ​ភ្លែត​ដែរ។ តែ​នៅ​ពេល​ដែល​សួរ​នាំ​រំលឹក​រឿង​ចាស់ ដែល​គេ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​សំបុក​ចាប ពួក​គាត់​ប្រែ​ទឹក​មុខ​ខឹង​ភ្លាម​មួយ​រំពេច។
កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ម៉ោង ៦ព្រឹក ឆ្នាំ​២០០៦ អ្នក​ភូមិ​សំបុក​ចាប ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ឡាន​បញ្ជូន​មក​ឲ្យ​រស់​នៅ​ទី​នេះ។ ពួក​គាត់​ម្នាក់ៗ​បាន​រំលឹក​ថា គាត់​ចាំ​ថ្ងៃ​ខែ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​នោះ​ច្បាស់ ដោយ​គាត់​រំលឹក​ថា ថ្ងៃ​កើត​ហេតុ​នោះ គឺ​អ្វីៗ​សុទ្ធ​តែ​ចំ​លេខ​៦ ទាំង​អស់ គឺ​កើត​ឡើង​នៅ​ម៉ោង ៦ព្រឹក ថ្ងៃ​ទី៦ ខែ​ក៏៦ ឆ្នាំ​ក៏​២០០៦។ គេ​នៅ​ចាំ​បាន​ថា កាល​នោះ ទាំង​អ្នក​ភូមិ​សំបុក​ចាប រួម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ បាន​ហៅ​ការ​ជម្លៀស​នោះ​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ តែ​រដ្ឋាភិបាល​បដិសេធ​ហើយ​ឆ្លើយ​ថា អ្នក​ភូមិ​សំបុក​ចាប រស់​នៅ​ធ្វើ​ឲ្យ​ខូច​សោភណភាព​ទីក្រុង។
មក​ដល់​ពេល​នេះ មាន​រយៈ​ពេល ៦ឆ្នាំ​ហើយ​ដែល​ពួក​គាត់​មក​តាំង​លំនៅ​ទី​នេះ។ ទី​នេះ គឺ​ភូមិ​អណ្ដូង មាន​ផ្ទៃដី​ទំហំ​ជាង​បី​ហិកតារ មាន​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង ១.០៣០​គ្រួសារ ស្ថិត​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ចម្ងាយ​ជាង ២០​គីឡូ​ម៉ែត្រ ខាង​លិច​ក្រុង​ភ្នំពេញ។
លោក ហេង ឌឿ ប្រធាន​សហគមន៍​ភូមិ​អណ្ដូង ក៏​បាន​អះអាង​ថា មាន​អង្គការ​ជាច្រើន ហើយ​មាន​អង្គការ​ខ្លះ​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ផង បាន​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ទាំង​សុខាភិបាល និង​ស្បៀង​អាហារ។ តែ​លោក​ថា វិស័យ​សិក្សាធិការ​ហាក់​ជោគជ័យ​ជាង​គេ៖ «ទាក់​ទង​ការ​អប់រំ​នៅ ​ទី​នេះ មាន​អង្គការ​នៅ​ជុំវិញ​ទាំង​អស់។ បើ​សាលា​រដ្ឋ​យើង សាលា​បឋម​សិក្សា វិទ្យាល័យ​ជិត​ប្រហែល ៤រយ​ម៉ែត្រ ៥រយ​ម៉ែត្រ គឺ​យើង​ដល់​តែ​ម្ដង...»
នៅ​ចម្ងាយ​ប្រមាណ ៥រយ​ម៉ែត្រ​ពី​ភូមិ​អណ្ដូង គេ​ឃើញ​មាន​សាលារៀន​ឯកជន​មួយ​ធំ សង់​ក្បែរ​មាត់​បឹង ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ហូប (HOPE) ដែល​អ្នក​នៅ​ទី​នេះ នាំ​គ្នា​ហៅ​គ្រប់​មាត់​ថា សាលា​នៃ​ក្ដី​សង្ឃឹម​កុមារ​កម្ពុជា។
លោក សុខ រដ្ឋា គ្រូ​សាលា​នេះ ឲ្យ​ដឹង​ថា សាលា​ហូប​បាន​ជួយ​កូន​អ្នក​ក្រ​នៅ​តំបន់​នេះ​ទាំង​អស់។ សាលា​មាន​សិស្ស​សរុប ៣០០​នាក់ សិស្ស​រៀន​ទាំង​ព្រឹក​ល្ងាច មាន​គ្រូ ២០​នាក់ ថ្នាក់​រៀន​ចាប់​ពី​ថ្នាក់​មត្តេយ្យ ដល់​អនុវិទ្យាល័យ មាន ២០​បន្ទប់ សិក្សា​តាម​កម្មវិធី​ក្រសួង​អប់រំ​ជាតិ បង្រៀន​មិន​យក​លុយ៖ «ដោយ​មើល​ឃើញ ​ថា អ្នក​ដែល​គាត់​ពិបាក យើង​ចុះ​មក​តាម​ជួយ​សិស្ស​ក្រីក្រ​គ្មាន​លទ្ធ​ភាព​ចូល​រៀន​សាលា​រដ្ឋ សាលា​ឯកជន! គោលដៅ​ដែល​ជួយ គឺ​ជួយ​អ្នក​ក្រីក្រ​តែ​ម្ដង។ បើ​ជា​ការ​លុយ​កាក់ គឺ​អត់​មាន​ទេ មាន​តែ​ការ​ជួយ​ដល់​សិស្ស​ក្រីក្រ។ សម្ភារៈ​ដែល​ត្រូវ​ជួយ​ដូច​ជា​សំលៀក​បំពាក់ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ អាហារ​សម្រន់​មួយ​ព្រឹក​ដែរ»
លោក ជិន សូផាត គ្រូ​អនុវិទ្យាល័យ បង្រៀន​សាលា​រដ្ឋ ហ៊ុន សែន ភ្នំពេញ​ថ្មី ក៏​បាន​ស្ម័គ្រចិត្ត​មក​ជួយ​បង្រៀន​នៅ​សាលា​នេះ​ដែរ បំណង​ជួយ​កូន​អ្នក​ក្រ​ឲ្យ​ចេះ​អក្សរ​ដូច​គេ​ឯង៖ «គុណភាព​សិក្សា​នៅ​ទី​ នេះ គឺ​យើង​ចង់​និយាយ​ថា (សិស្ស) គ្មាន​ពេល​ទៅ​រៀន​ឯកជន​ខាង​ក្រៅ​ទេ។ នោះ​ទី​នេះ គឺ​លោកគ្រូ អ្នកគ្រូ​យក​ចិត្ត​ទុក​ដាក់​ណាស់។ សិស្ស​ប្រឹង​ទាល់​តែ​មែន​ទែន ម៉ោង​ទំនេរ ពេល​ចេញ​លេង សិស្ស​ឆ្ងល់​វា​រត់​មក​សួរ​គ្រូ...ស្និទ្ធស្នាល​ខ្លាំង... »
សាលា​ហូប គឺ​ជា​សាលា​ឯកជន​មួយ ក្នុង​ចំណោម​សាលា​ឯកជន​ជាច្រើន​ទៀត ស្ម័គ្រចិត្ត​ជួយ​បង្រៀន​កូន​អ្នក​ក្រ ដូច​ជា​អតីត​អ្នក​ភូមិ​សំបុក​ចាប នេះ​ជា​ដើម ដែល​ក្ដី​រំពឹង​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ពេល​នេះ​កំពុង​មាន​ជីវភាព​ដុនដាប ប្រកប​របរ​តូចតាច ដូច​ដើរ​រើស​អេតចាយ លក់​លៀស រត់​ម៉ូតូ​ឌុប ធ្វើ​កម្មករ​សំណង់​ជាដើម នឹង​អាច​ពឹង​ពាក់​កូន​ចៅ​បាន​នៅ​ពេល​អនាគត។
វុធ ដានីតា បាន​តាំង​ចិត្ត​រៀន​អោយ​ចប់ ដើម្បី​រក​ការងារ​ដើម្បី​ចិញ្ចឹម​ឪពុក​ម្ដាយ ដែល​កំពុង​វេទនា​នេះ៖ «ធំ​ឡើង​ចង់​ធ្វើ​គ្រូ​បង្រៀន ដើម្បី​អប់រំ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ចេះ មាន​ការងារ និង​មាន​ការងារ​ធ្វើ​ខ្លួន​ឯង»
រីឯ ស្រី ល័ក្ខ អាយុ​ទើប ១០ឆ្នាំ មាន​រាង​តូច​ច្រឡឹង ក៏​តាំង​ចិត្ត​ដូច ដានីតា ដែរ ដើម្បី​ជួយ​ឪពុក​ម្ដាយ៖ «ធំ​ឡើង​ចង់​ធ្វើ​វេជ្ជបណ្ឌិត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

KOMAR CHHEAN MUK ,7 MAKARA STYLE.

Anonymous said...

Communist Boy and Girl Scouts coming from Communist Yuon/Vietnam in Cambodia