លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅឯសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងមក។ ជីវ័ន |
Monday, 22 October 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងក្រុមអ្នកវិភាគនយោបាយ បានអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យធ្វើការលើកលែងទោស អ្នកទោសនយោបាយ នៅខណៈដែលប្រជាជាតិខ្មែរទាំងមូល កំពុងចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះព្រះបរមសពព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តមសីហនុ ដើម្បីជាការផ្សះផ្សា និងបង្រួបបង្រួមជាតិ ស្របទៅនឹងអ្វីដែលសម្តេចឪ តែងតែធ្វើ កាលពីព្រះអង្គនៅមានព្រះជន្ម។ ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលបានបញ្ជូនត្រឡប់ទៅវិញ នូវលិខិតមួយច្បាប់ របស់លោក សម រង្ស៊ី ដែលបានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យរូបលោក អាចវិលត្រឡប់មកចូលរួមកាន់ទុក្ខព្រះបរមសពព្រះមហាវីរក្សត្រ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា អមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់ របស់ព្រះមហាវីរក្សត្រមានបន្ទូលថា រដ្ឋាភិបាលគួរណាតែឆក់ឱកាសដ៏ក្រៀមក្រំនេះដើម្បីលើកលែង ទោសដល់អ្នកទោសនយោបាយ ដើម្បីជាការផ្សះផ្សានិងបង្រួបបង្រួមជាតិ។ ព្រះអង្គម្ចាស់មានបន្ទូលថា៖ «តាមការយល់ឃើញរបស់ខ្ញុំគឺគ្មានឱកាសណាល្អជាងឱកាសនេះទេ។ ប្រសិនបើរាជរដ្ឋាភិបាល សម្រេចធ្វើការលើកលែងទោស ដល់អ្នកនយោបាយ នៅក្នុងឱកាសនេះ គឺធ្វើឲ្យចម្រើនជាតិច្រើនជាងខាត»។
ព្រះអង្គម្ចាស់មាន បន្ទូលទៀតថា ការលើកលែងទោសអ្នកនយោបាយ វាពុំមែនជារឿងអ្វីថ្មី ដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ព្រះអង្គម្ចាស់ មានបន្ទូលទៀតថា៖ «នេះជាឱកាសដែលធ្វើការផ្សះផ្សា និងបង្រួបបង្រួមជាតិ ដូច្នេះឱកាសនេះ គឺជាឱកាសមហាឧឡារិក ដែលប្រជារាស្ត្រខ្មែរទូទាំងប្រទេសកំពុងកាន់ទុក្ខព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណាព្រះមហាវីរក្សត្រ»។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ ក៏យល់ស្របទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ធម្មិកោ ដែរ។ លោកស្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល គួរតែធ្វើការដោះលែងអ្នកទោស នៅក្នុងឱកាសដ៏ពិសេស សម្រាប់ព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ ដែលនេះជាឱកាសដ៏ល្អសម្រាប់សម្តែងនូវការដឹងគុណដល់អតីតព្រះ មហាវីរក្សត្រ។ ការលើកលែងទោសអ្នកទោសនេះ គឺអតីតព្រះមហាវីរក្សត្រ តែងតែធ្វើនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ឬបុណ្យចូលឆ្នាំខ្មែរផងដែរ។ លោកស្រីគូសបញ្ជាក់ថា៖«នេះគឺជាឱកាសពិសេស ខ្ញុំស្នើសុំទៅរដ្ឋាភិបាល គួរតែពិចារណា នៅត្រង់ចំណុចនេះ»។
លោក សឺន ស៊ូប៊ែរ្តិ៍ ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានថ្លែងថា បើតាមទំនៀមទម្លាប់ នៅពេលមានពិធីបុណ្យធំៗ ជាពិសេសការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រនៅពេលនេះ គឺគេគួរតែធ្វើពិធីលើកលែងទោស ដល់អ្នកទោសខ្លះ ដើម្បីជាការឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដែលរដ្ឋាភិបាល គួរតែពិនិត្យលើករណីនេះ។ លោកបន្តថា៖ «អ្នកទោសដែលត្រូវលើកលែងនោះ គឺជាអ្នកទោសនយោបាយដែលជាអ្នកទោសសតិសម្បជញ្ញៈ មិនមែនអ្នកទោសឧក្រិដ្ឋនោះទេ គឺដូចជាអ្នកទោសសម្បជញ្ញៈ ម៉ម សូណង់ដូ និងលោក សម រង្ស៊ី ជាដើម»។
ប៉ុន្តែ យ៉ាងណាក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងការសោកស្តាយចំពោះការលើកឡើងពីការចង់ឲ្យមានការលើក លែងទោសនេះ។ លោកបន្តថា៖ «ព្រះអង្គម្ចាស់ធម្មិកោ គ្មានអំណាចអ្វី មកធ្វើការអំពាវនាវទេ គាត់គ្មានតួនាទីអ្វីនៅក្នុងព្រះបរមរាជវាំងទេ។ នោះគឺជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។ លោកផៃ ស៊ីផាន បន្តថា នៅពេលនេះ គឺជាពេលកំពុងធ្វើបុណ្យព្រះបរមសព មិនគួរយកព្រះបរមសពរបស់ព្រះមហាវីរក្សត្រ មកធ្វើឲ្យទៅជារឿងនយោបាយនោះទេ។
យ៉ាងណាក្តី លោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យ បានឲ្យដឹងថា មានចំណុចមួយចំនួនដែលរដ្ឋាភិបាល អាចធ្វើការលើកលែងទោសឲ្យអ្នកនយោបាយបានហើយជាមួយគ្នានេះ អ្នកទោសនយោបាយខ្លួនឯងក៏ត្រូវសរសេរលិខិតទៅរដ្ឋាភិបាល ក៏ដូចជា ព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានការលើកលែងទោស។ អ្នកនយោបាយត្រូវសម្តែងនិងទទួលកំហុសរបស់ខ្លួន ដើម្បីឲ្យរាជរដ្ឋាភិបាល លើកលែងទោស។ លោកមានប្រសាសន៍ថា៖ «បើតាមទស្សនៈរបស់ខ្ញុំ តាមគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល ករណីលោកម៉ម សូណង់ដូ និងលោកសម រង្ស៊ី គួរតែផ្តល់ការលើកលែង ដោយសារតែការចូលទិវង្គតរបស់ព្រះមហាវីរក្សត្រ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោក ទូច សារិន ប្រធាននាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជូន លិខិតលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា ត្រឡប់ទៅវិញ កាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា លិខិតនោះមិនបានពណ៌នា ពីអាសយដ្ឋានរស់នៅច្បាស់លាស់របស់លោក សម រង្ស៊ី។
នៅ ពេលទាក់ទងកាលពីថ្ងៃម្សិលមិញ លោក ទូច សារិន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថា លោក កំពុងតែជាប់រវល់។
លោក យឹម សុវណ្ណ បញ្ជាក់ថា លិខិតរបស់លោក សម រង្ស៊ី នឹងត្រូវផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនម្តងទៀត នៅថ្ងៃចន្ទនេះ បន្ទាប់ពីលិខិតនេះ ត្រូវបានកែតម្រូវដាក់អាសយដ្ឋានច្បាស់លាស់។ លោក បន្តថា៖ «ពួកគេនិយាយថា ពួកគេមិនដឹងអាសយដ្ឋានរបស់លោកប្រធាន (សម រង្ស៊ី) មិនមានបញ្ហាទេ ខ្ញុំនឹងផ្ញើអាសយដ្ឋានឲ្យពួកគេ»។
កាល ពីសប្តាហ៍មុន លោក សម រង្ស៊ី បានបញ្ជូនលិខិតពីរដាច់ដោយឡែកពីគ្នា មួយថ្វាយព្រះមហាក្សត្រនរោត្តម សីហ មុនី និងមួយទៀត ជូនលោកនាយករដ្ឋមន្រ្តីដោយទូលសុំព្រះមហាក្សត្រ និងស្នើលោកនាយករដ្ឋមន្ត្រី ជួយព្រះរាជអន្តរាគមន៍ និងអន្តរាគមន៍ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់មកវិញរបស់លោក ដើម្បីមកគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ និងឃើញព្រះភក្ត្ររបស់ព្រះអង្គជាចុងក្រោយ នៅព្រះបរមរាជវាំង។
រហូតមកដល់ថ្ងៃម្សិលមិញ នៅឯខាងមុខព្រះបរមរាជវាំង នៅតែមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមទាំងសិស្សានុសិស្សតាជី យាយជី មានការកើនឡើងជាលំដាប់ ដើម្បីមកអុជធូបបួងសួងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ សម្តេចឪ ខណៈដែលកាលពីល្ងាចថ្ងៃសៅរ៍មានព្រះសង្ឃប្រមាណជិត៥ពាន់ អង្គ មកពីបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្តបង្សុកូលឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ៕
រាយការណ៍បន្ថែម មាស សុខជា
1 comment:
ឆាកល្ខោនដែលហ៊ុនសែន បានគ្រោងធ្វើទុក ទីបំ
ផុតនៅកណ្ដាលវាល!
Post a Comment