Tuesday, October 23, 2012

ឥស្សរ​ជន​ខ្មែរ​ចង់​ឲ្យ​មានលើក​លែង​ទោស​អ្នក​ទោស​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ

លោក ម៉ម សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​​សមាគមអ្នកប្រជាធិបតេយ្យ​ នៅឯសាលាដំបូង​រាជធានីភ្នំពេញ នាពេលកន្លងមក។ ជីវ័ន

Monday, 22 October 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ ទីប្រឹក្សា​អម​ព្រះ​រាជ​ខុទ្ទកាល័យ ព្រះ​មហាក្សត្រ និង​ក្រុម​អ្នក​វិភាគ​នយោបាយ បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​លើក​លែង​ទោស អ្នក​ទោស​នយោបាយ នៅ​ខណៈ​ដែល​ប្រជាជាតិ​ខ្មែរ​ទាំង​មូល កំពុង​ចូល​រួម​កាន់​មរណ​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ ចំពោះ​ព្រះ​បរម​សព​ព្រះ​មហាវីរ​ក្សត្រ សម្តេច​ឪ នរោត្តម​សីហនុ ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួប​បង្រួម​ជាតិ ស្រប​ទៅ​នឹង​អ្វី​ដែល​សម្តេច​ឪ តែង​តែ​ធ្វើ កាល​ពី​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម។ ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ នូវ​លិខិត​មួយ​ច្បាប់ ​របស់​លោក សម រង្ស៊ី ដែល​បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​រូប​លោក អាច​វិល​ត្រឡប់​មក​ចូល​រួម​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហា​វីរក្សត្រ។ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា អម​ព្រះរាជ​ខុទ្ទកា​ល័យ ព្រះ​មហា​ក្សត្រ និង​ជា​អតីត​លេខា​ផ្ទាល់ របស់​ព្រះ​មហា​វីរ​ក្សត្រ​មាន​បន្ទូល​ថា រដ្ឋា​ភិបាល​គួរ​ណា​តែ​ឆក់​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ដើម្បី​លើក​លែង ទោស​ដល់​អ្នក​ទោស​នយោបាយ ដើម្បី​ជា​ការ​ផ្សះ​ផ្សា​និង​បង្រួប​បង្រួម​ជាតិ។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា៖ «តាម​ការ​យល់​ឃើញ​របស់​ខ្ញុំគឺ​គ្មាន​ឱកាស​ណា​ល្អ​ជាង​ឱកាស​នេះ​ទេ។ ប្រសិន​បើ​រាជ​រដ្ឋាភិបាល សម្រេច​ធ្វើ​ការ​លើក​លែង​ទោស ដល់​អ្នក​នយោ​បាយ នៅ​ក្នុង​ឱកាស​នេះ គឺ​ធ្វើ​ឲ្យ​ចម្រើន​ជាតិ​ច្រើន​ជាង​ខាត»

ព្រះអង្គម្ចាស់​មាន បន្ទូល​ទៀត​ថា ការ​លើកលែង​ទោស​អ្នក​នយោបាយ វា​ពុំ​មែន​ជា​រឿង​អ្វី​ថ្មី ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ ព្រះ​អង្គ​ម្ចាស់ មាន​បន្ទូល​ទៀត​ថា៖ «នេះ​ជា​ឱកាស​ដែល​ធ្វើ​ការ​ផ្សះ​ផ្សា និង​បង្រួប​បង្រួម​ជាតិ ដូច្នេះ​ឱកាស​នេះ គឺជា​ឱកាស​មហា​ឧឡារិក ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​កាន់​ទុក្ខ​ព្រះ​វិញ្ញាណ​ក្ខន្ធ របស់​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ»


លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ ក៏​យល់​ស្រប​ទៅ​នឹង​បន្ទូល​របស់​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ ដែរ។ លោក​ស្រី​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល គួរ​តែ​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស នៅ​ក្នុង​ឱកាស​ដ៏​ពិសេស សម្រាប់​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បាទ នរោត្តម សីហនុ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​អតីត​ព្រះ មហាវីរ​ក្សត្រ។ ការ​លើក​លែង​ទោស​អ្នក​ទោស​នេះ គឺ​អតីត​ព្រះ​មហាវីរ​ក្សត្រ តែង​តែ​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ ឬ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផងដែរ។ លោក​ស្រី​គូស​បញ្ជាក់​ថា៖​«នេះ​គឺជា​ឱកាស​ពិសេស ខ្ញុំ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល គួរ​តែ​ពិចារណា នៅ​ត្រង់​ចំណុច​នេះ»

លោក សឺន ស៊ូប៊ែរ្តិ៍ ជា​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ បាន​ថ្លែង​ថា បើ​តាម​ទំនៀម​ទម្លាប់ នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ ជា​ពិសេស​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​មហាវីរ​ក្សត្រ​នៅ​ពេល​នេះ គឺ​គេ​គួរ​តែ​ធ្វើ​ពិធី​លើក​លែង​ទោស ដល់​អ្នក​ទោស​ខ្លះ ដើម្បី​ជា​ការ​ឧទ្ទិស​កុសល​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ ដែល​រដ្ឋា​ភិបាល គួរ​តែ​ពិនិត្យ​លើ​ករណី​នេះ។ លោក​បន្ត​ថា៖ «អ្នក​ទោស​ដែល​ត្រូវ​លើក​លែង​នោះ គឺ​ជា​អ្នក​ទោស​នយោបាយ​ដែល​ជា​អ្នក​ទោស​សតិ​សម្បជញ្ញៈ មិនមែន​អ្នក​ទោស​ឧក្រិដ្ឋ​នោះ​ទេ គឺ​ដូចជា​អ្នក​ទោស​សម្បជញ្ញៈ ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី ជាដើម»

ប៉ុន្តែ យ៉ាង​ណា​ក្តី លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​ពី​ការ​ចង់​ឲ្យ​មាន​ការ​លើក លែង​ទោស​នេះ។ លោក​បន្ត​ថា៖ «ព្រះ​អង្គម្ចាស់​ធម្មិកោ គ្មាន​អំណាច​អ្វី មក​ធ្វើ​ការ​អំពាវនាវ​ទេ គាត់​គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​ព្រះបរម​រាជវាំង​ទេ។ នោះ​គឺជា​ទស្សនៈ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ»។ លោក​ផៃ ស៊ីផាន បន្ត​ថា នៅ​ពេល​នេះ គឺជា​ពេល​កំពុង​ធ្វើ​បុណ្យ​ព្រះ​បរម​សព មិន​គួរ​យក​ព្រះ​បរម​សព​របស់​ព្រះ​មហា​វីរក្សត្រ មក​ធ្វើឲ្យទៅ​ជា​រឿង​នយោបាយ​នោះទេ។

យ៉ាងណាក្តី លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល អាច​ធ្វើ​ការ​លើក​លែង​ទោស​ឲ្យ​អ្នក​នយោបាយ​បាន​ហើយ​ជាមួយ​គ្នា​នេះ អ្នក​ទោស​នយោបាយ​ខ្លួន​ឯង​ក៏​ត្រូវ​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល ក៏​ដូចជា ព្រះ​មហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជទាន​ការ​លើក​លែង​ទោស។ អ្នក​នយោបាយ​ត្រូវ​សម្តែង​និង​ទទួល​កំហុស​របស់​ខ្លួន ដើម្បី​ឲ្យ​រាជ​រដ្ឋា​ភិបាល លើក​លែង​ទោស។ លោក​មាន​ប្រសាសន៍​ថា៖ «បើ​តាម​ទស្សនៈ​របស់​ខ្ញុំ តាម​គោល​នយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល ករណី​លោក​ម៉ម សូណង់​ដូ និង​លោក​សម រង្ស៊ី គួរ​តែ​ផ្តល់​ការ​លើក​លែង ដោយ​សារ​តែ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ»។

លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក ទូច សារិន ប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​បញ្ជូន លិខិត​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ត្រឡប់​ទៅ​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់​ថា លិខិត​នោះ​មិន​បាន​ពណ៌នា ពី​អាសយ​ដ្ឋាន​រស់​នៅ​ច្បាស់​លាស់​របស់​លោក សម រង្ស៊ី។

នៅ ពេល​ទាក់​ទង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ លោក ទូច សារិន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា លោក កំពុង​តែ​ជាប់​រវល់។

លោក យឹម សុវណ្ណ បញ្ជាក់​ថា លិខិត​របស់​លោក សម រង្ស៊ី នឹង​ត្រូវ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​លិខិត​នេះ ត្រូវ​បាន​កែ​តម្រូវ​ដាក់​អាសយដ្ឋាន​ច្បាស់​លាស់។ លោក បន្ត​ថា៖ «ពួកគេ​និយាយ​ថា ពួកគេ​មិន​ដឹង​អាសយ​ដ្ឋាន​របស់​លោក​ប្រធាន (សម រង្ស៊ី) មិន​មាន​បញ្ហា​ទេ ខ្ញុំ​នឹង​ផ្ញើ​អាសយ​ដ្ឋាន​ឲ្យ​ពួកគេ»។

កាល ពី​សប្តាហ៍​មុន លោក សម រង្ស៊ី បាន​បញ្ជូន​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​នរោត្តម សីហ មុនី និង​មួយ​ទៀត ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​ដោយ​ទូល​សុំ​ព្រះ​មហា​ក្សត្រ និង​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី ជួយ​ព្រះ​រាជ​អន្តរាគមន៍ និង​អន្តរា​គមន៍ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ដើម្បី​មក​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ និង​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ​ជា​ចុង​ក្រោយ នៅ​ព្រះ​បរម​រាជ​វាំង។

រហូតមក​ដល់ថ្ងៃ​ម្សិល​មិញ នៅ​ឯ​ខាង​មុខ​ព្រះ​បរម​រាជវាំង នៅ​តែ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិសទី រួម​ទាំង​សិស្សានុសិស្ស​តាជី យាយជី មាន​ការ​កើន​ឡើង​ជា​លំដាប់ ដើម្បី​មក​អុជ​ធូប​បួង​សួង​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ឪ ខណៈ​ដែល​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មាន​ព្រះ​សង្ឃ​ប្រមាណ​ជិត​៥ពាន់ អង្គ មកពី​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​និមន្ត​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរក្សត្រ៕

​រាយ​ការណ៍​បន្ថែម មាស សុខជា

1 comment:

Anonymous said...

ឆាកល្ខោនដែលហ៊ុនសែន​ បានគ្រោងធ្វើទុក ទីបំ
ផុតនៅកណ្ដាលវាល!