Thursday, December 27, 2012

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​មក​រក​នាយក​រដ្ឋ​មន្ត្រី​ជួយ

តំណាង​ប្រជា​ពល​រដ្ឋ​ដែល​​មក​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ម្សិ​ល​មិញ​។ រូបថត ផា លីណា​

Thursday, 27 December 2012
គឹម យុទ្ធណា ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន ១០៨ គ្រួសារ ដែល​រស់នៅ​ភូមិ​ស្ទឹងបត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ជិត​វិមាន​ឯករាជ្យ កាលពី​ម្សិលមិញ ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដី​ធ្លី ដែល​រង​ការ​រំលោភ​បំពាន ពី​អ្នក​មាន​អំណាច ជា​មន្ត្រី​កងរាជ​អាវុធ​ហត្ថ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។
លោក គង់ វុទ្ធី តំណាង​ប្រជាពលរដ្ឋ បាន​និយាយ​ថា ក្រុម​ប្រជាពលរដ្ឋ បាន​សម្រេច​ចិត្ត ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដល់​ប្រជា​ពលរដ្ឋ​១០៨ គ្រួសារ បន្ទាប់ពី​ការ​ដោះស្រាយ​របស់ អាជ្ញាធរ​ខេត្ត​នា​ពេល​កន្លង​មក​ជាច្រើន​លើក មិន​ទទួល​បាន​ជោគជ័យ។ លោក​បញ្ជាក់​ថា៖ «យើង ​ខ្ញុំ​ប្រជា​ពលរដ្ឋ​សុំ​ឲ្យ​សម្តេច ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​យើង​ទាំង​១០៨​នាក់​បាន​រស់នៅ​លើ​ដី​នេះ ដើម្បី​បាន​ធ្វើ​ស្រែ ចិញ្ចឹម​ជីវិត​ផង»

លោក ​បន្ត​ថា ដី​ចំនួន​ជាង ៤ ហិកតា ដែល​មាន​ប្រជាពលរដ្ឋ រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩៧ ចំនួន ១០៨​គ្រួសារ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ ផង​នោះ​ត្រូវ​បាន​ឈ្មោះ អ៊ូ សុខា មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ និង​ម្នាក់​ទៀត​ឈ្មោះ តូច មករា តំណាង​ឲ្យ​មនុស្ស​ចំនួន ១១​នាក់ ប្តឹង​បាន​ទៅ​តុលាការ កាល​ពី​ឆ្នាំ ២០០២ ទាមទារ​យក​ដី​នេះ​ពី​ប្រជាពលរដ្ឋ ដោយ​សំអាង​ថា មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​តាំងពី​ឆ្នាំ​១៩៩៣ មក។ លោក​បញ្ជាក់​ថា៖ «តាំង ​ពី​ពេល​នោះ​មក ប្រជា​ពលរដ្ឋ​បាន​ដាក់​លិខិត ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​រហូត​ដល់​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ដើម្បី​សូម​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ការ​ដោះស្រាយ​មិន​ទទួល​បាន​ផល​ឡើយ ដោយ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ»។ លោក​បាន​បន្ថែម​ថា ក្នុង​រយៈពេល​មាន​ទំនាស់​នេះ ក៏​មាន​ការ​ចាប់​តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​២​នាក់ វាយ​ខ្នោះ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច យក​ទៅ​ឃុំ​ខ្លួន​ដើម្បី សាកសួរ​មួយ​រយៈ​ពេល​ខ្លី ផង​ដែរ កាល​ពី​អំឡុង​ឆ្នាំ​២០០៨។
លោក អ៊ូ សុខា និង​លោក តូច មករា ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នេះ មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ។
ក្រុម ​ប្រជា​ពលរដ្ឋ បាន​នាំ​ញត្តិ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហើយ​ដែល​ត្រូវ​បាន​ទទួល​ដោយ​លោក លឹម លាង​សែ មន្ត្រី​ខុទ្ទកាល័យ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដោយ​បាន​ធ្វើ​ការ​សន្យា​ថា នឹង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់។
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មានជ័យ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ម្សិលមិញ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ។ ប៉ុន្តែ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​ផ្ញើ​ទៅ​កាន់ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី កាលពី​ឆ្នាំ​២០០៩ បាន​បញ្ជាក់​ថា ករណី​បញ្ហា​ដី​ទំនាស់​នេះ ភាគី​ទំនាស់​ទាំង​ពីរ បាន​ដាក់​បណ្តឹង​ទៅ​តុលាការ ហើយ​តាម​រយៈ​សវនាការ ភាគី​តំណាង​១០៨ គ្រួសារ បាន​ចាញ់​ក្តី តាំង​ពី​សាលា​ដំបូង រហូត​ដល់​តុលាការ​កំពូល។
លោក បាន​បញ្ជាក់​ថា៖ «ការ ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​នេះ ត្រូវ​ផុត​ពី​ដៃ​សមត្ថកិច្ច​របស់​គណៈកម្មការ​សុរិយោដី​ខេត្ត​ទៅ​ហើយ។ សូម​ឯកឧត្តម (នាយខុទ្ទការល័យ) មេត្តា​ពិនិត្យ​និង​ផ្តល់​នូវ​អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ ដោយ​ក្តី​អនុគ្រោះ»
 

No comments: