Friday, July 05, 2013

អ្នក​ឃ្លាំ​មើល៖ វិធីសាស្ត្រ​នៃ​ការ​ពង្រឹង​អំណាច​របស់​បក្ស​ប្រជាជន​មាន​ភាព​ស៊ី​ជម្រៅ

 ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​ខួប​លើក​ទី៦២​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Tin Zakariya
ការបង្រ្កាបលើស្រ្តីអ្នកភូមិបឹងកក់
ដោយ ម៉ម មុនីរតន៍ 2013-07-04 RFA
អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​សង្គម បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ក្នុង​អាណត្តិ​នៃ​ការ​គ្រប់គ្រង​ ប្រទេស​ក្រោយ​ឆ្នាំ​១៩៧៩ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។ ប៉ុន្តែ មន្ត្រី​របស់​រដ្ឋាភិបាល​វិញ​អះអាង​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដំណើរ​ការ​ជោគជ័យ​នេះ ព្រោះ​តែ​មាន​មេ​ដឹកនាំ​ដែល​ដឹង​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ និង​អាច​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​ទាន់​ពេល​វេលា ហើយ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ដឹកនាំ​ប្រទេស។

តើ​អ្វី​ដែល​ជា​មូលដ្ឋាន​នៃ​វិធី​ក្នុង​ការ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា?
អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​នយោបាយ និង​អ្នក​ឃ្លាំ​មើល​សង្គម​កត់​សម្គាល់​ថា ប្រទេស​កម្ពុជា បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់​មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រប់​អាណត្តិ​នេះ បាន​ចង​បណ្ដាញ​យ៉ាង​រឹងមាំ​ចាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​មូលដ្ឋាន​ដោយ​សុខសាន្ត។
គេហទំព័រ​របស់ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន (Asian Human Right Commission) ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បរាជ័យ​ម្ដង​រួច​មក​ហើយ​ក្នុង​អាណត្តិ​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ អ៊ុនតាក់ (UNTAC) ក្ដី ក៏ប៉ុន្តែ គណបក្ស​ប្រជាជន នៅ​តែ​អាច​ជ្រោមជ្រែង​បន្ត​គ្រប់គ្រង​អំណាច​បាន ៤​អាណត្តិ​របស់​ខ្លួន​ជាប់ៗ​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ។
លោក ជា ប៉ូច ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​កំពត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ក្រឡា​សំណាញ់​យ៉ាង​រឹងមាំ​ក្នុង​ការ​គ្រប់គ្រង ទាំង​ក្នុង​ជួរ​គណបក្ស និង​ព្យាយាម​ទិញ​ទឹក​ចិត្ត​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​បក្ស​កាន់​អំណាច ​ថែម​ទៀត​ផង។ លោក​បន្ត​ថា ក្រៅ​ពី​រៀបចំ​រចនាសម្ព័ន្ធ និង​គោល​នយោបាយ​យ៉ាង​ស្អិតល្មួត​ហើយ​នោះ លើស​ពី​នេះ ការ​ពង្រឹង​បក្ស​នៅ​តាម​មូលដ្ឋាន គឺ​ជា​វត្ថុ​បំណង​ដ៏​ចាំបាច់​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទៀត។ លោក​បន្ត​ទៀត​ថា គណបក្ស​ដែល​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​កន្លង​ទៅ​នេះ បាន​រៀបចំ​ធ្នាក់​របស់​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន ក្នុង​ការ​ឃ្លាំ​មើល​នៅ​តាម​មូលដ្ឋាន ដូច​ជា​បង្កើត​ក្រុម​ត្រូវ​ត្រួត​ពិនិត្យ​ពួក ហើយ​ពួក​ត្រូវ​ឃ្លាំ​មើល​បន្ត​ទៀត សកម្មជន​បក្ស​ដែល​ស្ថិត​នៅ​ថ្នាក់​ក្រោម​ជា​បន្តបន្ទាប់។
ក៏ប៉ុន្តែ លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំ​មាន​រៀបចំ​រចនាសម្ព័ន្ធ​អង្គការ​ចាត់​តាំង​ក្នុង​ន័យ​គាប​សង្កត់​នៅ​ ថ្នាក់​មូលដ្ឋាន​តាម​រយៈ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​នោះ​ទេ។
លោក កែម ឡី អ្នក​វិភាគ​សង្គម មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​មាន​ភាព​ប៉ិនប្រសប់​រៀបចំ​បណ្ដាញ ក្នុង​ការ​តាម​ដាន​យ៉ាង​ស្ទាត់​ជំនាញ។ លោក​បន្ត​ថា តាម​រយៈ​យន្តការ​នេះ មេ​ដឹកនាំ​បក្ស​កាន់​អំណាច បាន​ចង​ជា​បណ្ដាញ​ដោយ​ផ្នែកៗ ប្រៀប​ដូច​ក្រឡា​សំណាញ់​ស្ទើរ​រក​ចន្លោះ​ប្រហោង​គ្មាន​ឡើយ។
គេហទំព័រ​របស់ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​រៀបចំ​បណ្ដាញ​នៅ​ថ្នាក់​មូលដ្ឋាន ភូមិ ឃុំ យ៉ាង​មាន​ប្រសិទ្ធភាព​ហើយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន កាល​ណោះ​គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ថែម​ទៀត ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​១៩៩៧។
ចំណែក​ពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក សុខ ផាន និយាយ​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​មេ​ឃុំ និង​ប្រធាន​ភូមិ ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​គ្រប់គ្រង​អំណាច បាន​ប្រើប្រាស់​ឥទ្ធិពល​ក្នុង​ការ​អង្កេត និង​តាម​ដាន​យ៉ាង​ដិតដល់​ចំពោះ​ពលរដ្ឋ​ណា​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ថា ជា​ក្រុម​មាន​និន្នាការ​ទៅ​រក​បក្ស​ជំទាស់។ លោក​បន្ត​ថា វិធី​នៃ​ការ​ពង្រឹង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ​ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​បង្កើត​ការ​ភ័យ​ខ្លាច។
បើ​ទោះ​ជា​បែប​ណា លោក ឈាង វុន គិត​ថា ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា ប្រឆាំង​គោល​នយោបាយ​រដ្ឋាភិបាល​ទាំង​នេះ គឺ​ជា​ក្រុម​បក្ស​ប្រឆាំង។ លោក​គិត​ថា ប្រសិន​បើ​គណបក្ស​ជំទាស់​ពុំ​មាន​សមត្ថភាព​ពិត​ប្រាកដ គួរ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន​ជា​សាធារណៈ ជា​ជាង​រក​លេស​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល។
នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ក្រៅ​ពី​ប្រើប្រាស់​មធ្យោបាយ​សម្លុត​គំរាម​គំរាម​កំហែង ទិញ​ទឹក​ចិត្ត និង​បង្កើត​ប្រព័ន្ធ​នៃ​ក្រុម​តាម​ឃ្លាំ​មើល​ដោយ​សម្ងាត់​នោះ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មក​នេះ មាន​ភាព​ប៉ិនប្រសប់ ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ត្រូវ​ចុះ​ខ្សោយ​ថែម​ទៀត។
បន្ថែម​លើ​នេះ គេហទំព័រ អេស៊ាន យូមែន រ៉ាយ ខមមីស្សិន បញ្ជាក់​ថា ឈរ​លើ​មូលដ្ឋាន​ទាំង​នេះ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ដាក់​នាម​ថា ជា​មេ​ដឹកនាំ​ផ្ដាច់​ការ។ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​មេ​ដឹកនាំ​អាច​ជា​អង្គ​នីតិប្រតិបត្តិ​ក៏​មាន តុលាការ ឬ​ជា​មេ​ដឹកនាំ​តាម​បែប​រដ្ឋបាល​ថែម​ទៀត។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ឈាង វុន បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ចាត់​ទុក​ថា​ជា​របាយការណ៍​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​ កម្ពុជា នោះ​ឡើយ។ លោក​ចាត់​ទុក​ថា ស្ថាប័ន​បរទេស​ទាំង​នេះ​បង្កើត​ឡើង គឺ​ចាំ​តែ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ប្រឆាំង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ហើយ​លោក​មិន​ចាប់​អារម្មណ៍​ណា​មួយ​ឡើយ​ជុំវិញ​ការ​រក​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​បម្រើ​នយោបាយ​សម្រាប់​ប្រទេស​ជាតិ។ លោក​គិត​ថា ព្រោះ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ទាំង​នោះ ចាំ​តែ​ទាញ​ទម្លាក់ និង​ចាប់​កំហុស​រដ្ឋាភិបាល​ប៉ុណ្ណោះ។
ទន្ទឹម​នឹង​លោក ហ៊ុន សែន ប្រកាស​ថា​លោក​នឹង​គ្រង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដល់​អាយុ ៧៤​ឆ្នាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន វិទ្យុ ទូរទស្សន៍ និង​កាសែត ដោយ​រួម​ទាំង​ស្ថាប័ន​រដ្ឋ និង​វិស័យ​ឯកជន​ស្ទើរ​ទាំង​ស្រុង​ផង ត្រូវ​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន ហើយ​គាត់​បាន​ប្រើប្រាស់​ធនធាន​ទាំង​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ន័យ​សម្រាប់​បម្រើ​ឲ្យ​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

THOM TE KLOON OI YOUN PHO

Anonymous said...

Jra-bach Kor Preay Beysarch of Bang Kok!

Anonymous said...

In Australia, England & America the police protect their people, but, here in Cambodia under Hun Sen's government the world can see the police is strangling an unarmed woman.

Human rights-what's that? The Hun Sen's government must explain to the rest of the world if it wants to continue to be filthy rich through corruption of the world's aid's money.