លោក ដានៀល ប៊ែរអឺ (Daniel Baer) ឧបការីនៃក្រសួងការបរទេសអាមេរិក |
ថ្ងៃ អង្គារ 10 មករា 2012
ដោយ លាង ដឺលុច
RFI
ឧបការីរងក្រសួងការបរទេសអាមេរិកលោក ដានៀល ប៊ែរអឺ (Daniel Baer) កំពុងទស្សនកិច្ចនៅកម្ពុជា ហើយនិងកំពុងជួបជាមួយអ្នកនយោបាយគ្រប់និន្នាការរបស់ប្រទេសនេះ។ កាលពីរសៀលថ្ងៃអង្គារទី១០មករានេះ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានជួបជាមួយតំណាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួចហើយ។ អ្នកនាំពាក្យស្ថានទូតអាមេរិក បានអះអាង នេះគឺជាកិច្ចប្រជុំជាលក្ខណៈឯកជន។
ឧបការីរងក្រសួងការបរទេសអាមេរិកលោក ដានៀល ប៊ែរអឺ កំពុងទស្សនកិច្ចនៅកម្ពុជា។ លោកឧបការីរងទទួលបន្ទុកការិយាល័យប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការងារមានគម្រោងជួបជាមួយអ្នកនយោបាយគ្រប់និន្នាការនៅក្នុងប្រទេសកម្ពុជារួមទាំងគណបក្សកាន់អំណាចផង។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកលោកស៊ីន ម៉ាគីនតូស Sean McIntosh។ ប៉ុន្តែបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យដដែលនេះ ជំនួបរវាងភាគីអ្នកនយោបាយកម្ពុជាជាមួយមន្ត្រីនយោបាយរបស់សហរដ្ឋអាមេរិកគឺជាជំនួបឯកជន។
ជំនួបឯកជនដែលលោកមិនអាចនិយាយប្រាប់អ្នកសារព័ត៌មានថាអ្នកនយោបាយទាំងនោះនិយាយអំពីអ្វីខ្លះឡើយ។
កាលពីរសៀលថ្ងៃអង្គារទី១០មករានេះ តំណាងគណបក្សសម រង្ស៊ី និងលោកកឹម សុខាប្រធានគណបក្សសិទ្ធិមនុស្សបានចូលជួបអ្នកការទូតអាមេរិកនៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រយ័ត្នប្រយែងក្នុងការធ្វើអត្ថាធិប្បាយមែន ប៉ុន្តែលោកស្រីមូរ សុខហួរអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីបានប្រាប់អោយដឹងថា បញ្ហាឯករាជភាពរបស់តុលាការបញ្ជាការបណ្តេញចេញដោយបង្ខំពីសំណាក់ក្រុមហ៊ុនឯកជនលើពលរដ្ឋខ្មែរគឺជាប្រធានបទដែលគណបក្សជំទាស់បានលើកឡើងរួមគ្នាចំពោះលោកឧបការីរងក្រសួងការបរទេសអាមេរិក។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលមន្ត្រីស្ថានទូតអាមេរិកថ្លែងយ៉ាងប្រយ័ត្នប្រយែងថាជំនួបរវាងអ្នកនយោបាយអាមេរិកនិងកម្ពុជាជាជំនួបធម្មតាតែមានលក្ខណៈជាឯកជននោះ វាអាចមានប្រធានបទសំខាន់ៗផ្សេងទៀត ដែលជារបៀបវារៈនៅក្នុងជំនួប៕
No comments:
Post a Comment