លោក ជា មុនី ក្នុងពិធីបុណ្យរំឭកខួបកាលពីឆ្នាំមុន។ រូបថត សូ វិសាល |
Wednesday, 04 January 2012 12:02
មាស សុខជា និង Bridget Di Certo
The Phnom Penh Post
ភ្នំពេញៈ នៅទីបំផុត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឲ្យមានការសាងសង់រូបសំណាក រំឭកវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា មេដឹកនាំសហជីពល្បីឈ្មោះដែលត្រូវបានគេបាញ់សម្លាប់ បន្ទាប់ពីរយៈពេល ៦ ឆ្នាំនៃការដាក់ញត្តិជាបន្តបន្ទាប់ដោយក្រុមសហជីព និងអ្នកគាំទ្រ។
ប្អូនប្រុសរបស់លោក ជា វិជ្ជា គឺលោក ជា មុនី ដែលឥឡូវនេះ បានកាន់តំណែងបងប្រុសរបស់លោកជាប្រធានសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សហជីពរបស់លោក បានដាក់លិខិតជារៀងរាល់ឆ្នាំនៅមុនថ្ងៃរំឭកខួប នៃការបាញ់សម្លាប់លោក ជា វិជ្ជា ទៅព្រះមហាក្សត្រ ដើម្បីទូលសុំឲ្យមានការសាងសង់រូបសំណាកលោក ជា វិជ្ជា ប៉ុន្តែមិនបានទទួលការឆ្លើយតបរាល់លើក។ លោកបន្តថា៖ «នេះជាលើកទីមួយហើយ ដែលយើងបានដាក់ញត្តិទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយយើងបានទទួលការអនុញ្ញាត»។ លោកបន្ថែមថា ៖«យើងទាំងអស់គ្នា មានការភ្ញាក់ផ្អើលណាស់»។
លោក ជា វិជ្ជា ដែលជាមេដឹកនាំជាទីស្រឡាញ់ និងមានឥទ្ធិពល របស់កម្មករ ត្រូវបានគេបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅពេលលោក កំពុងអង្គុយអានកាសែត នៅតូបលក់កាសែតមួយ ខាងលិចរបងវត្តលង្កាកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០០៤។ ការបាញ់សម្លាប់នេះ បានកើតឡើង ក្រោយពីមានការគំរាមសម្លាប់តាមទូរស័ព្ទហើយក្រោយមកលោកជា វិជ្ជា បានអះអាងថា អ្នកដែលគំរាមសម្លាប់លោកនោះ គឺជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ។ បើទោះបីជាមុនការបាញ់សម្លាប់ លោកជា វិជ្ជា បានដាក់ពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធ ដោយភ្ជាប់នូវលេខទូរស័ព្ទ របស់ជនដែលគំរាមសម្លាប់លោកនោះក្តី ក៏មិនឃើញមានការចាប់ខ្លួនជនសង្ស័យពិតប្រាកដណាម្នាក់ឡើយ ទាំងនៅមុនពេលបាញ់សម្លាប់និងនៅក្រោយការបាញ់សម្លាប់ ក្រៅតែពីលោក ប៊ន សំណាង និងលោក សុក សំអឿន ដែលលោក ជា មុនី និងអង្គការសង្គមស៊ីវិលជាច្រើន ហៅថា ជាឃាតកសិប្បនិម្មិត ដែលក្រោយមកត្រូវបានដោះលែងវិញ បើទោះបីជាសាលាដំបូង បានកាត់ទោសឲ្យជាប់គុក ដល់ទៅ ២០ ឆ្នាំក្តី។
លោក ជា មុនី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការសាងសង់រូបសំណាកនេះ ក៏ជាសញ្ញាល្អមួយ ទៅគ្រួសារនៃអ្នកដែលត្រូវបានចោទប្រកាន់ខុស និងឃាតកពិតប្រាកដដែលយើងដឹងថា ឃាតកពិតប្រាកដ មិនទាន់ត្រូវបានចាប់យកមកផ្តន្ទាទោសនៅឡើយទេ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យសាងសង់រូបសំណាកលោកជា វិជ្ជានេះក្តី ក៏ប៉ុន្តែ ការចំណាយលើការសាងសង់ គឺជាការទទួលខុសត្រូវ របស់សហជីពសេរីកម្មករ ហើយសហជីព ត្រូវធ្វើការពិភាក្សាជាមុន ជាមួយអភិបាលរាជធានីភ្នំពេញលោក កែប ជុតិមា។
លោក កែប ជុតិមា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «យើងកំពុងរង់ចាំលិខិតផ្លូវការ ហើយយើងនឹងជួបជាមួយលោក ជា មុនី នៅសប្តាហ៍ក្រោយ»។
លោកបញ្ជាក់ថា៖«វាជាដំណឹងរីករាយមួយ យើងនឹងពិភាក្សារៀបចំកន្លែង[សម្រាប់គាត់] តាមចំណាររបស់សម្តេចនាយករដ្ឋមន្រ្តី»។ លោក កែប ជុតិមា បានបន្ថែមថា ប្រសិនបើលោក ជា មុនី ដាក់ញត្តិទៅលោកនាយករដ្ឋមន្រ្តី តាំងពីដំបូង ជាជាងការដាក់ទៅប្រព័ន្ធផ្សព្វផ្សាយ នោះសំណើរបស់គាត់ នឹងត្រូវបានផ្តល់ឲ្យជាយូរមកហើយ។
លោក ជា មុនី បានថ្លែងថា រូបសំណាកបងប្រុសរបស់លោក នឹងត្រូវសាងសង់ ពេញមួយជំហរខ្លួន រាងបែបជាបុរសរដ្ឋ។
លោក ជា មុនី បន្តថា៖ «យើងចង់បង្ហាញសាធារណជនថា គាត់ជានរណា ហើយគាត់បានធ្វើអ្វីខ្លះ គាត់ជាអ្នកបង្កើតសហជីពទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយគាត់បានលះបង់ជីវិត ដើម្បីការពារនិងគាំទ្រអ្នកក្រ»។
រដ្ឋាភិបាលកាលពីពេលមុន បានហាមប្រាម មិនឲ្យមានការចាក់បញ្ចាំងខ្សែភាពយន្ត ដែលមានចំណងជើងថា «តើនរណាសម្លាប់ ជា វិជ្ជា» ដែលខ្សែភាពយន្តនេះ បង្ហាញពីសាច់រឿង នៃការសម្លាប់លោក ជា វិជ្ជា។
តាមគម្រោង ទីតាំងសាងសង់រូបសំណាករបស់លោក ជា វិជ្ជា នឹងត្រូវធ្វើឡើងនៅសួនច្បារច្រមុះជ្រូកខាងលិចវិមានឯករាជ្យ ដែលមានចម្ងាយប្រមាណ ៥០ ម៉ែត្រ ពីទីកន្លែងដែលឃាតក បានបាញ់សម្លាប់លោកជា វិជ្ជា៕
No comments:
Post a Comment