Friday, January 06, 2012

អ្នកបុរីកីឡា​ទៅសុំអន្តរាគមន៍​ពី​ទូត​មហា​អំណាច - Borei Keila residents seek intervetion from Superpowers embassy

 អ្នកភូមិ​បុរីកីឡា ទៅសុំ​អន្តរាគមន៍​នៅមុខ​ស្ថានទូត​អង់គ្លេស​ពី​យប់​ម្សិលមិញ​។ រូបថត លីណា

នៅមុន​ការបណ្តេញ​ចេញ​ពី​មុខទូត ក្មេងៗ​ត្រូវបាន​ក្រាលកន្ទេល​ឲ្យដេក​លើដី។ រូបថត មិនា

Friday, 06 January 2012 12:01
ឃុត សុភចរិយា
The Phnom Penh Post

ភ្នំពេញៈ ក្រុម​អ្នកភូមិ​បុរីកីឡា​ជាង ​៦០​ នាក់ កាលពី​ម្សិលមិញ បាន​យកញត្តិទៅដាក់​ស្នើសុំ​ការជួយ​អន្តរាគមន៍ ពី​ឯកអគ្គរដ្ឋទូត និង​រាជទូត​នៃចក្រភព​អង់គ្លេស អាមេរិក និង​បារាំង ឲ្យជួយ​ជំរុញ​ដល់រដ្ឋាភិបាល​កម្ពុជា ក្នុងការដាក់​គំនាប​លើម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​បង្ខំឲ្យ​ក្រុមហ៊ុន​នេះ គោរព​កិច្ចសន្យារបស់ខ្លួន ក្នុង​ការសង់​អគារ​សម្រាប់​ផ្ដល់ជូន​ពួកគាត់​។

លោក​ហ៊ឹម សំអាន​ អាយុ ៣៩ ​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​ទាំងនេះ ​បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា ផ្ទះរបស់គាត់ ​និង​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងតំបន់​បុរីកីឡា​ជាង ២០០ ខ្នង ត្រូវ​បានក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច និងក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះរាជធានី​ភ្នំពេញ ឈូសឆាយ និង​វាយកម្ទេច​គ្មានសល់ កាលពី​ថ្ងៃអង្គារ ដើម្បី​ជម្លៀស​ពួកគាត់ ទៅ​កាន់​តំបន់​ដាច់ស្រយាល។ មិនតែ​ប៉ុណ្ណោះ អ្នកភូមិ​ដែលចេញមុខ​តវ៉ា​ប្រឆាំងនឹង​ការបណ្ដេញ​ដោយបង្ខំនេះ ត្រូវបាន​គេចាប់​ឃុំខ្លួន​ថែមទៀត។ លោកថ្លែងថា៖«យើងខ្ញុំគ្មាន​ជម្រើសអ្វីទេ នៅពេលនេះ ដូច្នេះទើប​យើងស្នើ​សុំការជួយ​អន្តរាគមន៍ ពី​បណ្ដា​ឯក​អគ្គរដ្ឋទូតនៃ​បណ្ដា​ប្រទេស​មហាអំណាច​ឲ្យជួយ»។


អ្នកភូមិ​ម្នាក់ទៀត អ្នកស្រីសាក់ មុន្នី និយាយ​បន្ទរថា​៖«យើង​មិនអាច​រស់នៅ​ដោយគ្មាន​ទីជំរក​បានទេ ហើយ​យើងក៏​មិនត្រូវការ​ការបណ្ដេញ​ចេញ​ដែរ» ។

តំណាង​ស្ថានទូត​នៃ​ប្រទេស​ទាំងបី ​បានចេញ​មកទទួល​ញត្តិ​របស់ពួកគាត់​ ហើយ​សន្យាថា ពួកគេនឹង​យកសំណើនេះ ទៅជូន​ថ្នាក់លើ​របស់​ពួកគេ ដើម្បី​ពិនិត្យ​ពិចារណា។

កាលពី​ថ្ងៃពុធ ក្រុម​កម្លាំង​សមត្ថកិច្ច និង​ក្រុមហ៊ុន បាន​ធ្វើការ​ជម្លៀស​អ្នកភូមិ​ជាច្រើន​គ្រួសារ ទៅកាន់​តំបន់​ជាយក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល ដោយបាន​ផ្ដល់សំណង ក្នុង​មួយគ្រួសារ ​នូវអង្ករ​ចំនួន ​៥០ គីឡូក្រាម ថវិកា​ចន្លោះពី​៥០​ ម៉ឺន​រៀល ​ដល់​ ១ លាន​រៀល ព្រមទាំងផ្ទះ​ទំហំ ​៣,៥ ​ម៉ែត្រ គុណ​ ៥,៥ ​ម៉ែត្រ ដែលមិនទាន់​សាងសង់​នៅឡើយ សម្រាប់​អ្នកទៅ​នៅភូមិ​ទួលសំបួរ ខណ្ឌ​ដង្កោ និង​ដីទំហំ ​៥ ម៉ែត្រ គុណ ១២​ ម៉ែត្រ សសរ​ចំនួន ៤ និង​ស័ង្កសី​ចំនួន ១០​ សន្លឹក សម្រាប់​អ្នកទៅនៅ​ភូមិ​ភ្នំបាត ខេត្ត​កណ្ដាល។

ប៉ុន្តែ​ក្រុម​អ្នកភូមិ ដែល​ត្រូវបាន​គេជម្លៀស​ចេញទៅ​កាន់​តំបន់​ទាំង​ពីរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញថា ពួក​គាត់ កំពុង​រស់នៅ​ក្រោម​តង់​កៅស៊ូ ដោយ​ដេកផ្ទាល់នឹងដី ហើយ​ពួកគេ ទទួល​បាន​ប្រាក់​ចំនួន​ពី ២៥​ ដុល្លារ ទៅ ១០០ ដុល្លារ និង​អង្ករ​ ៣០​ គីឡូក្រាម​ប៉ុណ្ណោះក្នុង​មួយ​គ្រួសារ​។

អ្នកស្រីអឿ ស្រីពៅ អាយុ​ ២៤​ ឆ្នាំ ដែល​ទៅកាន់​ភូមិភ្នំបាត និយាយ​ថា៖«​គេ[ក្រុមហ៊ុន]នៅ​មិនទាន់​បែងចែកដី​ឲ្យយើងខ្ញុំទេ ព្រោះពួកគេ ទើប​តែធ្វើការ​ឈូសឆាយ​ពង្រាបដី កាល​ពី​ម្សិលមិញ»​។ អ្នកស្រី​បន្ថែមថា៖​«រហូត​មកទល់ពេលនេះ ខ្ញុំ​ទើបតែ​ទទួល​បាន​លុយចំនួន​ ១០០​ ដុល្លារ អង្ករ ៣០​ គីឡូ​ក្រាម​ប៉ុណ្ណោះ​»។

អ្នកស្រី​ភន​ មួយ បុគ្គលិក​ក្រុមហ៊ុន ផានអ៊ីម៉ិច បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញថា គិត​ត្រឹម​ថ្ងៃម្សិលមិញ ប្រជា​ពលរដ្ឋ​ដែល​យល់ព្រម​ទៅរស់នៅ​ភូមិ​ទួលសំបួរ​មាន​ចំនួន ​២០​ គ្រួសារ ​អ្នក​យល់ព្រម​ទៅ​ភូមិ​ភ្នំបាត​ មាន​ចំនួន​ ៨៥ ​គ្រួសារ និង​អ្នកដែលបាន​ស្នើសុំ​ដំណោះស្រាយ​ជាលុយសុទ្ធ ចន្លោះ​ពី​ ២៥០០ ដុល្លារ​ដល់​ ៣០០០ ដុល្លារ ដើម្បី​ត្រឡប់​ទៅរស់នៅឯ​ស្រុកកំណើត​នៅឯខេត្ត​ស្វាយរៀង ព្រៃវែង​ និង​ខេត្ត​តាកែវ មាន​ចំនួន ២០​ គ្រួសារ។ អ្នកស្រី​បានថ្លែងថា​៖«សូម​បងប្អូន​[ពលរដ្ឋ​បុរីកី​ឡា]​ជឿជាក់​ចំពោះ​លោក​ជំទាវ​[ស៊ុយ សុផាន​]ចុះ ​គាត់នឹង​មិន​បោះបង់​បងប្អូនទេ​»​។

ដោយឡែក​អ្នកភូមិ​បុរីកី​ឡា​ចំនួន ៨​ នាក់ ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ​ត្រូវបាន​តុលាការ​រាជធានី ចោទប្រកាន់​ពីបទ​បង្ករ​បួស​ស្នាម និង​ប្រើ​ហិង្សា ប្រឆាំង​អាជ្ញា​ធរសាធារណៈ និង​បញ្ជា​ឲ្យ​នាំខ្លួន​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធធនាគារ​ព្រៃស បន្ទាប់ពី​ធ្វើការ​សាកសួររួច កាលពី​ម្សិលមិញ​។ នេះ​បើយោង​តាម​ការ​អះអាង​ របស់​លោក​ជីន​ លីណា មេធាវី​ការពារ​ជនជាប់ចោទ​ទាំង​ ៨ នាក់។

លោក ជីន លីណា បាន​ថ្លែង​ថា៖«​យើងបាន​ស្នើសុំ​តុលាការ​មេត្តាដោះលែង​ពួកគេ​ឲ្យនៅ​ក្រៅឃុំ ដោយ​ដាក់ពួកគេ​ឲ្យស្ថិតនៅ​ក្រោមការត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​»។

លោកបានបន្ថែមថា​៖«​នៅ​ពេល​នេះ​ផ្ទះ​របស់​ពួក​គាត់​ ក៏ត្រូវ​បាន​ឈូស​កម្ទេច​ចោល ហើយ​ក្រុម​គ្រួសារ​គាត់​ ក៏ត្រូវបាន​គេឲ្យ​ចេញ​ទៅ​តំបន់​ផ្សេង ដូច្នេះ​ពួកគាត់​ គួរតែ​ត្រូវបាន​ដោះលែង ព្រោះពួកគាត់ មិនមែន​ឧក្រិដ្ឋជន​ ដែល​គួរឲ្យ​ភ័យខ្លាច​នោះ​ទេ​»។

លោក​ព្រះរាជអាជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ មាស ច័ន្ទ​ពិសិដ្ឋ ដែល​កាន់​សំណុំរឿងនេះ បាន​បដិសេធ​ផ្ដល់​ការអធិប្បាយ កាលពី​ម្សិលមិញ ដោយបាន​មាន​ប្រសាសន៍ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ។

កាលពី​ល្ងាចថ្ងៃពុធ ក្រុម​អ្នកភូមិ​និង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន ដែល​ឃ្លាំ​មើល​អំពី​បញ្ហានេះ​បាន​និយាយថា អ្នកភូមិ​ពីរ​នាក់​ ដែល​ម្នាក់​ឈ្មោះ​គ្រុយ លីណា និង​ម្នាក់​ទៀត​ឈ្មោះ​កែវ គង់​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ ៧ មករា ចាប់​ខ្លួន ខណៈ​ពួកគាត់​ កំពុង​កត់​ឈ្មោះ​អ្នកភូមិ ដើម្បី​ស្នើសុំ​ស្បៀង​ពីស្ថានទូត​អាមេរិក ប៉ុន្តែ​រហូតមកទល់​ពេលនេះ គេនៅ​មិនទាន់​ដឹងថា អ្នកទាំង​ពីរ​ត្រូវបាន​គេដោះលែង ឬ​បញ្ជូន​ទៅ​ទីណា​នោះ​ទេ។

លោក​អំ សំអាត ប្រធាន​គ្រប់​គ្រង​​បចេ្ចក​ទេស​ អង្គការ​លីកា​ដូ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ​ថា​៖«យើង​កំពុង​ស៊ើប​សួរ​ពីព័​ត៌មាន​របស់​ពួក​គេ»។ លោក​ប្រាជ្ញ សោភ័​ណ្ណា នាយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​​វាលវង់​ បាន​និយាយ​ថា​ លោក​​មិន​បាន​ដឹង​ពី​ព័ត៌​មាន​នេះ​ទេ​។ ​ចំណែក​ឯ លោក​យិន សាន អធិការ​នគរ​បាល​ខណ្ឌ ៧ មករា​​ បាន​បដិសេធ​ផ្ដល់​ការ​អធិប្បាយ​ ដោយ​លោក​មាន​ប្រសា​សន៍​ថា​ លោក​ជាប់​រវល់៕

No comments: