![]() |
| កុមារា លួស លីហួរ អាយុ ៨ ឆ្នាំ កូនអ្នកស្រី យ៉ោម បុប្ជា នៅមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ។ រូបថត គីមឡុង |
Wednesday, 12 September 2012
ផាក់ ស៊ាងលី
The Phnom Penh Post
ភ្នំពេញៈ ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា បានយកញតិ្តទៅដាក់នៅក្រសួងយុត្តិធម៌រួចហើយកាលពីព្រឹកថ្ងៃ អង្គារម្សិលមិញ ដើម្បីស្នើសុំឲ្យក្រសួងនេះ ជួយអន្តរាគមន៍ ដោះលែងស្ត្រីពីរនាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។ ការដាក់ញត្តិនេះ គឺជាការព្យាយាមជាថ្មីទៀត បន្ទាប់ពីបរាជ័យកាលពីថ្ងៃចន្ទ ដោយសារសមត្ថកិច្ច បានរារាំង។
ប្រជាពលរដ្ឋ ប្រមាណជាង ៦០ នាក់ ដែលមួយចំនួនជាកូនក្មេងតូចៗ បាននាំគ្នាស្រែកក្រោមក្រសែភ្នែក ភ្ញៀវទេសចរ ដែលទៅទស្សនាព្រះបរមរាជវាំងថា«យើងខ្ញុំត្រូវការយុត្តិធម៌។ សូមដោះលែងអ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រីយ៉ោម បុប្ផា។ អ្នកទាំងពីរ គ្មានកំហុសទេ»។
«ដោះលែងម៉ែខ្ញុំវិញមក។ អយុត្តិធម៌ណាស់»។ នេះជាសំឡេងស្រែករបស់កុមារា លួស លីហួរ អាយុ ៨ ឆ្នាំ ដែលត្រូវជាកូនរបស់អ្នកស្រីយ៉ោម បុប្ផា។ កុមារារូបនេះ បានអង្គុយមុខគេ ដោយមានក្រមា ដាក់ពាក់ឆៀង និងរូបថតម្តាយរបស់គេ ជាមួយនឹងពាក្យស្លោក«ផ្តល់យុត្តិធម៌» ហើយបាននិយាយថា ខ្លួននឹកម្តាយខ្លាំងណាស់និងអង្វរករ សូមតុលាការដោះលែងឲ្យបានឆាប់។
























