កុមារា លួស លីហួរ អាយុ ៨ ឆ្នាំ កូនអ្នកស្រី យ៉ោម បុប្ជា នៅមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ។ រូបថត គីមឡុង |
Wednesday, 12 September 2012
ផាក់ ស៊ាងលី
The Phnom Penh Post
ភ្នំពេញៈ ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា បានយកញតិ្តទៅដាក់នៅក្រសួងយុត្តិធម៌រួចហើយកាលពីព្រឹកថ្ងៃ អង្គារម្សិលមិញ ដើម្បីស្នើសុំឲ្យក្រសួងនេះ ជួយអន្តរាគមន៍ ដោះលែងស្ត្រីពីរនាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។ ការដាក់ញត្តិនេះ គឺជាការព្យាយាមជាថ្មីទៀត បន្ទាប់ពីបរាជ័យកាលពីថ្ងៃចន្ទ ដោយសារសមត្ថកិច្ច បានរារាំង។
ប្រជាពលរដ្ឋ ប្រមាណជាង ៦០ នាក់ ដែលមួយចំនួនជាកូនក្មេងតូចៗ បាននាំគ្នាស្រែកក្រោមក្រសែភ្នែក ភ្ញៀវទេសចរ ដែលទៅទស្សនាព្រះបរមរាជវាំងថា«យើងខ្ញុំត្រូវការយុត្តិធម៌។ សូមដោះលែងអ្នកស្រី ទឹម សាក់មុន្នី និងអ្នកស្រីយ៉ោម បុប្ផា។ អ្នកទាំងពីរ គ្មានកំហុសទេ»។
«ដោះលែងម៉ែខ្ញុំវិញមក។ អយុត្តិធម៌ណាស់»។ នេះជាសំឡេងស្រែករបស់កុមារា លួស លីហួរ អាយុ ៨ ឆ្នាំ ដែលត្រូវជាកូនរបស់អ្នកស្រីយ៉ោម បុប្ផា។ កុមារារូបនេះ បានអង្គុយមុខគេ ដោយមានក្រមា ដាក់ពាក់ឆៀង និងរូបថតម្តាយរបស់គេ ជាមួយនឹងពាក្យស្លោក«ផ្តល់យុត្តិធម៌» ហើយបាននិយាយថា ខ្លួននឹកម្តាយខ្លាំងណាស់និងអង្វរករ សូមតុលាការដោះលែងឲ្យបានឆាប់។
លីហួរបាននិយាយដោយស្រក់ទឹកភ្នែកថា៖«ខ្ញុំមិនបានទៅរៀនទេ តាំងពីគេចាប់ម៉ែខ្ញុំមក។ ខ្ញុំនឹកម៉ែខ្លាំងណាស់ ព្រោះខ្ញុំ មិនដែលបែកពីគាត់ដូចពេលនេះទេ។ អត់ពីម៉ែខ្ញុំ គ្មានភាពកក់ក្តៅទេ។ ខ្ញុំយល់សប្តិឃើញម៉ែ។ ខ្ញុំសង្ឃឹមថា ក្រសួងយុត្តិធម៌ និងជួយដោះស្រាយ»។
នៅក្នុងពេលនោះ តំណាងរបស់សហគមន៍ពីររូប ត្រូវបានអនុញ្ញាតឲ្យចូលទៅដាក់ញត្តិពីរដាច់ដោយឡែកពីគ្នា នៅក្នុងក្រសួងយុត្តិធម៌។
អ្នកស្រី ហេង មុំ អាយុ ៤២ ឆ្នាំ តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ បាននិយាយបន្ទាប់ពីចូលទៅដាក់ញត្តិថា មន្ត្រីក្រសួងយុត្តិធម៌ម្នាក់ ដែលបដិសេធសុំមិនប្រាប់ឈ្មោះ បានទទួលយកញត្តិរបស់ពួកគាត់ ប៉ុន្តែបានប្រាប់ថា ក្រួសួង គ្មានសិទ្ធិសម្រេចឲ្យតុលាការដោះលេងឬមិនដោះលែងអ្នកទាំងពីរនោះ ទេ។ អ្នកស្រីហេង មុំបញ្ជាក់ថា៖«បើក្រសួងស្រឡាញ់ភាពយុត្តិធម៌ ស្រឡាញ់ប្រជាពលរដ្ឋចង់ឲ្យសង្គមមានភាពយត្តិធម៌ និងរុងរឿងទៅថ្ងៃមុខ ក្រសួងនឹងរកយុត្តិធម៌ ជូនអ្នកស្រីយ៉ោម បុប្ផា និងទឹម សាក់មុន្នី។ ពួកគាត់ជាសកម្មជនការពារដីធ្លីមិនបានធ្វើអ្វីខុសទេ»។
អ្នកស្រីឆាយ គឹមហ៊ន អាយុ ៣៤ ឆ្នាំតំណាងពលរដ្ឋនៅបុរីកីឡា ក៏បានឲ្យដឹងបន្ទាប់ពីចូលទៅដាក់ញត្តិថា គាត់បានស្នើឲ្យមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ដោះលែងស្ដ្រីជាប់ឃុំទាំងពីរនាក់។ អ្នកស្រីបន្តថា៖«យើងទាំងអស់គ្នា នឹងបន្តធ្វើការតវ៉ា និងដាក់ញត្តិផ្សេងទៀត ទៅស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងស្ថានទូតនានាជាដើម រហូតដល់មានការដោះលែងសកម្មជនទាំងពីរនាក់នោះចេញពីគុកព្រៃស»។
ញត្តិរបស់ប្រជាពលរដ្ឋនៅបុរីកីឡា បានសរសេរថា«ការចាប់ខ្លួនអ្នកស្រីទឹម សាក់មុន្នីគឺជាការគំរាមកំហែងនិងបំភិតបំភ័យសហគមន៍បុរីកីឡា ឲ្យឈប់តវ៉ាទាមទារផ្ទះសម្បែងតទៅទៀត»។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រសួងបានទទួលយកញត្តិរបស់ប្រជាពលរដ្ឋ ហើយបាននិងកំពុងរៀបចំដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យពិចារណា។ ប៉ុន្តែលោក បញ្ជាក់ថា៖«វាជាសិទ្ធិអំណាចរបស់តុលាការ។ ក្រសួងគ្មានសិទ្ធិអំណាចអី ទៅបង្គាប់បញ្ជាឲ្យតុលាការធ្វើអ៊ីចេះ អ៊ីចុះ បានទេ»
1 comment:
Oh! poor baby, you should be in school, instead of on the street.
Post a Comment